ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ចូលរួម​ក្នុង​ពិធី​លា​គ្នា​ជា​ចុងក្រោយ​នៃ​ពិធី​បុណ្យសព​លោក ស៊ីនហ្សូ អាបេ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​បាន​ទទួល​មរណភាព​បន្ទាប់ពី​ត្រូវ​បាន​គេ​បាញ់ប្រហារ​។

នៅ​ក្នុង​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ លោក ​ស៊ីន​ហ្សូ ​អាបេ ​​នា​ថ្ងៃទី​ ២៧​ ខែ​កញ្ញា​ លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ជួប​​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក ​Charles​ Michel​ ពិភាក្សា ​​​អំពី​សភាពការណ៍​សង្គ្រាម​នៅ​អ៊ុយក្រែន ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ កិច្ច​ការងារ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា ​និង​ស្ថាន​ភាព​ជា​ទូទៅ​របស់​ពិភពលោក​ផង​ដែរ​។

ឆ្នាំ​ ២០២២ ​នេះ​គឺជា​ខួប​លើក​ទី​២០ ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្តីពី​ក្រម​ប្រតិបត្តិ​សម​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC)​ រវាង​អាស៊ាន​ និង​ប្រទេស​ចិន​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​ ២០០២​ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​។

ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ ក្រោយ​ជំនួប​នេះ​ថា​៖​ «​ដូច្នេះ​អ្វី​ដែល​សម្ដេច​ចង់​ឃើញ​គឺ​ការ​បន្ត​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ ​DOC​ ហើយ​សម្ដេច​ ក៏​បាន​គូស​បញ្ជាក់​អំពី​ចំណុច​សំខាន់​ គឺ​ថា​យើង​ខិតខំ​ជំរុញ​ការ​ចរចា​ ដើម្បី​ចេញ​នៅ ​COC​ នៅ​ពេល​ខាង​មុខ​នេះ ទោះបី​មាន​ការ​លំបាក​ក៏​ដោយ​» ​។

លោក​ Michel​ ក៏​បាន​ចាត់ទុក​ទំនាក់ទំនង​រវាង​អឺរ៉ុប​ ជាមួយ​អាស៊ាន​ជា​ទំនាក់ទំនង​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​មធ្យោបាយ​ ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ភាគី​ទាំង​ ២ ​។​ ​ដោយ​អាស៊ាន ​និង​អឺរ៉ុប​ មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ លោក​ ហ៊ុន​ សែន​ បាន​អញ្ជើញ​លោក ​Charles​ Michel​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​ នៅ​ពេល​ខាង​មុខ​ ជា​ពិសេស​ កិច្ច​សន្ទនា​អាស៊ាន​ពិភពលោក​នៅ​កម្ពុជា​ផងដែរ​ ខណៈ​លោក​ ហ៊ុន​ សែន បាន​ប្រកាស​ថា​ លោក​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-​អឺរ៉ុ​ប​ ​រំឭក​ខួប​អនុស្សាវរីយ៍​នៅ​ទីក្រុង​ ប្រ៊ុច​សែល ​ប្រទេស​បែលហ្ស៊ិក​។

លោក​ ហ៊ុន​ សែន​ ក៏​បាន​លើក​ឡើង​ថា ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ នេះ​ កម្ពុជា​មាន​ការ​ប្រឈម​ជា​ច្រើន​ ដោយសារ​ស្ថានភាព​តំបន់​ និង​ពិភពលោក ​ជា​ពិសេស​ដូចជា​ មីយ៉ាន់ម៉ា​ជា​ដើម​ ដោយ​លោក​​នឹង​ខិតខំ​ព្យាយាម​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ ទោះ​បីជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​។

