ភ្នំពេញៈរយៈ​ពេល​ ៩ ខែឆ្នាំ​២០២២ ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បណ្តេញ​ជនប​រទេស​ចេញពី​កម្ពុជា​សរុប​ចំនួន ​១ ៤៥០​ នាក់ (ស្រី ​២៧៩ ​នាក់) មាន​ ៣២ ​សញ្ជាតិ​ ក្នុង​នោះ​កាល​ពី​ថ្ងៃទី​ ២៣ ​ខែ​កញ្ញា​ទើប​បាន​បណ្ដេញ​ជន​បរទេស​ចំនួន​ ២៣០​ នាក់​ (​ស្រី​ ៥០​ នាក់​) ​ចេញពី​កម្ពុជា​ផង​ដែរ​។​ នេះ​បើតាម​អ្នកនាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​។​

​លោក​ កែវ វណ្ណ​ថន អគ្គ​នាយក​រង​ និង​ជា​អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃទី ​២៧ ​ខែកញ្ញា​ថា ​ជន​បរទេស​ដែល​បណ្ដេញ​ចេញ​ទាំង​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​លួច​ស្នាក់​នៅ​ខុស​ច្បាប់​ គ្មាន​លិខិត​ឆ្លង​ដែន ​លើស​ទិដ្ឋាការ​កំណត់ ​និង​ប្រើ​ប្រាស់​ទិដ្ឋា​ការ​ខុស​គោល​ដៅ​ដែល​ល្មើស​ និង​ច្បាប់​ស្ដីពី​អន្តោ​ប្រវេសន៍​។

​លោក​ថ្លែង​ថា​៖ «​រយៈ​ពេល ​៩ ​ខែឆ្នាំ ​២០២២ ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បណ្តេញ​ជន​បរទេស​ចេញពី​កម្ពុជា សរុប​ចំនួន​ ១ ៤៥០​ នាក់ ស្រី ​២៧៩ នា​ក់ មាន ៣២ ​សញ្ជាតិ​»​។​

​បើតាម​លោក​ វណ្ណ​ថន នៅ​ថ្ងៃទី​ ២៣ ​ខែកញ្ញា ឆ្នាំ​ ២០២២​ អ​គ្គនាយក​ដ្ឋាន​អន្តោប្រ​វេសន៍ទើប​បាន​បណ្ដេញ​ជន​បរទេស​ចំនួន​ ២៣០ ​នាក់ ស្រី ៥០​ នាក់ ចេញ​ពី​កម្ពុជា​។

​លោក​បាន​ឱ្យ​ដឹង​ថា ជន​បរទេស​ទាំង​នេះ មា​ន​សញ្ជាតិ​ជាតិ​វៀត​ណាម ​២២៨ នាក់ និង​ជនជាតិ​ចិន​ចំនួ​ន ២ នាក់​។ ការ​បណ្ដេញ​ចេញពី​​កម្ពុជា​នេះ​អនុ​លោម​តាម​ច្បាប់​ស្ដីពី​អន្តោប្រ​វេសន៍​តាម​ប៉ុស្តិ៍​នគរ​បាន​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ព្រែក​ចាក​។​

​លោក​ថ្លែង​ថា​៖ «​ជន​បរទេស​ចំនួន ​២៣០ ​នាក់​ខាង​លើត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​លួច​ស្នាក់​នៅ​ខុស​ច្បាប់​ គ្មាន​លិខិត​ឆ្លង​ដែន លើស​ទិដ្ឋា​ការ​កំណត់ ​និង​ប្រើ​ប្រាស់​ទិដ្ឋា​ការ​ខុស​គោ​លដៅ​ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោ​ប្រវេសន៍​»​។​

​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​បង្ក្រាប​ជនប​រទេស​រស់នៅ​ខុស​ច្បាប់ និ​ង​ការ​បង្ខាំង​មនុស្ស​នេះ ​ចាប់ពី​ថ្ងៃទី​ ១៩ ដល់​ថ្ងៃទី​ ២៧​ ខែកញ្ញា​ សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​សហ​ការ​ជាមួយ​នឹង​អគ្គ​ស្នង​ការ​ដា្ឋន​នគ​របាល​ជាតិ​បាន​ចុះ​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​រដ្ឋបាល​នៅ​ទីតាំង​អគារ​ចំនួន​ ៤​ កន្លែង ក្នុងភូមិ​សាស្ដ្រ​ក្រុង​ព្រះ​សីហនុ ក្នុង​នោះ​មាន​ទីតាំង​អគារ​ឈ្មោះ​ហ្កា​ឡាក់​ស៊ី​វើ​ល​,ទីតាំង​ឈ្មោះ ជី​ង​ឆាយ៥,​ទីតាំង​ឈ្មោះ ​ប៉ាវ​យ៉ុង​តិច​ណូ​ឡូ​ជី និង​ទីតាំង​ឈ្មោះ​ ស៊ី​ង​សាន ទីង (​ហៅ​ឆាង​ឆី​ង​)​។ នេះ​បើ​តាម​អ្នក​នាំពា​ក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ។

