ភ្នំពេញៈអ្នកជំនាញ​ឃ្លាំមើល​បញ្ហា​សង្គម​បាន​សាទរ​លើ​ការ​ប្តេជ្ញាចិត្ត​​របស់​រដ្ឋាភិ​បាល​នាពេល​កន្លង​មក និង​យល់ស្រ​ប​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​អនុវត្ត​ច្បាប់​លើ​ករណី​ជួញដូរ​មនុស្ស ​ជាពិសេស​ការ​រឹត​បន្តឹង​លំហូរ​ចូល​នូវ​ជន​បរទេស ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ និង​វែកមុខ​អ្នក​ពាក់​ព័ន្ធ​ឃុប​ឃិតដើម្បី​បង្ហាញ​ទៅ​សហ​គមន៍​អន្ត​រជាតិ​ឱ្យ​មាន​ទំនុក​ចិត្ត​លើ​កម្ពុជា​ឡើង​វិញ​។​

​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រសិន​បើបញ្ហា​ជួញដូរ​មនុស្ស​ឬ​បោក​បញ្ឆោត​តាម​អន​ឡាញ​នៅ​បន្ត​កើត​មាន នោះ​នឹង​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ដែល​អាច​ប្រឈម​មុខ​នឹង​ទណ្ឌ​កម្ម​របស់​សហ​គម​ន៍​អន្តរ​ជាតិ ការ​ស្រុត​ចុះ​នូវ​លំហូរ​វិនិយោគ​ទុន ជំនួយ​មូល​និធិ​អភិ​វឌ្ឍន៍​ប្រទេស និង​ធ្លាក់​ចុះ​វិស័យ​ទេស​ចរណ៍​។​ល​។​

​លោក​ មាស ​នី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លើ​ក​ឡើង​ថា បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ជា​បញ្ហា​ធំ​របស់​ពិភព​លោក ​ដែល​គេ​កំពុង​យក​ចិត្ត​ទុក​ដាក់​ឃ្លាំ​មើល​ និង​ត្រួត​ពិនិត្យ​ ជា​ពិសេស​បណ្តា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​។

លោក​បាន​បន្ត​ថា​ ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​នៅមាន​ចន្លោះ​ប្រហោង​ខ្លាំង ​ដែល​បង្ក​ភាព​ងាយស្រួ​ល​ដល់​ឧក្រិដ្ឋ​ជន​យក​កម្ពុជា​ជាទី​តាំង​ប្រព្រឹត្ត​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​បាន ដោយ​លោក​សង្កត់​ធ្ងន់​ថា បើ​រដ្ឋាភិ​បាល​មិន​បាន​ចាត់​វិធាន​ការ​ឱ្យមាន​ប្រសិទ្ធ​ភាព​ទេ​នោះ ​អាច​នឹងមាន​ទណ្ឌ​កម្ម​ពី​សហ​គមន៍​អន្តជាតិ​នានា​បន្ថែម​ទៀត​ ដែល​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​។​

​លោក​ ​មាស នី បាន​បញ្ជាក់​ថា​៖ «​ការជួញ​ដូរ​មនុស្ស​នេះ ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​កាល​ណា​ចូល​ដល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ហើយ យើង​អាច​នឹង​ទទួល​រង​ទណ្ឌក​ម្ម​អន្តរ​ជាតិ បើ​យើង​មិន​បាន​ត្រួត​ពិនិត្យ​ដើម្បី​កាត់​បន្ថយ​វា​» ។​

​លោក​បាន​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិ​បាល​មិន​បាន​ដោះ​ស្រាយ​ករណី​នេះ​ឱ្យមាន​ភាព​ប្រសិទ្ធ​ទេនោះ​ ទីក្រុង​ព្រះ​សីហនុ​នឹង​ក្លាយ​ជា​ទីក្រុង​ម៉ាហ្វី​យ៉ា​ សម្រាប់​ឧក្រិដ្ឋ​ជន​ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេស​ចរណ៍​នៅក្នុង​ស្រុក ​និង​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​។​

