ភ្នំពេញៈការ​គំរាម​កំហែង​ដោយសារ​មីន និង​យុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ​ គឺមាន​ភាព​ស្មុគស្មាញ​ និង​បាន​បន្សល់​ទុក​នូវ​ទុក្ខ​សោកជាច្រើន​ដល់​ប្រជា​ពលរដ្ឋ​ និង​បន្ទុច​បង្អាក់​សកម្មភាព​អភិវឌ្ឍន៍​ថែម​ទៀត។ ជាមួយគ្នា​នេះ កម្ពុជា​បាន​ប្តេជ្ញា​លុប​បំ​បាត់​គ្រាប់​មីន​ឱ្យ​អស់ត្រឹម​ឆ្នាំ​ ២០២៥ តាម​អនុ​សាសន៍​​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា។ នេះ​បើតាម​ការ​លើកឡើង ​របស់​លោក​ទេសរដ្ឋ​មន្រ្តី លី ធុជ អនុ​ប្រធាន​ទី ១ អាជ្ញាធរ​មីន។

លោកបាន​ថ្លែង​​ដូច​នេះ នាឱ​កាស​នៃការ​ប្រកាស​រាជ​ធានីភ្នំពេញ​អស់​មីន កាល​ពី​ថ្ងៃទី ​២២ ខែកញ្ញា ក្រោម​អធិបតី​ភាព​លោក​ស្រី​ ម៉ែន សំអន ឧបនាយ​ក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​។

​​ក្នុង​ឱកាស​នោះ លោក លី ធុជ បាន​លើកឡើង​អំពី​បញ្ហា​មីន និង​សំណល់​ជាតិផ្ទុះពី​សង្រ្គាម ក្នុង​ប្រទេសក​ម្ពុជា ដែល​ជាកេរដំណែល​បន្សល់​ទុកពី​សង្រ្គាម​ក្នុង​តំបន់ និង​ជម្លោះ​ផ្ទៃក្នុង​ អស់​ជាង៣​ទសវត្សរ៍ និង​បាន​បន្សល់​ទុក​នូវគ្រាប់​មីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ រាប់​លាន​គ្រាប់​នៅគ្រប់​ទិស​ទី នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​វាមិន​ត្រឹម​តែបំផ្លា​ញ​អា​យុជី​វិត និង​បង្ករបួស​ស្នាម​ដល់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ប៉ុណ្ណោះ​ទេ វាថែម​ទាំង​ជាឧបសគ្គ​ធ្វើឱ្យ​រាំង​ស្ទះដល់​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ទៀត​ផង​។

លោក​មា​ន​ប្រសាសន៍​ថា ​៖ «ភូមិ​អស់មីន ឬខេត្ត​ រាជធានី​អស់​មីន មិន​មែន​ជាភូមិ ឬ​ជាខេត្ត រាជ​ធានី អស់​បញ្ហា​យុ​ទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះដទៃទៀត​នោះ​ទេ។ មាន​ន័យ​ថា រាជធានី​ភ្នំ​ពេញ មិន​ទាន់​អស់​បញ្ហា​គ្រាប់​មិន​ទា​ន់ផ្ទុះពី​សង្រ្គាមទេ បន្ទាប់​ពី​បញ្ចប់​វត្តមាន​គ្រាប់​មីន​ចុង​ក្រោយ​នៅរាជធានី​ភ្នំពេ​ញ ដែល​យើង​បាន​ដឹងក្នុង​ខែមីនា​ ឆ្នាំ ២០២២ និងត្រូវ​បាន​ប្រកាស​អស់មី​ន នាថ្ងៃនេះ​»។

លោក​បានបញ្ជាក់​ថា រាជ​ធានី​ភ្នំពេញ​នៅសល់​ផ្ទៃដី​សង្ស័យ​មាន​គ្រាប់​បែក​ចង្កោម និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះដ​ទៃទៀត ប្រមាណ​ជា ៣១៥ ហិក​តា ស្មើនឹ​ង ៣៦ ចម្ការ​គ្រាប់​មីនទៀត ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ពោធិ៍​សែន​ជ័យ សែនសុខ និង​ខណ្ឌ​ជ្រោយ​ចង្វារ​។​

