លោក​វេជ្ជ​បណ្ឌិត ឈឹម សុធារ៉ា នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្ប​ធម៌ (TPO)លើក​ឡើង​ថា ការ​ដែល​លោក​សម្រេច​ចិត្ត​ ចុះធ្វើ​ការ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​ នៅ​ក្នុង​សហ​គមន៍​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​មក​នេះ ​ក៏ព្រោះ​តែការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ មិន​អាច​ផាត់​អ្នក​ជំងឺ​ចេញ​ពីក្រុម​គ្រួ​សារ និង​សហគមន៍​បាន​ទេ​។

​ការ​ចុះទៅ​ធ្វើការ​នៅ​​តាម​សហ​គមន៍​ក្នុង​រយៈ​ពេល​នេះ​ក៏ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យលោក​ទទួល​បាន​«ពាន​រង្វាន់​ណូបែល​អាស៊ី»​នាពេល​ថ្មីៗ​នេះ​ផង​ដែរ​។

មូល​និធិ Raymon Magsaysay កាលពី​ចុង​ខែសីហា បាន​ប្រកាស​ផ្ដល់​ពាន​រង្វាន់​ Raymon Magsaysay ដែល​ជា​«ពាន​រង្វាន់​ណូបែល​អាស៊ី»​ លើក​ទី​៦៤ ឆ្នាំ​២០២២ ដល់​លោក​វេជ្ជ​បណ្ឌិត ឈឹម សុធារ៉ា​ដែល​បាន​ប្រឹង​ប្រែង​ផ្តល់​សេវា​ឱ្យ​ប្រជា​ជន​នៅ​កម្ពុជា​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​នៅ​ក្នុង​សហគ​មន៍​។

ការទ​ទួល​បាន​ពា​នរង្វាន់​នេះ​ធ្វើ​ឱ្យ​លោកសុធារ៉ា ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ព្រោះលោក​មិន​ដែល​នឹក​ស្មាន​ថា​ ត្រូវ​ទទួល​បាន​ពាន​រង្វាន់​បែប​នេះ​ឡើយ​ ហើយ​លោក​ក៏មិន​បាន​ដឹង​មុន​ដែរ​។

នៅ​មុន​ទទួល​បាន​ពាន​នេះ​ លោក​ក៏ធ្លាប់​ទទួល​បាន​ពាន​រង្វាន់២​ផ្សេង​ទៀត​ដែរ​ តែបាន​ដឹង​ជាមុន​នៅពេល​ជ្រើស​រើស​អ្នក​ទទួល​ពាន​រង្វាន់​នេះ​ព្រោះវា​ប្រៀបដូច​ជាការ​ដាក់​ពាក្យ​ចូល​រួម​ប្រឡង​ដែរ​។

លោក​បញ្ជាក់​ថា៖​ «យើង​អត់​ដឹង​ខ្លួន​អី​ទាំង​អស់អត់​ដឹង​ថា​ នរណាម​ក Nominate ​ហើយ​គេយក​ព័ត៌មាន​យើង​ពីអ្នក​ណា ?​ យើង​អត់​បាន​ដឹង​អីទាំង​អស់ ស្រាប់​តែដល់​ថ្ងៃ គេ​ប្រកាសថា​ យើង​បាន​ពាន​រង្វាន់​។ ដល់​អ៊ីចឹង​ វា​ធ្វើឱ្យ​ខ្ញុំភ្ញាក់​ផ្អើល។ ខ្ញុំអត់​ចង់​ជឿខ្លួន​ឯង​ គិត​ថា​ អាហ្នឹង​វាប្រហែល​បោក​ប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​អីមិន​ដឹង ហើយ​គេហាម​មិន​ឱ្យ​និយាយ​ប្រាប់​អ្នក​ណាទៀត​ រឹត​តែធ្វើ​ឱ្យ​សង្ស័យ​»។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យលោក​ជឿថា​ ពាន​រង្វាន់​នេះ​ ពិតជា​ត្រូវ​ប្រគល់​ឱ្យលោក​មែន​នោះ ​បន្ទាប់​ពីមូល​និធិ​នេះ​បាន​បង្ហាញ​ភ័ស្តុតាង​ ដែល​មាន​ការ​តាម​ដាន​ការ​ងារ​​របស់​លោក​រយៈ​ពេល​២​ឆ្នំា តាម​រយៈ​ការ​សម្ភាស​លោក ​ការសម្ភាស​បុគ្គលិក ​និង​ការ​សម្ភាស​មនុស្ស​ផ្សេងៗ​ទៀត​ នៅ​រាជ​ធានី​ភ្នំពេញ​អំពី​អ្វី​ដែល​មូល​និធិ​បាន​ស្គាល់​លោក ក៏ដូច​ជាអង្គការ​ TPO ដែរ។​

