អាជ្ញាធរ​ខេត្ត​មួយចំនួន​សម្រេច​ផ្អាក​ការធ្វើ​ដំណើរ​របស់​យានយន្ដ​ធុន​ធ្ងន់​ ដើម្បី​ការពារ​ផ្លូវជាតិ​ពី​ជំនន់​ទឹកភ្លៀង​។ ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​និ ង​ខេត្ត​កំពង់ធំ​បានចេញ​លិខិត​ផ្សេង​គ្នា​កាលពី​ថ្ងៃទី ​២៦ ​ខែកញ្ញា​ ដោយ​សម្រេច​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ភូមិសាស្ត្រ​ខេត្ត​ទាំង​ ២ ​ចាប់ពី​ថ្ងៃទី​ ២៦ ​ខែកញ្ញា​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​លើក​ឡើង​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​ថា អាជ្ញាធរខេត្ត​នៅក្នុង​ខេត្តព្រះវិហារ​បិទ​ចរាចរណ៍​ទាំង​ស្រុង​ចំពោះ​រថយន្ត​ធុន​ធ្ងន់​ចាប់ពី​កំណាត់​ផ្លូវជាតិ​លេខ ​៩ ពី​គីឡូម៉ែត្រ​លេខ​ ៥៦០ ​ដល់​លេខ​ ៥៦១ ដែល​ស្ថិត​ក្នុង​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​៖ «​ការផ្អាក​ចរាចរណ៍​នេះ​ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​បន្ត​ឡើង​រហូត​ដល់​កម្រិត​ប្រកាសអាសន្ន​ធ្វើឱ្យ​ថ្នល់​ស្ពាន មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ដ​ធុន​ធ្ងន់​បានទេ​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​បាន​ជូនដំណឹង​ពី​ការផ្អាក​ចរាចរណ៍​រថយន្ដ​ធ្ងន់​ចាប់​ពីលើ​កំណាត់​ផ្លូវ​ផ្សេង​គ្នា​ចំនួន​ ៣ ​ខ្សែ រួមមាន​ទី​ ១ ផ្លូវជាតិ​លេខ​ ៦ ពី​គីឡូម៉ែត្រ​លេខ​ ២២០ ​ដល់​ ២២៤ ស្ថិតក្នុង​ភូមិ​ត្រាច ឃុំ​កំពង់ចិន​ជើង នៅ​ទីប្រជុំជន​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ទី​ ២ ​ផ្លូវ​ខេត្ត​លេខ​ ២៦៤D ស្ថិតនៅក្នុង​ឃុំ​បន្ទាយស្ទោង ទី​ ៣ ​ផ្លូវ​ខេត្ត​លេខ​ ២៦៤G ស្ថិតនៅ​ក្នុង​ភូមិ​តាទ្រាល ឃុំ​ប្រឡាយ​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​បាន​ជន់លិច​យ៉ាងខ្លាំង ជា​ហេតុ​បណ្ដាលឱ្យ​​លិចលង់​តាម​បណ្ដា​ផ្លូវ​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​ផ្លូវ​ស្ពាន​មិនអាច​ទ្រ​ទម្ងន់​រថយន្ដ​ធ្ងន់​បានទេ​។ ​ការផ្អាក​ចរាចរណ៍​នេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ និង​ទប់ស្កាត់​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​»​។

ការព្យាករណ៍​ស្ថានភាព​អាកាសធាតុ​ខាង​មុខនេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២២ ឥទ្ធិពល​ព្យុះ​ទី​ ១៦ ឈ្មោះ ណូរុ (NORU) នឹង​ធ្វើ​ឱ្យ​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា រួមមាន​៖ ខេត្ត​ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប​បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្តពោធិ៍សាត់​។ ស្ថានភាព​នេះ​នឹង​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន បូកផ្សំ​នឹង​បរិមាណ​ទឹកភ្លៀង​ដែល​ហូរ​មកពី​ប្រទេស​ថៃ​បន្ថែម​ទៀត អាច​បង្ក​ឱ្យ​ទី​ទំនាប​ជាប់​ផ្លូវទឹក និង​ផ្លូវទឹក​នៅក្នុង​ភូមិសាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំងនោះ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (I-lash flood) ​និង​ជំនន់​ដោយ​បរិមាណ​ទឹក​ហួស​កម្រិត (Overflow)​។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង់ សៀមរាប និង​កំពង់ធំ​ផងដែរ កំពុង​ជួប​ការជន់​លិច​ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ​៕