
លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១១ កក្កដា។ ហុង មិនា
ភ្នំពេញៈ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងថា គោលនយោបាយគណបក្សភ្លើងទៀន គឺការរស់នៅដោយស្មើភាពនិងធានាសន្តិភាព អព្យាក្រឹត ជាមួយប្រទេសជិតខាង ខណៈប្រធានស្ដីទីគណបក្សភ្លើងទៀន លោកថាច់ សេដ្ឋា ក្នុងពេលជួបអ្នកគាំទ្ររបស់ខ្លួននៅខេត្តកំពង់ស្ពឺ អះអាងថា ប្រសិនបើគណបក្សលោកឈ្នះឆ្នោតដឹកនាំប្រទេស គ្មានសង្គ្រាមប្រឆាំងវៀតណាមផ្ទុះឡើងទេ។
ការថ្លែងបែបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានព្រលយសារនយោបាយជារឿយៗថា ស្រុកនឹងកើតសង្គ្រាម បើគណបក្សប្រជាជនកម្ពុជា (CPP) របស់លោកចាញ់ឆ្នោត។
អនុប្រធានបក្សភ្លើងទៀនលោក សុន ឆ័យ បានកត់សម្គាល់ថា កន្លងមកអ្វីដែលរដ្ឋាភិបាល បានធ្វើជាមួយវៀតណាមច្រើនតែមានមន្ទិលពីពលរដ្ឋ។ លោក សុន ឆ័យ បន្ថែមថា ប្រសិនបើគណបក្សភ្លើងទៀនមានឱកាសដឹកនាំប្រទេស នឹងអនុវត្តគោលនយោបាយជាមួយជនអន្តោប្រវេសន៍ ជាពិសេសអន្តោប្រវេសន៍វៀតណាមតាមច្បាប់ដែលមានចែងស្រាប់។
លោកថា៖ «យើងមើលប្រទេសជិតខាង គេអនុវត្តច្បាប់អន្តោប្រវេសន៍បែបណា ហើយជាធម្មតាទេ យើងត្រូវអនុវត្តតាមច្បាប់ដែលកំពុងមានជាធរមាន។ យើងមិនអាចអនុវត្តសកម្មភាពណាមួយដែលប៉ះពាលដល់សិទ្ធិអន្តោប្រវេសន៍ទេ ទោះបីជាពួកគេជាអន្តោប្រវេសន៍វៀតណាមក៏ដោយ។ ឆ្លៀតឱកាសនេះខ្ញុំសុំបញ្ជាក់ជូនជនរួមជាតិ ប្រទេសណាក៏មានជនអន្តោប្រវេសន៍ដែរ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយយើងមានតែអប់រំពលរដ្ឋកុំឱ្យមានការរើសអើង»។
លោកបន្ថែមថា៖ «ការអភិវឌ្ឍប្រទេសជាតិមួយត្រូវធានាភាពសុខសាន្តទាំងក្នុងប្រទេស និងភាពសុខសាន្ត ជាមួយប្រទេសក្បែរខាង ហើយប្រទេសជិតខាងក៏ត្រូវគោរពអធិបតេយ្យភាព អព្យាក្រឹត និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាវិញដែរ»។
«វាមិនដែលគ្រាន់តែគណបក្សប្រឆាំងឈ្នះឆ្នោតមានសង្គ្រាមជាមួយយួន (វៀតណាម)។ សម័យនេះហើយគ្មានអ្នកណាទៅល្ងង់ធ្វើសង្គ្រាមទេ ហើយគេតែងបំភ័យប្រជាពលរដ្ឋ ឱ្យតែគណបក្សប្រឆាំងឈ្នះឆ្នោតនឹងមានសង្គ្រាមទៀតហើយ មកពីគេគិតថា យើង (ប្រជាពលរដ្ឋ) ល្ងង់ទើបគេបំភ័យអ៊ីចឹង»។ នេះបើតាមប្រសាសន៍លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី ១៨ ខែកញ្ញា ក្នុងវេទិកាសាធារណៈមួយនៅកំពង់ស្ពឺ។