អ្វីដែល​ធ្វើ​ឱ្យលោក​ទទួល​បាន​ពាន​រង្វា​ន់​នេះ​គឺការ​ផ្តល់​សេវា​ឱ្យប្រជាជន​នៅ​កម្ពុ​ជា​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​រយៈ​ពេល​ជិត​៣០​ឆ្នាំនៅ​ក្នុង​សហ​គមន៍​។

ការ​ដែល​លោក​ជ្រើស​រើស​ធ្វើការ​នៅ​ក្នុង​សហគមន៍​ពីព្រោះ​សុខ​ភាព​ផ្លូវ​ចិត្ត​មិន​អាច​ផាត់​អ្នក​ជំងឺ​ចេញ​ពីក្រុម​គ្រួសារ​ និង​សហ​គមន៍​បាន​ទេ ខណៈ​លោក​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​ដែល​រៀន​បាន​ខ្ពង់​ខ្ពស់​តាម​ធម្មតា​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង ឬក្នុង​មន្ទីរ​ពេទ្យ ប៉ុន្តែ​លោក​បែរ​ជា​មក​ធ្វើការ​នៅ​ក្នុង​សហគមន៍​ទៅ​វិញ​។

លោក​វេជ្ជ​បណ្ឌិត​ឈឹម សុធារ៉ា​បញ្ជា​ក់​ថា៖ «អ៊ី​ចឹង​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង​ឱ្យ​ជាសះ​ស្បើយ​ទាល់​តែមាន​ការ​ចូល​រួមពី​ក្រុម​គ្រួសារ​និង​សហ​គមន៍​។ អ៊ីចឹង​ការ​ដែល​ខ្ញុំសម្រេច​ទៅសហគម​ន៍​ជាមួយ​អង្គការ​ (TPO) ហ្នឹង​គឺជា​ចំណុច​សំខាន់​មួយ​ដែល​គេ​ឱ្យតម្លៃ​ខ្ពស់​»។

ការ​ងារ​មួយ​ទៀត ​ដែល​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​ដែរ​នោះ ​គឺទាក់​ទង​នឹង​សាលាក្តី​ខ្មែរ​ក្រហម ពីព្រោះ​មូល​និធិ​នេះ​ ឱ្យ​តម្លៃ​ដល់​លោក​ដោយ​សារ​លោក​ គឺជា​ជន​រង​គ្រោះ​ដែល​ជាកុមារ​កង​ចល័ត​ក្នុង​របប​ខ្មែរ​ក្រហម​។

ក្រោយ​របប​ខ្មែរ​ក្រហម ​លោក​បាន​ទទួល​ការ​សិក្សា​រហូត​ដល់​បាន​ក្លាយ​ជាវេជ្ជ​បណ្ឌិត ហើយ​ត្រឡប់​ទៅជួយជ​នរង​គ្រោះ​វិញ​។

ការ​ងារ​មួយ​ទៀត ​ដែល​ធ្វើឱ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​នេះ​គឺ​លោក​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើជំងឺ​បាក់​ស្បាត​ហើយ​បាន​យក​ចំណេះ​ដឹង​ ពី​លោក​ខាង​លិច ​មក​កែ​សម្រួល​ឱ្យ​សម​ស្រប​ទៅនឹង​វប្បធម៌​របស់​ខ្មែរ ដែល​ធ្វើ​ឱ្យមូល​និធិ​នេះ​ ផ្តល់​តម្លៃ​ខ្ពស់​លើការ​ងារ​នេះ​។

