ភ្នំពេញៈក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន អំពាវ​នាវ​ជាថ្មី​ដល់​អ្នក​បើកបរ​មួយ​ចំនួន បញ្ឈប់​ការ​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសី​ហនុ ខណៈ​ផ្លូវ​នេះ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាសា​ធារណៈ​នៅ​ឡើយ ដោយ​ត្រូវ​រង់​ចាំរហូត​ដល់​ថ្ងៃទី ​១​ ខែតុលា ឆ្នាំ​ ២០២២។

ការក្រើន​រំឭក​ជាថ្មីនេះ ធ្វើ​ឡើង​បន្ទាប់​ពីសង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​បើក​បរ​លើ​ផ្លូវ​ល្បឿន​លឿន​មុន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លួវ​ការ និង​បាន​បង្ហោះ​រូបភាព​បែប​អវិជ្ជ​មាន ភ្ជាប់​ជាមួយ​រូប​ភាព​សត្វ​គោឆ្លង​កាត់​ផ្លូវ​ជាដើម​។

ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​បង្ហោះ​នៅ​លើហ្វេស​ប៊ុក​របស់​ខ្លួន​ថា​៖ « សូម​ជម្រាប​ជូន​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេ​ញ-ក្រុង​ព្រះសីហនុ បច្ចុ​ប្បន្ន ​“មិន​ទាន់​អនុញ្ញាត​” ឱ្យប្រើ​ប្រាស់ ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ សូម​បង​ប្អូន​អត់​ធ្មត់ រង់ចាំ​ដល់​ថ្ងៃទី​ ១ តុលា ២០២២ ទើប​អា​ច​ប្រើប្រាស់​បាន​។ សូម​បង​ប្អូន​មាន​ការ​យោគ​យល់​អធ្យា​ស្រ័យ សូម​បើកបរ​ដោយ​សុវត្ថិ​ភាព​»។

ជាមួយ​គ្នា​នេះដែរ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ លោក​ ឡុង ឌីម៉ង់​ បាន​ សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បាន​បើកបរ​លើផ្លូវ​ល្បឿន​លឿន​មុន​ការ​បើក​ឱ្យដំណើរការ​ជាផ្លូវ​ការ ហើយ​រិះគន់​ទៅ​លើម្ចាស់​ការ​ដ្ឋាន​ផ្លូវ​នេះ​ទៅវិញ​។

លោក​មាន​ប្រសាសន៍​ថា​៖ « ខ្ញុំ​ពិត​ជាមិន​យល់​ពីការ​គិត និង​ទង្វើ​របស់​បុគ្គល​ដែល​បាន​សុំអង្វរ​ករអ្នក​ទទួល​ខុស​ត្រូវ​ការ​ដ្ឋាន ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ-ព្រះសី​ហនុ ដើម្បី​បាន​ជិះជា​លក្ខណៈ​បណ្ដោះ​អាស​ន្ន និង​ដោយ​សារ​ការ​យោគ​យល់​ផ​ងនោះ ហើយ​បាន​ថតរូប​ការ​បំផ្លាស់​ទីរទេះ​ក្របី-គោមួយ​ចំនួន យក​ទៅ​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត ព្រម​ទាំង​អត្ថាធិប្បាយ​បន្តុះ​បង្អាប់ យ៉ាង​ចុក​ចាប់​ដល់​អ្នក​ទទួល​ខុស​ត្រូវ​ការ​ដ្ឋាន​ទៅវិញ​»។​

លោក​បន្តថា​ ផ្លូវ​ល្បឿន​លឿន​នេះ​កំពុង​ស្ថិត​នៅក្នុង​ស្ថាន​ភាព​ជាការដ្ឋា​ន​នៅឡើយ​ ហើយ​ផ្ទុយ​ទៅ​វិញ គឺ​អ្នក​ដែល​បើក​បរ​លើ​ផ្លូវ​នេះ​ មិន​មាន​សិទ្ធិប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ មុន​ការបើក​ឱ្យ​ដំណើរ​ការ​ជាសាធា​រណៈ​ពីក្រសួង​សាធារណ​ការ​ និ​ង​ដឹក​ជញ្ជូន​ឡើយ​។

លោក​ថា៖​ «ហេតុដូច​នេះ​ហើយ បាន​សូម្បី​តែ​អ្នក​បើកបរ​ក៏​ពេល​ខ្លះ​គេតម្រូវ​ឱ្យ​បើក​ផ្លូវ​បញ្ច្រាស​ទិស​ផង​ដែរ​។ អ្នក​បើក​បរ​ខ្លះ​ត្រូវ​បាន​អ្នក​ទទួលខុស​ត្រូវការ​ដ្ឋាន​អធ្យា​ស្រ័យ ដោ​យ​សារ​តែជាវប្បធម៌​យោគ​យល់​របស់​ខ្មែរ​ដូច​គ្នា​ទើប​អនុញ្ញាត​ឱ្យ​ចូល តែបែរ​ជា​មក​បន្ទោស​បង្អាប់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​អាម៉ាស់​ដល់​គេទៅ​វិញ​»។

លោក​គូសបញ្ជាក់​ថា ជាក់​ស្តែង ការ​បំផ្លាស់​ទីរទេះ​ក្របី-គោមួយ​ចំនួ​ននេះ​ គឺត្រូវ​បាន​អនុញ្ញាត​ដោយ​អ្នក​គ្រប់​គ្រង​ការ​ដ្ឋាន​ដើម្បីបិទ​ច្រក​ជាស្ថាព​រ​តាម​បណ្ដោយ​ផ្លូវ​។

