ភ្នំពេញៈ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បង្ហាញ​បំណង​ចង់​ចុះ​ដើរ​តាមផ្លូវ​សម្ដែង​មតិ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​៥ តុលា​ នា​សប្ដាហ៍​ក្រោយ ​ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បញ្ជាក់ថា ​បើ​ខាង​សមាគម​ធ្វើបែប​នេះ​បាន ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង ​ដើម្បី​កុំឱ្យ​ការសម្ដែង​មតិ​ក្លាយជា​ការរំខាន​។

ការលើកឡើង​ដូច្នេះ​ ធ្វើឡើង​មុនពេល​ភាគី​ទាំង​២ ​គឺ​សាលា​រាជធានី​ភ្នំពេញ ​និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​នឹង​ជួប​ជជែក​គ្នា​នៅ​ថ្ងៃទី ២៨​ ខែកញ្ញា ​ដើម្បី​បើកផ្លូវ​ឱ្យ​សមាគម​គ្រូបង្រៀន ​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ​នៅ​ថ្ងៃទី ៥ ​តុលា ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​។​

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​កើត ឆែ ​និង លោក​ មាន ​ចាន់​យ៉ាដា ​អភិបាលរង​រាជធានី​ភ្នំពេញ​។ រីឯ​ភាគី​សមាគម ​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុក ​ឆាយ៉ាវី ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​និង​សមាសភាព​ចូលរួម​ផ្សេងទៀត ​សរុប​ ២០ រូប​។

លោក​ កើត ​ឆែ ​អភិបាលរង​រាជធានី​ភ្នំពេញ​លើកឡើង​នៅ​ថ្ងៃ​ទី ២៧​ កញ្ញា​ថា ​ជំនួប​មុន​ការប្រារព្ធ​ទិវា​គ្រូបង្រៀន​មកដល់​នៅ​ថ្ងៃទី ៥ ​ខែតុលា ​សំខាន់​សម្រាប់​ភាគី​ទាំង ​២ ​ក្នុង​ការគ្រប់គ្រង​សភាពការណ៍ ​និង​ងាយស្រួល​ដល់​អាជ្ញាធរ​ក្នុងការ​បែងចែក​ការងារ​តាម​គោលដៅ​នីមួយៗ ​ចៀសវាង​កើតមាន​បញ្ហា​អ្វីមួយ​ជាយថា​ហេតុ​។

លោក​បញ្ជាក់ថា ​«នៅក្នុង​សំណើ​ជួបជុំ​របស់​សមាគម​ផ្ញើមក​កាន់​សាលា​រាជធានី​ភ្នំពេញ ​ការជួបជុំ​នោះ​មាន​គ្នា​ ១៥០ ​នាក់​។ អ៊ីចឹង​សមាសភាព​ប៉ុណ្ណឹង​យើង​នឹង​សម្រេច​ជូន​គាត់​នៅក្នុង​ជំនួប​ថ្ងៃទី ​២៨ ​កញ្ញា ​តែ​សំខាន់​នោះ​ យើង​ចង់ដឹង​អំពី​ការទទួល​ខុសត្រូវ​ថា ​សមាគម​នឹង​យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថាប័ន​ណាខ្លះ​? ​ហើយ​យកទៅ​ដាក់​នោះ​ប៉ុន្មាន​នាក់?»

លោកស្រី​ អ៊ុក ​ឆាយ៉ាវី ​ប្រធាន​សមាគម​ ឱ្យដឹង​នៅ​ថ្ងៃទី ២៧​ កញ្ញា​ ថា​ សមាគម​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំ​ ២០២២ ​នេះ​ក្រោម​ប្រធានបទ ​«កម្រិត​ស្ថានភាព​គ្រូបង្រៀន​នៅ​កម្ពុជា»​។ លោកស្រី​ចង់ឱ្យ​អាជ្ញាធរ​ផ្ដល់​សិទ្ធិមក​សមាជិក​សមាគម​ចុះ​តាម​ថ្នល់​សម្ដែង​មតិ ​ដោយ​គ្មាន​ការរារាំង ​ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​។ បើតាម​លោកស្រី ​អ៊ុក​ ឆាយ៉ាវី ​ប្រសិនបើ​ការអនុញ្ញាត​កើតឡើង​មែន​នោះ ​វា​នឹង​បង្ហាញ​ពី​លម្ហ​សេរីភាព​នៅ​កម្ពុជា​កាន់តែ​ទូលំ​ទូលាយ​។