លោ​ក​បន្ថែម​ថា​៖ «ចំណុច​មួយ​ទៀត​ ខ្ញុំ​​សង្កេត​ឃើញ​គឺគេ​ថា ខ្ញុំរៀន​បាន​ខ្ពង់​ខ្ពស់ អ្នក​ខ្លះ​គេអាច​រត់​ទៅ​ធ្វើការ​នៅ​ស្រុក​ក្រៅ​ បាន​ប្រាក់​ខែច្រើន រស់​នៅ​ជីវភាព​អីសមរម្យ​ល្អជាង​អ៊ីចឹ​ង ប៉ុន្តែ​ខ្ញុំបាន​មកធ្វើ​ការ​នៅ​កម្ពុ​ជា​វិញ។ អ៊ីចឹង ចំណុច​ទាំង​អស់ហ្នឹង​ហើយ ​ដែល​គេគិត​ថា ខ្ញុំមាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​ពាន​ហ្នឹង​»។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន បញ្ហាជំ​ងឺផ្លូ​វចិត្ត​កើន​ឡើង​ស្ទើរ​តែ​គ្រប់​ប្រទេស​។ ប្រទេស​កម្ពុជា​មាន​បញ្ហាជំងឺ​ផ្លូវ​ចិត្ត​ច្រើន​កន្លង​មក​រួច​ទៅ​ហើយ ខណៈសេ​វាផ្លូវ​ចិត្ត ​មិន​ទាន់គ្រប់​គ្រាន់​នៅ​ឡើយ​។

លោក​ថា​៖ «ដូច្នេះ ​បញ្ហាផ្លូ​វចិត្ត​ហ្នឹង​វាអត់​ទាន់​បាត់​ទៅ​ណាទេ​ វានៅតែ​មាន ហើយ​វាមាន​ថែម​ទាំង​កើន​ឡើង​ទៀត​ផង។ ចំណុច​មួយ​ទៀត​គឺយើង​ដឹង​ហើយថ្មី​ៗ​នេះ គឺបញ្ហា​កូវីដ​ គឺគ្រប់​ប្រទេស​ទាំង​អស់ ​ដែល​​អ្នក​ណាក៏ឆ្លង​កូវីដ​ ហើយ​អ្នក​ណា​ក៏មាន​ប៉ះពាល់​បញ្ហាផ្លូវ​ចិ​ត្ត​ដែរ​»។

លោក​វេជ្ជ​បណ្ឌិត​ឈឹម ​សុធារ៉ា​បញ្ជាក់​ទៀត​ថា ​កា​រ​យល់​ដឹង​របស់​ប្រជា​ជន​ទាក់​ទង​នឹង​ផ្លូវ​ចិត្ត​នៅទាប​នៅឡើយ​ប៉ុន្តែ​បើប្រៀប​ធៀប​កាល​ដែល​លោក​ចាប់ផ្តើម​ធ្វើកា​រ​ដំបូង​ កាល​ពីជាង​២០​ឆ្នាំមុ​ន ជាមួយ​ពេល​បច្ចុប្បន្ន​នេះ​ ប្រជាជន​មាន​ការ​ចេះ​ដឹង​ច្រើន​ទាក់ទង​នឹង​ផ្លូវ​ចិត្ត។​

ពួកគាត់​មិន​ខ្លាច​នឹង​ការ​និយា​យ​ថា ពួក​គាត់​មាន​បញ្ហាផ្លូវ​ចិត្ត ហើយ​ស្វែង​រក​សេវា​ផ្លូវ​ចិត្ត​ ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​ ដែល​មាន​ការ​យល់​ដឹង​ពី​បញ្ហា​ផ្លូវ​ចិត្ត ហើយ​ថែម​ទាំង​ជួយ​ឪ​ពុក​ម្តាយ​ឱ្យ​ស្វែងរក​ការព្យា​បាល​ផ្លូវ​ចិត្ត​ទៀត​ផង​។

លោក​ផ្តាំផ្ញើ​ដល់​ប្រជា​ជន​ថា​ មិន​ត្រូវ​ខ្លាច​ក្នុង​ការ​ប្រាប់​ថា ខ្លួន​ឯង​មាន​ជំងឺ​ផ្លូ​វ​ចិត្ត​នោះទេ​ និង​ស្វែង​រក​ការ​ព្យាបាល​ ពីព្រោះ​ក្នុង​មួយ​ជីវិត​រស់​នៅ​គឺតែង​តែ​រង​នូវ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​។ ការ​លាក់​លៀម​អំពី​បញ្ហា​ផ្លូវ​ចិត្ត​នឹង​កាន់​តែធ្វើ​ឱ្យ​ពិបាក ដែល​មិន​អាច​រក​ការ​ជួយ​បាន​ទាន់​ពេល​វេលា​ ហើយ​នឹង​ធ្វើឱ្យ​បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែធ្ងន់​ធ្ងរ​។