ជា​មួយ​គ្នានោះផង​ដែរ លោក​ស្រី ម៉ែន សំអន បាន​​ធ្វើការ​កោត​សរសើរ និ​ង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់​ដឹក​នាំ មន្ត្រី បុគ្គ​លិក របស់​អាជ្ញាធរ​មីន​​ ដែល​បាន​បំពេញ​ការងារ​ទទួលបាន​​ជោគ​ជ័យ​ប្រកប​ទៅដោយ​ផ្លែផ្កា ធ្វើឱ្យ​សហគ​មន៍​អន្តរជាតិ ទទួល​ស្គាល់​នូវ​សមត្ថ​ភាព​លើវិស័យ​បោស​សម្អាត​មីន​នៅ​កម្ពុជា​។

លោក​ស្រី​បានប​ន្ថែម​ថា រាជ​ធានី​ភ្នំ​ពេញ កាល​ពី ៤៣ ឆ្នាំមុន​ ​ពោរពេញ​ទៅដោយ​ភាព​ឈឺចាប់​ ដោយ​បា​នឆ្លង​កាត់​សង្គ្រាម និង​បាន​ក្លាយ​ជាទីក្រុង​ខ្មោច ដែល​កើត​ចេញ​ពីវិនាសកម្ម​សង្គ្រាម បាន​បន្សល់​នូវ​ការ​ព្រាត់ប្រាស់​ កំព្រា ឯកា និងភាព​ខ្ទេច​ខ្ទាំ ដោយ​បាន​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ដំណា​ក់កា​ល។​

លោ​ក​ស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា ៖ «រហូត​មក​ដល់​ពេល​នេះ រាជ​ធានី​ភ្នំពេញ​មាន​ការ​អភិវឌ្ឍ​ដូច​បច្ចុ​ប្បន្ន​នេះ និង​បាន​ប្រសិទ្ធនាម​ថា​ ជាទីក្រុង​គ្មាន​មីន ក្រោម​ការដឹក​នាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ​ដែល​ត្រូវបាន​បិទបញ្ចប់​ដោយ​ជោគ​ជ័យ​នូវ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ ​និង​បាន​ធ្វើឱ្យ​កម្ពុជា​ទទួ​ល​បាន​ជោគ​ជ័យ​ជាប្រវត្តិ​សាស្រ្ត និង​បាន​នាំមក​នូវ​ការឯក​ភាព​ជាតិ ឯក​ភាព​ទឹក​ដី និង​សុខ​សន្តិភាព​ពេញ​លេញ ជូន​ប្រទេស​ជាតិ និង​ប្រជាជន​យើង​»។​

លោក​ស្រីថា​ រាជ​ធានី​ភ្នំពេ​ញ​គឺជា​មូល​ដ្ឋាន​ដែន​ដីទី​ ៣ បន្ទាប់​ពី​ខេត្ត​កែប និងខេត្តព្រៃ​វែង ដែល​ត្រូវបាន​បញ្ចប់​វត្ត​មាន​គ្រាប់​មីនចុង​ក្រោយ​នេះ។​

ចំណែក​លោក មាន ចាន់​យ៉ាដា អភិបាល​រង​រាជ​ធានីភ្នំ​ពេញ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​រាជធានី​ភ្នំពេញ បាន​ឆ្លង​កា​ត់ភ្លើង​សង្គ្រាម និង​ឧបសគ្គ​ជាច្រើន ទម្រាំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ។ សង្គ្រាម​ឈ្លប និង​ចលនា​ឧទ្ទាម បាន​បង្កអស​ន្តិសុ​ខ​សង្គម​ព្រម​ទាំង​បន្សល់​ទុកនូវ​ចម្ការ​មីន និង​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះរាប់​លាន​គ្រាប់ពាស​ពេញ​ផ្ទៃ​ប្រទេស​។

​លោក​បាន​ថ្លែង​ថា ៖ «អ្វី​ដែល​គួរ​ឱ្យសោក​ស្តាយ​ជាទីបំផុត​នោះ គឺគិត​ត្រឹម​ឆ្នាំ​ ២០២១ នៅ​រាជ​ធានី​ភ្នំ​ពេញ មានអ្នក​រង​គ្រោះ សរុប​ចំនួន ​២០៤​ នាក់ ក្នុង​នោះ​បាត់​បង់អាយុជីវិត​ចំនួន ​៧២ នាក់, ពិការ​ ៥ នាក់ និង​របួស​ចំនួន ​១២​៧ នាក់ ដែល​នេះ​គឺជា​ផល​ប៉ះពា​ល់សង្គម​ចាំបាច់ ត្រូវ​បន្តខិតខំ​ដោះ​ស្រាយ និង​ជាកត្តារាំង​ស្ទះដ​ល់ការ​អភិវឌ្ឍ​​ទីក្រុង​របស់​យើង​»។​​​