​កាលពី​ថ្ងៃទី ​២០ ​ខែ​កក្កដា ឆ្នាំ ​២០២២ កន្លង​ទៅ ​ក្រសួង​ការ​បទេស​អាមេរិក​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​លើ​ផ្នែក​ជួញ​ដូរ​មនុស្ស​ ដែល​ចាត់​ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​ទី​២ ក្នុង​ការ​តាម​ដាន​ ហើយ​សហរដ្ឋ​អាមេរិក​អះអាង​ថា ការ​ជួញ​ដូរ​ជន​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់ ​។​

​ចំពោះ​លោក​ គិ​ន ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានថ្លែ​ងថា ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ សហ​គមន៍​អន្តរជាតិ​បាន​ចាត់​ទុក​កម្ពុជា​ក្នុង​ស្ថានភា​ព​ដែល​មាន​ហានិភ័​យ​ខ្ពស់ដែល​ក្នុង​រូបភាព​បែប​នេះ វា​បាន​ប៉ះ​ពាល់​ដល់​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​ជាពិ​សេស​លំហូរ​វិនិយោគ​ទុន​ពី​បរទេស​ដោយ​ផ្ទាល់​នៅក្នុង​ស្រុក​ ដែល​អ្នកវិនិ​យោគ​ទាំង​នោះ​មាន​ការ​ខ្លាច​រអា​ក្នុងការ​បោះ​ទុន​វិនិ​យោគ​នៅ​កម្ពុជា​។​

​លោក​ គិ​ន ភា បាន​គូស​បញ្ជាក់​ពី​នយោ​បាយ​ការប​រទេស​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​លើក​ស្ទួយ​មុខ​មាត់​ប្រទេស​ឡើងវិ​ញ ដូ​ច្នេះ​ថា​៖ «​ជា​នយោ​បាយ​ការ​បរ​ទេស រដ្ឋាភិ​បាល​កម្ពុជា​បាន​បង្ហាញ​ទៅកាន់​អន្តរជាតិ​ថា ​បញ្ហា​ជួញ​ដូរ​មនុស្ស​នេះ កម្ពុជា​មិន​បាន​គាំទ្រ​ឡើយ​ ហើយ​រដ្ឋាភិ​បាល​ក៏មាន​ក្រប​ខ័ណ្ឌ​នយោ​បាយ​ប្រាកដ​ប្រជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ដែរ​ ព្រម​ទាំង​សុ​ច្ឆន្ទៈ​ក៏ដូច​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​រួច​ហើយ​លើ​ករណី​ជួញ​ដូរ​មនុស្ស​ និង​ការ​បង្ក្រាប​ល្បែង​អន​ឡាញ​ជា​ដើម​នេះ​»​។​

​លោក​ ស៊ឹង ​សែន​ករុណា អ្នក​នាំ​ពាក្យ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​វិញ​នៅតែ​បន្ត​ព្រួយ​បារម្ភ​ពី​ករណី​ជួញ​ដូរ​មនុស្ស ​ក៏ដូច​ជា ​ការលា​ង​លុយក​ខ្វក់​ផងដែ​រ ដែលរឿង​២នេះ​គឺមាន​ចំណង​ពាក់​ព័ន្ធ​គ្នា​។ លោក​ថា បញ្ជី​ប្រផេះ​ចំពោះ​ការ​លាង​លុយ​កខ្វក់ដែល​វា​ធ្វើ​ឱ្យ​អ្នកវិ​និយោគ​ភាគ​ច្រើន​មិន​ហ៊ាន​មករក​ស៊ី​នៅ​កម្ពុជា ​ជាពិសេស​អ្នក​វិនិ​យោគ​ក្នុង​ប្រទេស​លោក​សេរីដោយ​ពួកគេ​មិន​អាច​រកស៊ី​ក្នុងប្រ​ទេស​ ដែលមា​ន​ចំណាត់​ថ្នាក់​អាក្រក់​លើ​ការរំ​លោភ​សិទ្ធិ​មនុស្ស​ និង​ស្រុតចុះ​ប្រជា​ធិប​តេយ្យ​បាន​ឡើយនិ​ង​មួយ​វិញទៀត​គឺ​ពួកគេ​ភ័យ​ខ្លាច​ពី​សុខ​សុវត្ថិ​ភាព​ផង ។​