អង្គ​ការ​ TPO បាន​ផ្តល់​សេវា​ទាក់​ទង​ផ្លូវ​ចិត្ត​ដល់​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់ក្នុង​១​ឆ្នាំ។ ដូច្នេះ​ ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំមក​នេះ​ គិត​ត្រឹម​ឆ្នាំ២​០១៧ អង្គការ​នេះ បាន​ជួយ​ផ្តល់​សេវា​ផ្លូវ​ចិត្ត​ដល់​មនុស្ស​ចំនួ​ន​ជាង​២០​ម៉ឺន​នាក់ ដែល​រួម​មាន​អ្នក​ជំងឺ អ្នក​ដែល​ចូល​រួម​បណ្តុះ​បណ្តាល អ្នក​ដែល​ចូលរៀន​សូត្រ​ អ្នក​ចូល​ទទួល​ការ​ប្រឹក្សា អ្នក​ដែល​ចូល​រួម​​ក្នុង​ក្រុម​ជួយ​ខ្លួន​ឯង និង​អ្នក​ដែល​ព្យាបា​ល។

តាំង​ពីដើម​មក លោក​សុធារ៉ា មិន​ដែល​ចង់​ក្លាយ​ជាគ្រូ​ពេ​ទ្យទេ។​ លោក​ចង់​ក្លាយ​ជាស្ថា​បត្យករ​ដោយ​ស្រមៃចង់​សាង​សង់​អគារ​ខ្ពស់ៗ​នៅ​ទីក្រុង​ភ្នំពេញ ដូច​នៅទីក្រុ​ង​ញូវ​យ៉ក សហ​រដ្ឋអាមេរិ​ក​ ឬទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន។

ប៉ុន្តែ​សម័យ​ខ្មែរ​ក្រហម​បាន​ផ្លាស់​ប្តូរ​ក្តីស្រម័យ​របស់​លោក​។ លោកប​ញ្ជាក់​ថា ប​ន្ទាប់​ពីច​ប់សម័យ​ខ្មែរ​ក្រហម គ្រូពេទ្យមា​នចំនួន​តែប្រ​មាណ​៤០​នាក់​ប៉ុណ្ណោះដែ​លនៅ​មាន​ជីវិ​ត ​ហើយ​ក៏ឈឺ​ចាប់ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ដូច​ប្រជាជន​ទូទៅ​ដែរ​។

នៅពេលនោះ​ ដោយ​មើល​ឃើញ​ថា ពេល​ឈឺ ​មិន​មាន​សេ​វា​ពេទ្យ​ល្អត្រឹម​ត្រូវ​ អាច​ជួយ​ព្យាបាល​ជំងឺ​បាន ​ម្តាយ​របស់​លោក ក៏ឱ្យ​លោក​ត្រូវ​តែរៀន​ពេទ្យ ​ព្រោះយ៉ាង​ហោច​ណាស់​ ក៏បាន​ជួយ​ព្យាបាល​សមាជិក​គ្រួសារ​ដែរ។

លោក​វេជ្ជ​បណ្ឌិត​ សុធា​រ៉ាដែល​កំព្រា​ឪពុក​តាំង​ពីនៅវ័យ​កុមារ​ នៅ​មុន​សម័យ​ខ្មែរ​ក្រហម​បញ្ជាក់​ថា​៖«​នៅ​ពេល​ដែល​អត់​មាន​សមាជិក​ក្នុង​គ្រួសា​រ​ជា​ពេទ្យ ពេល​ឈឺអីគឺ​យើង​មាន​ការ​ពិបាក​»។

លោក​​ឈឹម សុធារ៉ា​បាន​សិក្សា​ខាង​ផ្នែក​វិជ្ជសាស្ត្រ​នៅ​សាក​លវិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល​ពីឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៩២។

