​ភ្នំពេញៈ កម្ពុជា និង​គុយបា បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ​៣ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ផែនការ​សហប្រតិបត្តិ​ការ​ការ​​បរទេស និង​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ ២​។ ជាមួយគ្នា​នោះ កម្ពុជា​បានប្រកាស​ផ្តល់​អង្ករ ៦ ​ពាន់​តោន​ដល់​គុយបា​។​

​លោក Miguel Diaz-Canel ប្រធានាធិបតី​គុយបា ធ្វើជា​សហ​​ធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​កម្ពុជា ក្នុងឱកាស​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ ពីថ្ងៃ​ទី ​២៣-២៥ ខែកញ្ញា​។​

​ឯកសារ​ទី​១ គឺ​អនុស្សរណៈ​​យោគយល់​គ្នា (MoU) រវាង​ក្រសួងសុខាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​គុយបា ដែលចុះហត្ថលេខា ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា​​ភិ​បាល​កម្ពុជា និង​លោក ហូ​សេ អាង​ហ្គេ​ល ព័រ​តា​ល់ មី​រ៉ា​ន់​ដា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សាធារណៈគុយបា​។

​ឯកសា​ទី​២ ​គឺ​ផែនការ​សហ​​ប្រតិបត្តិការ រវាង​ក្រសួង​ការ​​បរទេស​គុយបា និង​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិ​​ការ​អន្តរជាតិ​កម្ពុជា ដែល​ចុះ​​ហត្ថលេខា រវាង​លោក ហេ​ឡា​ដូ ផេ​ណា​ល់​ប៊ែ​រ ព័រ​តា​ល់ អនុរដ្ឋមន្ត្រីទី​១ នៃ​ក្រសួងការបរទេស​គុយ​បា និង​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិ​​ការ​អន្តរជាតិ​កម្ពុជា​។​

​ឯកសារ​ទី​៣ គឺ អនុស្សរណៈ​​យោគយល់ (MoU) រវាង​វិទ្យាស្ថាន​ឧ​ត្ត​ម​សិក្សា​ទំនាក់​​ទំនង​អន្តរជាតិនៃ​ប្រទេស​​គុយបា និង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរ​​ជាតិ​នៃ​ប្រទេស​កម្ពុជា ដែល​ចុះហត្ថលេខា រវាង​លោក អ៊ុច បូរ​រិ​ទ្ធ និង​លោក រ៉ូ​ហេ​លី​អូ ស៊ីរ៉ា​ ឌី​យ៉ា​ស ព្រឹទ្ធបុរស នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​បរទេស​ជាន់ខ្ពស់ នៃ​ក្រសួងការបរទេស​គុយ​បា​។​

​ក្នុងជំនួប​ជាមួយនឹង​លោក Miguel Diaz-Canel នៅមុន​ពិធី​ចុះ MoU នេះ លោក​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​​ប្រកាស​ផ្តល់​អង្ករ ៦ ​ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​​គុយបា ដោយ​លោក​បញ្ជាក់​​ថា​៖ «​អង្ករ ៦ ​ពាន់​តោន​នេះ មាន ​៣ ​ពាន់​តោន ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​​កម្ពុជា ហើយ ៣ ​ពាន់​តោន​ទៀត ជា​ជំនួយ​របស់​វិស័យ​ឯកជន​។ អង្ករ ​៦ ​ពាន់​តោន​នេះ​ នឹង​ដឹក​​ចេញពី​កម្ពុជានៅ​ខែតុលា ហើយ​ដឹក​ដល់​ប្រទេស​គុយបា​នៅក្នុង​ខែធ្នូ​»​។​