​លោក ​ឃាង ភារ​ម្យ អ្នក​នាំពា​ក្យ​រដ្ឋ​បាល​ខេត្ត​បាន​ឱ្យដឹ​ងថា ការ​ការចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​នេះ សម្រាប់​ទីតាំង​ក្រុម​ហ៊ុន ហ្កា​ឡាក់​ស៊ី​វើ​ល កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ជនប​រទេស​សរុប​ចំនួន ​៤១៤ នា​ក់ ស្រី​ ៤២ ​នាក់ មាន​ចំនួន ៥​ សញ្ជាតិ ​ក្នុង​នោះ​ជន​ជាតិ​ចិន​ចំនួន​ ៣៥១​ នាក់ ​(ស្រី​ចំនួន ៣០ នាក់) ជនជាតិ​ឡាវចំនួន​ ២​ នាក់ (ស្រី​) ជន​ជាតិ​វៀត​ណាម​ចំនួន ៤៦ នាក់ (ស្រីចំនួន ១០ នាក់)​ ជន​ជាតិ​ម៉ាឡេ​ស៊ី​ ១០ នា​ក់ និង​ជន​ជាតិ​ឥណ្ឌា​ចំនួន​ ៥ ​នាក់​។

​លោក​បាន​ឱ្យដឹង​ថា ក្នុងចំ​ណោម​ជនប​រទេស​ទាំង ៤១៤ នា​ក់ មាន​ជន​បរទេស​ចំនួន ១៦៨ នាក់ (​ស្រី ១៧​ នាក់​) ត្រូវ​បាន​រក​ឃើញ​ស្នាក់​នៅ​និង​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូ​វនិង​ជនបរទេស​ចំនួន ​២០៨ នាក់ (​ស្រី ២៣ នាក់​) ត្រូវ​បាន​ផាក​ពិន័យ​ ដោយ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ១០​ លាន​រៀល​។ ជា​មួយ​គ្នានេះ​ជនប​រទេស​ដែល​បាន​ផាក​ពិន័យ​រួច តម្រូវឱ្យ​​ស្នើ​បណ្ណ​ការងារ​ថ្មីដែល​ប្រមូល​បាន​អាករ​សរុប​ចំនួន ​៦០ ៣១០​ ដុល្លារ​អាមេ​រិក​។

​ចំណែក​ទីតាំង​ឈ្មោះ ស៊ី​ង សានទីង​ សមត្ថ​កិច្ច​បាន​រកឃើញ​ជន​បរទេស​ខុសច្បា​ប់​អន្តោប្រ​វេសន៍​ចំនួន​ ១៤១ នាក់​ (ស្រី ៦ នាក់ )​មាន២​ សញ្ជាតិ​ ក្នុ​ងនោះ​មាន​ជនជាតិ​ចិន​ចំនួន​ ១៣០ នាក់ (​ស្រី ៣ នាក់​) និង​ជន​ជាតិ​វៀ​តណាម​ចំនួន ១១ នាក់ (​ស្រី ៣ នាក់​)​។ ពួក​គេ​ត្រូវ​បាន​​បញ្ជូន​ទៅ​នាយក​ដ្ឋាន​ស៊ើប​អង្កេត ​និង​អនុវត្ត​នីតិវិធីនៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេ​សន៍ ដើ​ម្បី​បណ្តេញ​ចេញ​ពី​កម្ពុជា​។

​លោក​បញ្ជាក់​ថា ​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ​២៦២​ នាក់ (​ស្រី ២៥​ នាក់​) ត្រូវ​បាន​ពិនិ​ត្យឃើញថា​ បាន​បម្រើ​ការងារ​ដោយ​គ្មាន​បណ្ណ​ការងារ​ ហើយ​ត្រូវបាន​ផាក​ពិន័យ​ដោយ​ជំនាញ​មកពី​អគ្គ​នាយក​ដ្ឋានអ​ន្តោ​ប្រវេ​សន៍រួច​ទើប​អនុញ្ញាត​ឱ្យ​ស្នើសុំ​បណ្ណ​ការងារ​ពី​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​ឡើង​វិញ​។​