ក្នុង​ឆ្នាំ​១៩៩២-១៩៩៣ លោកធ្វើ​ការ​ជាអ្នក​បក​ប្រែផ្នែក​គិលាន​ដ្ឋាន​ ឱ្យ​អ៊ុន​តាក់​ផង​ និង​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺផ​ងនៅ​ខេត្ត​ព្រះវិ​ហារ​ ​ជាពេល​ដែល​លោក​ជួប​អ្នក​ជំងឺ​ច្រើន​គួរ​សម ​ដែល​ទាក់ទង​នឹង​ផ្លូវ​ចិត្ត​តែមិន​ដឹង​ថា​ ត្រូវ​ព្យាបាល​បែប​ណា។

ដល់ឆ្នាំ​១៩៩៣-១៩៩៤ លោក​ធ្វើការ​នៅមន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ឆ្នាំង​ជាគ្រូពេ​ទ្យវះ​កាត់​ ដែល​នៅពេល​នោះលោក​បាន​ជួប​ស្ត្រីដែល​ឆ្លង​ទន្លេ ហើ​យ​ប្រែក្លា​យ​ទៅ​ជាវិកល​ចរិត និង​ជួប​មនុស្សមួយ​ចំនួន​ដែល​ត្រូវ​បាន​ដឹក​មក​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​ការ​សម្លាប់​ខ្លួន​។

ទាំង​នេះ​ធ្វើឱ្យ​លោក​ឆ្ងល់​ថា ហេតុ​អ្វីបាន​មនុស្ស​មាន​ស្ថាន​ភាព​បែប​នេះ ហើយ​ហេតុ​អ្វីបាន​ជា​មនុស្ស​មាន​ជំងឺបែ​បនេះ​។

តើនេះ​គឺជា​ជំងឺ ឬក៏​ជាអ្វី?​ ដូច្នេះ​ ទើប​ក្នុង​ឆ្នាំ​១៩៩៤ លោក​បាន​ចូល​រៀនឯក​ទេស​ផ្លូវ​ចិត្ត​រហូត​ដល់​ឆ្នាំ​១៩៩៨។

បន្ទាប់​មក​ទៀត​ លោក​បាន​បន្តការ​សិក្សា​នៅប្រទេស​អូស្ត្រាលី​ក្នុង​ថ្នាក់​អនុ​បណ្ឌិត​នៅ​សាកល​វិទ្យា​ល័យ​ New South Wales នៅ​ទីក្រុង​ Sydney រយៈពេល​១ឆ្នាំ​កន្លះ។​ លោក​បាន​ត្រឡប់​មក​កម្ពុជា​និង​បាន​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ ពីឆ្នាំ២​០០០ដល់​ឆ្នាំ​២០០២។

ក្នុង​អំឡុង​ពេល​ធ្វើការ​នៅមន្ទីរ​ពេទ្យ​នេះ លោក​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​នៅតាម​បណ្តាខេ​ត្ត ហើយ​នៅ​ពេល​នោះ​ ស្ត្រីម្នាក់​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល ​ក្នុង​ខេត្ត​មួយ ដែល​ធ្លាប់​ទទួល​ការ​ព្យាបាល​ពីលោក​នៅមន្ទី​រ​ពេទ្យ​ បាន​មក​ជួប​លោក​។

លោក​សួរ​ស្ត្រីរូប​នោះ​ថា តើធ្វើ​ដំណើរ​នៅ​ម៉ោងប៉ុន្មា​ន ដើម្បី​ទៅបើក​ថ្នាំនៅ​មន្ទីរ​ពេទ្យ​នាពេ​ល​ព្រឹក។​ ស្រ្តីរូប​នោះ​ឆ្លើយ​ថា គឺធ្វើ​ដំណើរ​តាំងពី​ម៉ោង​២​យប់​។

លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា៖ «អ៊ីចឹ​ង​ខ្ញុំមាន​អារម្មណ៍​ថា ដូច​ជា​អាណិត​គាត់ ព្រោះ​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ណាស់​តាំង​ពីម៉ោង២​យប់​ទៅដល់​នោះម៉ោង​៧ព្រឹក​ ដើម្បី​ចូល​មើលហើយ​នៅពេល​នោះគឺ​មាន ​Doctor តិច។ អ៊ីចឹង​ចំណាយ​ពេល១​ព្រឹក​ទម្រាំបា​ន​ថ្នាំ ហើយ​ត្រឡប់មក​ផ្ទះវិញ ​គឺពិបាក​មែន​ទែន​។ អ៊ី​ចឹង​ហើយ​​ដែល​ធ្វើឱ្យខ្ញុំ​ផ្លាស់​ប្តូរកា​រគិត​។ ខ្ញុំគិត​ថា ការព្យាបាល​ផ្លូវ​ចិត្ត​គឺត្រូវ​តែធ្វើនៅ​ក្នុង​សហ​គមន៍ ត្រូវ​តែមាន​សេវា​ដល់​ប្រជាជន​ក្នុង​សហគ​មន៍»។