នៅ​ថ្ងៃ​ទី​ ២៧ ​ខែ​កញ្ញា​ នេះ​ដែរ ​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ព្រឹក​ លោក​ ហ៊ុន​ សែន​ និង​លោក ង្វៀន ​សួនហ្វុក​ បាន​ឯកភាព​គ្នា​ក្នុងការ​បន្ត​ដោះស្រាយ​ការងារ​មួយ​ចំនួន​ដែល​នៅ​សេសសល់ ពិសេស​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ឆាប់​រហ័ស​។ ហ្វេសប៊ុក​លោក​ ហ៊ុន សែន​ បាន​ដកស្រង់​សម្ដី​ លោក​ ង្វៀន​ សួនហ្វុក​ ថា​ មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​បាន​រួមគ្នា​ដោះស្រាយ​ការងារ​ធំៗ​ជា​ច្រើន​ ដែល​​បម្រើ​ផល​ប្រយោជន៍​នៃ​ប្រទេស​ និង​ប្រជាជន​ទាំង​ ២ ​កម្ពុជា​-​វៀតណាម​ ដែល​ធ្វើឱ្យ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​មាន​ការ​កើន​ឡើង​ខ្ពស់​ បើទោះបី​ជា​ជួប​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ក្តី​។​​​ ហ្វេសប៊ុក​ដដែល​បាន​បញ្ជាក់​ថា​ ​នៅក្នុង​ពិធី​លា​គ្នា​ជា​លើក​ចុងក្រោយ​នៃ​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់​លោក​ អា​បេ​ នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ គីស៊ីដា ហ្វូមីអូ ​និង​ភរិយា​លោក​ អាបេ​ លោក​ ហ៊ុន សែន​ និង​គណៈប្រតិភូ​ បាន​សម្ដែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ និង​ការ​គោរព​ស្រឡាញ់ សោកស្តាយ​បំផុត​ ចំពោះ​ការ​បាត់បង់​លោក​ អាបេ​។

លោក​ ហ៊ុន​ សែន​ ចាត់​ទុក​លោក​ អា​បេ គឺជា​រដ្ឋ​បុរស​ដ៏​ឆ្នើម​របស់​ប្រទេស​ និង​ប្រជាជន​ជប៉ុន​ និង​ជា​មិត្តភក្ដិ​ជាទី​គោរព​ស្រឡាញ់​របស់​ប្រទេស​ ​និង​ប្រជាជន​កម្ពុជា​។

ហ្វេសប៊ុក​លោក ​ហ៊ុន​ សែន​ បញ្ជាក់​ថា​ លោក ​អាបេ ​គឺជា​មិត្តភក្ដិ​ដ៏​ល្អ​ពិតប្រាកដ​ និង​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះត្រង់​របស់​កម្ពុជា​ ដែល​បាន​រួម​ចំណែក​យ៉ាង​ជ្រាលជ្រៅ ​ក្នុងការ​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេ​ភាគី ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ លោក​ អាបេ ​គឺជា​មិត្ត​ជាទី​ស្រឡាញ់​រាប់អាន​ដ៏​យូរ​ម្នាក់ ​ដែល​បាន​រួមចំណែក​ពូនជ្រំ​ភាពជា​ដៃគូ ​និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ ដើម្បី​ជា​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ ។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា​កាយវិការ​ដ៏​សប្បុរស​ និង​មនោសញ្ចេតនា​ស្មោះស្ម័គ្រ​របស់ ឯកឧត្តម ​អាបេ ស៊ីនហ្សូ ​នឹង​ត្រូវបាន​ចងចាំ​ដិតដាម​ជាប់​ជានិច្ច​ ក្នុង​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា ក៏​ដូចជា​រូប​សម្តេច​ជា​រៀង​រហូត​។​ ក្នុង​កាលៈទេសៈ​​ដ៏​សែន​សោក​សង្រេង​នេះ ​សម្តេច​បាន​បួងសួង​សូម​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​ ឯកឧត្តម​ អាបេ​ ស៊ីនហ្សូ ​បាន​ទៅ​សោយសុខ​ ក្នុង​សុគតិ​ភព​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ពិធី​បុណ្យសព​ថ្នាក់​ជាតិ​ជូន​លោក​ អាបេ​ មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជា​ប្រមុខរដ្ឋ ​និង​រដ្ឋាភិបាល​ អតីត​មេ​ដឹកនាំ​ពិភពលោក​ ប្រមាណ ​៥០​ រូប និង​ភ្ញៀវ​កិត្តិយស​អន្តរជាតិ​ ប្រមាណ ​៧០០ ​នាក់​ និង​ភ្ញៀវ​ជាតិ ​សរុប​ទាំងអស់​ប្រមាណ ៤ ៥០០ នាក់ ដែល​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ​និង​ពិធី​បុណ្យ​សព​ថ្នាក់ជាតិ​ដើម្បី​លា​គ្នា​ជា​លើក​ចុង​ក្រោយ​។

លោក​ គិន​ ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា ​ថ្លែង​ថា ការ​ចូល​រួម​របស់​លោក​ ហ៊ុន​ សែន​ នៅ​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​លោក​ អាបេ ​នេះ​គឺជា​ការ​បង្ហាញ​អំពី​បេះដូង​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ រវាង​ថ្នាក់​ដឹកនាំ​ និង​ថ្នាក់​ដឹកនាំ ​និង​រវាង​ប្រទេស និង​ប្រទេស៕