​រីឯ​ទីតាំង​ឈ្មោះ ជី​ង​ឆាយ​តូច​ណូ​ឡូ​ជី សមត្ថ​កិច្ច​បាន​រក​ឃើញ​ជន​បរទេស​សរុប ​៤៦៩ នា​ក់ ​ស្រី ៧៥ នាក់ មាន​ចំនួន​ ១០​ សញ្ជាតិ​។

​លោក​បន្តថា​ បន្ទាប់​ពី​សមត្ថ​កិច្ច​ជំនាញ​ផ្នែក​ការងារ​ និង​សមត្ថ​កិច្ច​ជំនាញ​ផ្នែក​អន្តោប្រ​វេសន៍​បានសាក​សួរ​ព័ត៌​មាន​ និង​ពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ​នានា​លើ​ជន​បរទេស​សរុប​ចំនួន ​៤១៤​ នាក់​(ស្រី​ចំនួន​ ៤២ នាក់) ឃើញ​ថា ពួកគេ​បម្រើ​ការងារ​មិន​មាន​បណ្ណ​ការងារ​មាន​ចំនួន​ ២៣៦ ​នាក់(​ស្រី ៣៩ ​នាក់​) ហើយ​បាន​ផាក​ពិន័យ និ​ង​ប្រមូល​អាករ​ពី​ការធ្វើ​បណ្ណ​ការ​ងារ​បាន​ថវិកា​សរុប​ចំនួន ​១១៨ ​លាន​រៀល​។ មាន​បណ្ណ​ការងារ​ ៣៥​ នាក់ (​ស្រី ៨​ នាក់​)​។

រីឯ​ជនប​រទេស​ដែល​មិន​មាន​លិខិត​ឆ្លងដែន ​និង​កំពុង​ស្នាក់​នៅក្នុង​ទីតាំង​ហ្គា​ឡាក់​ស៊ី​វើ​លមាន​ចំនួន​ ១៦៨ នា​ក់ ​(ស្រី​ចំនួន ១៧ នាក់ )​ ក្នុង​នោះ​មាន​សញ្ជា​តិ​ចិន​ចំនួន ១៣០ នាក់​ ស្រី​ចំនួន ៨ នាក់ ​វៀតណា​ម​ចំនួន ​៣៣ នា​ក់ ស្រី​ចំនួន ៧​ នាក់ ម៉ាឡេ​ស៊ី​ចំនួន ​៣នាក់ និង​ឡាវ ២ នាក់ (ស្រី)​។​

​ចំពោះ​ទីតាំង​ឈ្មោះ ប៉ាវ​យ៉ុង​តិច​ណូ​ឡូ​ជី លោក​ ភារ​ម្យ បាន​ឱ្យដឹង​ថា សមត្ថ​កិច្ច​បាន​រកឃើញ​ជនប​រទេស​ខុស​ច្បាប់​អន្តោ​ប្រវេសន៍​ចំនួន ​១៨៤ នា​ក់ (ស្រី ២១ នាក់) មាន៣​សញ្ជាតិ​ក្នុង​នោះ​មាន​ជនជា​តិ​ចិន ​១០០ ​នាក់ (​ស្រី ២ ​នាក់​) ជន​ជាតិ​វៀត​ណាម​ចំនួន ​៧៩ នា​ក់ (​ស្រី​ ១៨ ​នាក់​) និង​ជនជាតិ​ម៉ាឡេ​ស៊ី​ចំនួន​ ៥ នាក់ (​ស្រី​ម្នាក់​)​។​

​លោក​បាន​ឱ្យដឹង​ថា ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិ​វិធីនៃ​អគ្គ​នាយកដ្ឋា​ន​អន្តោ​ប្រវេសន៍​ ដើម្បី​បណ្ដេញ​ចេញ​ពីកម្ពុ​ជា​។ ក្នុង​នោះ​ផង​ដែរ មាន​ជន​បរទេស​ចំនួន ​៣៥៧ ​នាក់ (​ស្រី ៤៩ ​នាក់​) ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា ​បម្រើ​ការងារ​ដោយ​គ្មាន​បណ្ណ​ការងារ​ ហើយ​ត្រូវបាន​ផាក​ពិន័យ​ដោយ​ជំនាញ​មកពី អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​រួច​ទើប​អនុញ្ញាត​ឱ្យ​​ស្នើ​សុំ​បណ្ណ​ការងារ​ពី​មន្ទីរ​ការងារ៕