នៅពេល​អង្គការ TPO ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជានាយក​អង្គការ​នេះ លោក​ ឈឹម សុធារ៉ា​ក៏បាន​ដាក់​ពាក្យប្រឡង​ចូល​ហើយ​ក៏បាន​ប្រឡង​ជាប់​ក្នុង​មុខ​តំណែង​នេះ​។

នៅពេល​បន្ទាប់​មក លោក​ក៏បាន​លាឈប់​ធ្វើការ​ងារ​រដ្ឋ​។ ​លោក​បាន​ធ្វើ​កា​រ​នៅអង្គកា​រ​ TPO នេះ​រហូត​ដល់​ឆ្នាំ២​០០៨ ជាឆ្នាំ​ដែល​លោក​បន្តការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាក​ល​វិទ្យា​ល័យ Monash នៅ​ទីក្រុង Melbour​n​ ប្រទេស​អូស្រ្តាលី​ រយៈ​ពេល​ជាង​៥ឆ្នាំ​រហូតដ​ល់ឆ្នាំ​២០១៤។

នៅ​ទីនោះ ​លោក​មាន​ឱកាស​សិក្សា​ពីជំងឺ​បាក់​ស្បាត​។ លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​បាន​បន្ត​ធ្វើការ​នៅអង្គការ​ TP​O​ ដដែល​ រហូត​មក​ពេល​បច្ចុប្បន្ន​។​

លោក​រៀប​រាប់​ថា លោក​ក៏បាន​ជួប​ការ​លំបាក​ផង​ដែរ​ ក្រោយ​ពីសម័យ​ខ្មែរ​ក្រហម ​ដោយសារ​​ម្តាយ​របស់​លោក​តែម្នាក់​ឯង​ ត្រូវ​ចិញ្ចឹម​កូន​២​នាក់​ គឺរូប​លោក និង​ប្អូន​ប្រុស​លោក ខណៈ​បង​ស្រីរបស់​លោក​បាន​ស្លាប់​នៅក្នុង​សម័យ​ខ្មែរ​ក្រហម​។

លោក​រៀប​រាប់​ថា៖​ «ការ​រស់​នៅពិបាក​ ពីព្រោះម៉ាក់​គាត់​ធ្វើការ​រដ្ឋ ហើយ​អត់​មាន​ចំណូល​ គឺពិបាក​ខ្លាំង អង្ករ​របប​ឱ្យហ្នឹង​ញ៉ាំអត់ដល់​ដាច់​ខែ​គឺត្រូវ​ខ្វះ ហើយ​ពេល​ត្រូវការ​រៀន​សូត្រ​អីគឺខ្វះ​លុយ​សម្រាប់​រៀន អត់​មាន​លុយ​រៀនគួរ​ថែម​ អត់​មាន​ខោអាវ​ស្លៀក​ពាក់​ស្អាត។ ខ្ញុំ​ជឿ​ថា ពេល​ហ្នឹង​វាលំបាក​សឹង​តែគ្រប់​គ្នាហ្នឹង​ គ្រាន់​តែ​ថា ​មាន​អ្នក​ខ្លះគេ​លំបាក​តិច លំបាក​ខ្លាំង។ អ៊ីចឹង នៅ​ពេល​ហ្នឹង​ ខ្ញុំតែង​តែមាន​ក្តីស្រមៃ​ថា​ នឹង​ធ្វើការ​អ្វីមួយ​ឱ្យបាន​ធំដុំ ជាពិសេស​គឺស្រមៃ​ច​ង់ទៅរៀន​នៅប​រទេស​តែម្តង​ ដើម្បី​មាន​ចំណេះ​ដឹង ដើម្បី​ធ្វើការ​ងារ ដើម្បី​ឱ្យបាន​ការងារ​ល្អ​អីជាដើ​ម»​៕