លោក ថាច់ សេដ្ឋា បន្តថា៖ «ទោះជាពេលនេះគណបក្សប្រឆាំងមិនអាចធ្វើការទាមទារដីដែលបាត់បង់ទៅវៀតណាមវិញក៏ដោយ គណបក្សចង់ប្រាប់យុវជនទាំងអស់ត្រូវតែដឹងថា ទឹកដីយើងនៅឯណាខ្លះ? អ្នកណាធ្វើឱ្យបាត់បង់? បាត់បង់នៅឆ្នាំណាខ្លះ? ប៉ុន្តែបើសិនជាមានឱកាស យើងនឹងទាមទារត្រឡប់មកវិញតាមយន្តការច្បាប់អន្តរជាតិ»។
ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងនេះ គ្រាន់តែជាជំហរដោះសារបស់មេបក្សប្រឆាំងប៉ុណ្ណោះ ហើយសង្គ្រាមផ្ទៃក្នុងប្រទេសអាចនឹងកើតមាន ប្រសិនបើគណបក្សភ្លើងទៀនដឹកនាំប្រទេស។
លោកថ្លែងថា៖ «យើងមើលឫសគល់គណបក្សភ្លើងទៀនមានប្រភពមកពីអតីតគណបក្សសង្គ្រោះជាតិ យើងដឹងហើយថា នយោបាយរបស់មេសង្គ្រោះជាតិកន្លងមកបាននិយាយច្បាស់ៗថា គេនឹងលុបបំណុលធនាគារ លុបបំណុលជីកសិកម្ម រឹបអូសទ្រព្យអ្នកមានមកចែកអ្នកក្រជាដើម។ ការរឹបអូសទ្រព្យអ្នកមានមកចែកអ្នកក្រ ជានយោបាយរបស់ប៉ុលពតសុទ្ធសាធ ដូច្នេះវានឹងកើតមានសង្គ្រាមផ្ទៃក្នុងសង្គមកម្ពុជាផ្ទាល់តែម្ដងដោយសារនយោបាយរបស់គណបក្សភ្លើងទៀន»។
បើតាមលោក សុខ ឥសាន រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុវត្តគោលនយោបាយជាមួយជនអន្តោប្រវេសន៍ និងកិច្ចការព្រំដែនដោយឈរលើច្បាប់ដែលមានស្រាប់។
លោកថា៖ «យើងបានបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកលើឯកសារ ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង។ យើងគ្មានមហិច្ឆតាទៅវាយយកព្រំដែនដណ្ដើមពីគេទេ តែផ្ទុយមកវិញយើងបានកសាងព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ហើយយើងបានអភិវឌ្ឍភូមិឃុំនៅតាមព្រំដែនឱ្យទៅជាតំបន់អភិវឌ្ឍន៍ ដើម្បីផ្ដល់លទ្ធភាពប្រជាជនដោះ[ដូរ]ទំនិញដោយសន្តិភាព»។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានពីការកើតឡើងសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនគ្រប់គ្រងអំណាច។ លោកថ្លែងបែបនេះ នៅពេលលោកប្រតិកម្មទៅនឹងអ្នករិះគន់រឿងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម និងការរិះគន់ទាក់ទងនឹងការបើកថ្នាក់រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកថា មិនគួរមានការរិះគន់ឡើយ ហើយថា បញ្ហាប្រឆាំងនឹងវៀតណាម អាចធ្វើឱ្យប្រទេសកម្ពុជាមានសង្គ្រាម។
គណបក្សភ្លើងទៀន ជាគណបក្សក្រៅរដ្ឋាភិបាល ដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេបង្អស់ទី ២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំនេះ។ ក្រុមអ្នកតាមដានការបោះឆ្នោត វាយតម្លៃថា បក្សភ្លើងទៀននឹងក្លាយជាគូប្រជែងអាសនៈសភា ជាមួយបក្សប្រជាជនដែលកាន់អំណាច ក្នុងការបោះឆ្នោតជាតិ ២០២៣៕
វីដេអូ៖