បើ​តាម​លោកទេស​រដ្ឋ​មន្រ្តី លី ធុជ នៅ​ឆ្នាំ ១៩៩២ ការ​បោស​សម្អាត​មីន​មនុស្សធម៌​ទ្រង់​ទ្រាយធំ​នៅ​កម្ពុជា​ ត្រូវបាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ ដោយមាន​កម្មវិធី​សកម្ម​ភាព​មីន​ពេញ​លេញ ដែល​ក្នុង​រយៈពេល​ជាង​ ៣០ ឆ្នាំនេះ​ កម្ពុជា បាន​រក​ឃើញ និង​បំផ្លាញ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាម​ រាប់លាន​គ្រាប់ និង​បាន​ប្រែក្លាយ ​«ដីមីន​» ទៅជា «ដី​មាស​»។

គិត​ត្រឹម​ខែសីហា ឆ្នាំ ​២០២២ កម្ពុជា បាន​រំដោះផ្ទៃ​ដីពីការ​គំរា​ម​ដោយសារ​មីន និង​សំណល់ជាតិ​ផ្ទុះពីសង្រ្គាម​បានចំនួន​ ២ ៤៥៤ គីឡូម៉ែ​ត្រក្រឡា រក​ឃើញ​ និងកម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ១៤៤ ៨៧៧ គ្រាប់, មីនប្រ​ឆាំ​ង​រថក្រោះ​ចំនួ​ន ២៦ ០៦៥ គ្រាប់, សំណល់​ជាតិ​ផ្ទុះពី​សង្គ្រាម​ដទៃទៀ​ត ៣ ៣៦៤ ៣៨៧ គ្រាប់ និង​មានអ្ន​​ក​ទ​ទួលផល​ប្រមាណ​ជាង ៧,៣ លាន​នាក់។

ដោយ​ឡែក នៅ​រាជ​ធានី​ភ្នំពេញ ផ្ទៃ​ដីសង្ស័យ​មាន​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះសរុ​បប្រមាណ​ជាង​ ៣១៨ ហិក​តា ស្មើនឹ​ង ៩០ ចម្ការ​មីន​/​គ្រាប់ ត្រូវ​បាន​បោស​សម្អាត ដោយ​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្សចំនួន​ ២២១​គ្រាប់ មីន​ប្រឆាំង​រថ​ក្រោះ ១៧៥គ្រាប់ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះដទៃ​ទៀត ២៨ ៦១១ គ្រាប់។ នេះបើ​តាម​លោក​ លី ធុជ។

លោក​បាន​បញ្ជាក់​ទៀត​ថា ៖ «ទោះបី​មាន​កិច្ចខិតខំ​ប្រឹង​ប្រែង និង​យក​ចិត្តទុក​ដាក់ពីរាជ​រដ្ឋាភិបាល​កម្ពុជា និង​មាន​ការចូ​លរួម​ពីដៃគូអ​ភិវឌ្ឍ​ន៍ កម្ពុជា​បន្ត​នៅ​សល់​ផ្ទៃ​ដីមាន​មីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះប្រមាណ​ជា ២ ០០០ គីឡូម៉ែត្រក្រឡា និង​មាន​ប្រជា​ពលរដ្ឋ​ជាង ១​លាន​នាក់ កំពុង​បន្តរស់​នៅ​លើតំបន់​សង្ស័យ​ទាំង​នេះ​»។

លោក​បាន​បន្ត​ថា ក្នុង​នោះ​ផ្ទៃ​ដីមានមីន​ចំនួន​ ៧០២ គីឡូម៉ែត្រ​ក្រឡា ដែល​កម្ពុជា​មាន​មហិច្ឆតា​ត្រូវ​បោស​សម្អាតឱ្យអស់​ត្រឹម​ឆ្នាំ ២​០២៥ កំពុង​នៅសល់​ក្នុង​ខេត្ត​ចំនួន ២១ ទៀត បន្ទាប់ពី​ខេត្ត​ស្ទឹង​ត្រែង​គ្មាន​មីន និង​ការ​ប្រកាសខេត្ត​កែប ខេត្ត​ព្រៃវែង និ​ង​រាជ​ធានី​ភ្នំពេញ​អស់​មីន​នេះ​៕