លោកស្រី​ថា​៖ «ជា​រៀងរាល់​ឆ្នាំ ​អាជ្ញាធរ​តែងតែ​ឱ្យ​យើង​ជួបជុំគ្នា​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ​ឡើង តែ​បញ្ហា​នៅត្រង់ថា​ អាជ្ញាធរ​កម្រិត​ការចូលរួម ​កំណត់​ទីតាំង​ក្នុងការ​ឈរ​។ ​អ៊ីចឹង​ខ្ញុំ​គិតថា ​វា​បាន​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការចូលរួម​ដោយ​សេរី ​តែ​ឆ្នាំនេះ​យើង​ចង់ឃើញ​មាន​រូបភាព​ថ្មី​អនុញ្ញាតឱ្យ​លោកគ្រូ​អ្នកគ្រូ​ដើរ​ហែ​យក​ញត្តិ​ទៅ​ដាក់​តាម​គោលដៅ​ដែល​ខ្លួន​បានគិត​ទុក»។

ទោះយ៉ាង​ណា ​លោក ​កើត ឆែ​ អះអាងថា​ អាជ្ញាធរ​តែងតែ​សម្របសម្រួល​គ្រប់​ការជួបជុំ​សម្ដែង​មតិ ​ហើយ​ការដើរ​តាមផ្លូវ​សម្ដែង​មតិ ​អាជ្ញាធរ​ខ្លាចក្រែង​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​ណ៍ក្នុង​រា​ធានី​ភ្នំពេញ ​ព្រោះ​រាជធានី​ភ្នំពេញ​កំពុង​មាន​ភាព​មមាញឹក​ស្រាប់​ទៅ​ហើយ​។​

លោក​បញ្ជាក់ថា​ «យើង​មិនដែល​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ទេ​ ព្រោះ​កម្ពុជា​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ ​ប៉ុន្តែ​ការសម្ដែង​មតិ​ទាំងអស់​ត្រូវ​ស្របតាម​ច្បាប់ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា។​

បើ​តាម​លោក​ កើត ឆែ ​ អាជ្ញាធរ​អាច​ផ្ដល់​ជម្រើស​ ២ ​ទៅ​សមាគម ​ដោយ​ជម្រើស​ទី​ ១ ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ ​ដែល​សមាគម​ចង់​ដាក់​ញត្តិ​ហ្នឹង​មក​ទទួល​ញត្តិ​ដល់​ទីលាន​ប្រជាធិបតេយ្យ​ផ្ទាល់​តែម្ដង​។ ទី​ ២ ​សមាគម​ចាត់​តំណាង​ជាមួយ​នឹង​ចំនួន​សមស្រប​ប្រើប្រាស់​មធ្យោបាយ​ណាមួយ​យក​ញត្តិ​ទៅ​ដាក់​ដល់​កន្លែង​។​

ចំពោះ​ប្រធានបទ​ដែល​ត្រូវ​ប្រារព្ធ​នៅ​ឆ្នាំនេះ ​ក្រោម​ប្រធានបទ​ «កម្រិត​ស្ថានភាព​គ្រូបង្រៀន​នៅ​កម្ពុជា»​ នោះ ​លោកស្រី​ អ៊ុក ឆាយ៉ាវី ​អះអាងថា ​គេ​ចង់ឃើញ​រូបភាព​ថ្មី​ក្នុង​វិស័យ​អប់រំ ​គ្រូបង្រៀន​គួរ​បង្ហាញ​ភាព​ស្អាតស្អំ​ថ្លៃថ្នូរ ​ដោយ​បញ្ឈប់​ការយក​នំ​ទៅ​លក់​ក្នុង​សាលា​ បញ្ឈប់​ការបើក​បង្រៀន​គួរ​ក្រៅ​ម៉ោង ​ដើម្បី​បាន​ចំណូល ​និង​គាប​ពិន្ទុ​សិស្ស ​ចំពោះ​អ្នក​គ្មាន​លទ្ធភាព​រៀន​គួរ​ក្រៅ​ម៉ោង៕