ភ្នំពេញៈ នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ផ្លាស់ប្តូរ​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ ខណៈ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​គំរាម​កំហែង​ដល់​មនុស្សជាតិ​។

លោក​ថ្លែងថា​៖ «​ការគំរាម​កំហែង​ដែល​កើតមាន​ចំពោះ​មនុស្សជាតិ គឺ​ភាព​ងាយ​រងគ្រោះ​របស់​យើង ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។ យើង​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​នាពេល​នេះ ដោយ​មិនអាច​រង់ចាំ​ថ្ងៃស្អែក​បាន​នោះទេ​»​។

ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នា​ថ្ងៃទី ​២៣ ខែ​កញ្ញា លោក ហ៊ុន សែន លើកឡើង​ថា អស់​រយៈពេល​ ៥០ ​ឆ្នាំ​មកហើយ ចាប់​តាំងពី​រដ្ឋាភិបាល​ត្រូវ​បាន​ទទួល​ការព្រមាន​អំពី​ការផ្លាស់ប្តូរ​ទម្រង់​ផលិតកម្ម និង​ការប្រើប្រាស់ ដើម្បី​ចៀសវាង​គ្រោះមហន្តរាយ​នេះ​។ ប៉ុន្តែ​ជា​អកុសល ចាប់​តាំងពី​ពេលនោះ​មក ឃើញ​តែ​ការបាត់បង់​ជីវចម្រុះ​កាន់តែ​ច្រើន ការរេចរឹល​ដី​កាន់តែ​ច្រើន និង​ការខ្វះខាត​ទឹកសាប​កាន់តែ​កើនឡើង​។

លោក​ថ្លែងថា​៖ «​សកម្មភាព​រួម​របស់​យើង​ត្រូវតែ​ផ្តោតលើ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល ក្នុង​ការបញ្ចៀស​ផលប៉ះពាល់​ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ដែល​មាន​ភាព​ធន់​នឹង​អាកាសធាតុ ។ ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការទាញ​សីតុណ្ហភាព​ពិភពលោក​ឱ្យ​ថយ​ ១,៥ អង្សាសេ ទាមទារ​ការផ្តល់​ហិរញ្ញប្បទាន និង​ការផ្ទេរ​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដល់​ការផ្លាស់ប្តូរ​ប្រកប​ដោយ​អត្ថន័យ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចៀស និង​សម្រប​ខ្លួន​»​។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អនុវត្ត​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅក្នុង​សន្និសីទ​កំពូល​លើក​ទី ២៦ ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) នៅក្នុង​ទីក្រុង Glasgow នៃ​ចក្រភព​អង់គ្លេស ដោយ​យកចិត្តទុកដាក់​ជាបន្ទាន់ និង​ឈរលើ​គោលការណ៍​រួម ប៉ុន្តែ​បែងចែក​ការទទួល​ខុសត្រូវ និង​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។

លោក​ក៏បាន​លើកឡើង​អំពី​ការគំរាម​កំហែង​បែងចែក​ប៉ូល​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​កើតចេញពី​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក​ និង​ចិន ដែល​ប្រាកដ​ណាស់​នឹង​ធ្វើឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​សកល​។

ដើម្បី​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ទៅមុខ​នៃ​ដំណើរការ​សង្គម សេដ្ឋកិច្ច និង​នយោបាយ លោក​អំពាវនាវ​ឱ្យមាន​ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផ្អែកលើ​វិធាន​ច្បាប់ ដោយ​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​អង្គការ​ស្នូល ដែល​អាច​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​បើកចំហ កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម និង​ធានា​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង​លើ​គោលនយោបាយ​ឌីជីថល ប្រកប​ដោយ​បរិយាប័ន្ន និង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​អំណោយផល ដែល​នាំទៅរក​ការវិនិយោគ​កាន់តែ​ច្រើន​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ព្រោះ​វា​មាន​សារៈសំខាន់​ សម្រាប់​តភ្ជាប់​គម្លាត​ឌីជីថល ដែល​កំពុង​កើនឡើង និង​បង្កើត​ប្រភព​នៃ​កំណើន​ថ្មី​។

លោក​ថ្លែងថា​៖ «​ការលើក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ការជំរុញ​អន្តរកាល​ថាមពល និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​។

ពាក់ព័ន្ធ​ក្របខ័ណ្ឌ​អាស៊ាន លោក ហ៊ុន សែន ថ្លែងថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ អាស៊ាន​អាច​មាន​លទ្ធភាព​ធ្វើដំណើរ​ឆ្លងកាត់​សភាពការណ៍​ភូមិសាស្ត្រ​នយោបាយ ដែល​មាន​ការផ្លាស់ប្តូរ​ឥតឈប់ឈរ ក្លាយ​ជា​អង្គការ​តំបន់​ដ៏លេចធ្លោ និង​ជោគជ័យ​បំផុត ខណៈ​ដែល​មាន​ការបោះជំហាន​យ៉ាងខ្លាំង ក្នុង​ការជំរុញ​ភាពជឿ​ទុកចិត្ត​បាន និង​ភាព​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​ពិភពលោក​។

ក្រៅពីនេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​វិបត្តិ​មីយ៉ាន់ម៉ា​, សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយក្រែន​, និង​ទម្រង់​ថ្មីៗ​នៃ​វីរុស​កូវីដ​ ១៩​ បំប្លែង​ខ្លួន និង​ជំងឺឆ្លង​ផ្សេងៗ​កំពុងតែ​លេច​ឡើងជា​បន្តបន្ទាប់​។ លោក​បាន​ថ្លែង​អំពី​ជោគជ័យ​របស់​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដោយ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស មាន​អត្រា​ប្រជាជន​ទទួល​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ខ្ពស់​ជាងគេ​ក្នុង​កម្រិត​សកល ដែល​អាច​បើក​ប្រទេស​បាន​ពេញលេញ​ឡើងវិញ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ អំពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ខែ​មិថុនា ដែល​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​កម្ពុជា ចំពោះ​កិច្ចដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។

លោក​ក៏បាន​លើកឡើង​ពី​ជោគជ័យ​នៃ​សាលាក្តី​ខ្មែរក្រហម ដោយ​ការពិត​មួយ​ត្រូវបាន​រកឃើញ ហើយ​យុត្តិធម៌​ត្រូវ​បាន​ការពារ​។

ចំណែក​បេសកកម្ម​រក្សា​សន្តិភាព​ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រាប់ពាន់នាក់​ទៅ​បណ្តា​ប្រទេស​កំពុង​ជួប​វិបត្តិ​៕