យោង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ចុះថ្ងៃទី ​២៧ ​ខែ​កញ្ញា បាន​ឱ្យដឹ​ងថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពីរាជ​ធានី​ភ្នំពេញ​ទៅក្រុង​ព្រះ​សីហនុ ដែល​វិនិយោគ​សាង​សង់​ដោយ ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​ និង​ថ្នល់​ចិន ​(CRBC) គឺជាផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​នៅ​កម្ពុជា និង​ជាផ្លូវ​ដែលតម្រូវ​ឱ្យ​បង់​ប្រាក់​សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​នេះ​។

សេចក្តី​ប្រកាស​បន្ត​ថា ក្នុង​ន័យ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ និង​បង្កើន​ការ​យល់​ដឹង​ អំពីការ​ប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​ដល់​សាធា​រណ​ជន ឱ្យ​បាន​ទូលំ​ទូលាយ ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន និង​ក្រុម​ហ៊ុន​វិនិយោគ​ បាន​សម្រេច​អនុញ្ញាត​ឱ្យ​សាធា​រណ​ជន ដែល​ជាអ្នក​បើកបរ​យាន​យន្ត​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេល​ ១ ខែ គិត​ចាប់​ពីថ្ងៃទី ​១ ដល់ថ្ងៃ​ទី​ ៣១ ខែ​តុលា ឆ្នាំ ២០​២២។

ក្រសួង​បញ្ជាក់​ថា យាន​យន្ត​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន​ រួម​មាន រថ​យន្ត​គ្រប់​ប្រភេទ​ ដែល​មាន​ល្បឿន​អតិបរ​មា​លើស​ពី ៧០ គ.ម/ម៉ោង និង​ទោច​ក្រយាន​យន្តដែលមា​នទំ​ហំ ស៊ីឡាំង​ចាប់ពី​ ៥០០cc ឡើង​ទៅ​។

ជាមួយ​គ្នា​នេះដែរ ក្រសួង​សាធារណ​ការ ក្រើន​រំឭក​ដល់​សាធារណ​ជន ឱ្យចូល​រួម​គោរព​បទ​បញ្ជា និង​សេចក្តី​ណែនាំ​នានា​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​ថែរក្សា​សណ្តាប់​ធ្នាប់ សុវ​ត្ថិភាព និង​បង្កា​រគ្រោះថ្នាក់​ជាយថា​ហេតុ​ចំពោះ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​។

ក្រសួង​សង្កត់​ធ្ងន់​ថា​៖ «ក្រសួ​ង​សាធា​រណការ​និង​ដឹក​ជញ្ជូន​ អាជ្ញាធ​រ​មាន​សម​ត្ថ​កិច្ច និង​ប្រតិបត្តិករ​ផ្លូវ​ល្បឿន​លឿន​ មាន​សិទ្ធិ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់ ផ្លូវ​ល្បឿន​លឿន​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ក្នុង​ករណីមិន​អនុវត្ត​តាម​ការ​ណែនាំ»​។

ពាក់​ព័ន្ធផ្លូ​វ​ល្បឿន​លឿន​នេះដែរ កាល​ពីថ្ងៃទី ​២៣ ​ខែ​កញ្ញា តំណាង​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា និង​ទំនាក់​ទំនង​សាធា​រណៈ​ នៃក្រសួង​សាធារ​ណកា​រ លោក ហ៊ាង សុទ្ធា​យុត្តិ និង​គណៈ​ប្រតិភូ​ក្រុម​ហ៊ុន​ផ្លូវ​ល្បឿន​លឿន​ តំណាង​ដោយ​លោក​ស្រី YIN Hong អគ្គនាយក​រង​ក្រុម​ហ៊ុន​ Cambodian PPSHV Co., Ltd. បាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ពិភាក្សា អំពី​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវមធ្យោ​បាយ​ប្រមូល​ចំណូលក​ម្រៃ នៃការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ដើម្បី​ធានា​ប្រសិទ្ធ​ភាព និង​តម្លាភា​ព នៃអាជីវ​កម្ម តាម​រយៈ​ការបំពាក់​ហេដ្ឋា​រច​នាសម្ព័ន្ធ​បច្ចេក​វិទ្យា និង​ការ​ចែក​រំលែក​ទិន្ន​ន័យ​ចាំបាច់​សម្រាប់​ក្រសួង​ស្ថាប័​ន​រដ្ឋមាន​សមត្ថ​កិច្ច​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​សាជី​វកម្មផ្លូវ​ថ្នល់ និង​ស្ពាន​ប្រទេស​ចិន​ (CRBC) តាម​រយៈ​ក្រុម​ហ៊ុន​ផ្លូវ​ល្បឿន​លឿន​ Cambodian PPSHV ដោយ​មាន​តម្លៃប្រមាណ​ ២ ០១៩​ លាន​ដុល្លារ លាត​សន្ធឹង​ប្រវែ​ង​ជាង​ ១៨៧​គីឡូម៉ែត្រ តភ្ជាប់​រាជ​ធានី​ភ្នំពេញ​ ទៅក្រុង​ព្រះសីហ​នុ ដោយ​ឆ្លង​កាត់​ខេត្ត​កណ្តាល​ កំ​ពង់​ស្ពឺ និង​កោះកុង​៕