​ជា​មួយ​គ្នានេះ លោក​បានអំពាវ​នាវ​ដល់រ​ដ្ឋា​ភិ​បាល​កម្ពុជា ឱ្យ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​លើ​ការទប់​ស្កាត់​ករណី​ជួញដូរ​មនុស្ស​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​សហ​គមន៍​អន្តរជា​តិ និង​ជាពិសេស​ការបើក​លំហ​សេរី​ភាព​ និង​ប្រជាធិប​តេយ្យ​ឡើង​វិញ​។​

​ចំពោះ​លោក ​អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​អង្គកា​រ​លីកាដូ​ (Licadho)​ វិញ​បាន​គូសបញ្ជាក់​ថា រ​ដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ខ្លះ​បាន​អំពាវ​នាវ​ឱ្យ​ប្រជាជន​ខ្លួន​ប្រុង​ប្រយ័ត្ន​ជាមួ​យ​កម្ពុជា​ផង ដែល​​វា​ជះឥ​ទ្ធិព​ល​អាក្រក់​ដល់​វិស័យ​ទេសច​រណ៍​កម្ពុជា ការ​វិនិយោគ​ មិ​នតែប៉ុណ្ណោះ វា​អាច​ប៉ះពាល់​ជំនួយ​ និង​មូល​និធិ​អភិវឌ្ឍន៍​ប្រទេស​ផង​។​ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ​រដ្ឋាភិ​បាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ត​បន្ទាប់​រួចហើយ ហើយ​លោក​សង្ឃឹម​ថា ​វិធាន​ការ​ទាំង​អស់​នោះ​នឹង​មាន​ប្រសិទ្ធ​ភាព​ពិត​ប្រាកដ​។​

​លោ​ក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា ធ្លាប់​បាន​សម្តែង​ការព្រួយ​បារម្ភ​ថា បើ​កម្ពុជា​រអិល​ធ្លាក់​ក្នុង​បញ្ជីខ្មៅ​នៃ​ការលា​ង​លុយក​ខ្វក់ ​កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​នានា​មិន​ថា​វិស័យ​នយោបា​យ និង​វិស័យ​ធនាគារ​ ពាក់ព័ន្ធ​លើ​យន្តការ​ផ្ទេរ​ប្រាក់​តាម​យន្ត​ការ​អន្ត​រជាតិ​ជាដើម​។​ រាជរ​ដ្ឋាភិបា​ល​កម្ពុជា​បាន​សង្គ្រោះ​ជន​ ដែល​ត្រូវគេ​ជួញ​ដូរ​​រាប់រយ​នាក់​ក្នុង​យុទ្ធនា​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​នៅ​ទូទាំង​ប្រទេស​។​ ក្រសួង​មហាផ្ទៃ​ក៏បាន​ប្រកា​សលេខ​ទូរ​ស័ព្ទ​ទទួល​ពាក្យ​បណ្ដឹង​បន្ទាន់​ជុំវិញ​ករណី​ជួញដូរ​មនុស្ស​នេះដែរ​ ដោយ​កាលពី​ខែ​កន្លងទៅ​ក្រសួង​ជំនាញ​មួយ​នេះ​ទទួល​ពាក្យ​បណ្ដឹង​ប្រមាណ​ជាង​ ២០០​ ករណី​ពី​ជន​រង​គ្រោះ​៕​