​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី​ ២៤ ខែកញ្ញា​ថា មេដឹកនាំ​ប្រទេស​ទាំង​ ២ បាន​​ជជែក​គ្នា​ពី​ការរៀបចំ​ឱ្យមាន​ទស្សនកិច្ចរបស់​ក្រុម​អ្នក​បច្ចេកទេសផ្នែក​កសិក​ម្ម ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម នៅ​ប្រទេស​កម្ពុជា ជាពិសេស លើ​ដំណាំ​ស្រូវ​។ លោក ហ៊ុន​ សែន បាន​បញ្ជាក់ថា កម្ពុជាជា​អ្នករ៉ាប់រង​រាល់​ការចំណាយ​លើ​ការសិក្សា​ស្រាវជ្រាវ​នេះ ហើយ​លោក​បានចាត់ទុក​ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម ជា​ចំណែក​ ១ សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀង​រវាង​កម្ពុជា និង​ប្រទេស​គុយបា​។​

​ខណៈ​ធ្វើ​ទស្សនកិច្ច​នៅ​ម​ជ្ឈ​​មណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​​បច្ចេកវិទ្យា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ឱ្យ​លោក​ ម៉ម ប៊ុនហេង ធ្វើ​ទំនាក់ទំនង​ជាមួយ​មជ្ឈមណ្ឌល​នេះ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការនាំ​ចូល ឬ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺមហារីក និង​ទឹក​នោម​ផ្អែម​មកកាន់​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​អត្រា​មនុស្ស​កើត​​ជំងឺ​ទាំង​ ២ ​ប្រភេទ​នេះ​ខ្ពស់​។

​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន​ បញ្ជាក់ថា ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​នេះ​បាន​ទទួលយក​នូវ​សំណូមពរ របស់លោក ហ៊ុន សែន ហើយនឹង​បន្ត​សហការ​ជាមួយ​ក្រសួង​​សុខាភិបាល​កម្ពុជា​។​

​ដោយឡែក ក្នុងជំនួប​ជាមួយ លោក រ៉ា​អ៊ួ​ល កា​ស្ត្រូ អតីត​​ប្រធានាធិបតី​គុយបា កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា​លោក ហ៊ុន សែន ថ្លែងថា កម្ពុជា​មិន​ភ្លេច​ឡើយ​នូវ​អ្វី ដែល​ប្រទេស​គុយបា បាន​​ជួយ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​គ្រា​ដ៏​លំបាក ក្រោយ​កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ខ្មែរក្រហម​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​ឱ្យដឹងថា​៖ «​សម្តេច​តេ​ជោ​ [​ហ៊ុន សែន​] បាន​​បញ្ជាក់ថា នៅពេលនោះ​ប្រទេស​​គុយបា បាន​ជួយ​កម្ពុជា​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ចក្រពត្តិ​​និយម និង​របប​ប្រល័យ​ពូជ​​សាសន៍​ខ្មែរក្រហម​។ សម្តេច​តេ​ជោបាន​រំឭកថា នៅក្នុង​ឆ្នាំ ​១៩៧៩ ប្រទេស​គុយបា បាន​ជួយ​កម្ពុជា​យ៉ាងច្រើន ហើយ​នៅ​ចងចាំ​ថា ពេលនោះ​កម្ពុជាមាន​ស្ករ​គុយបា មាន​មជ្ឈមណ្ឌល​កុមារកំព្រា​គុយបា ហើយ​ក៏មាន​កប៉ាល់​ចម្លង​របស់​គុយបា​ផងដែរ​»​។

​លោក​ ហ៊ុន សែន បាន​រំឭកថា ជំនួយ​គុយបា​នៅពេលនោះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ទើប​ងើប​ពី​សេចក្តីស្លាប់​នៃ​របប​ខ្មែរ​​ក្រហម ហើយ​ត្រូវការ​ចាំបាច់​ការរស់រាន​មានជីវិត​។ ប្រទេស​​គុយបា បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ធនធាន​​មនុស្ស គឺជា​រឿង​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេលនោះ​។ ទំនាក់ទំនង​កម្ពុជា និង​គុយបា ជាពិសេស​ទំនាក់​​ទំនង​នយោបាយ​នៅតែ​ខ្លាំង ទោះបី​មានការ​ប្រឈម​បញ្ហា​នានា​យ៉ាងណាក៏ដោយ​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាថ្លែងថា ទស្សនកិច្ច​របស់លោក​ ហ៊ុន សែន ទៅកាន់​ប្រទេស​គុយបា​នេះ គឺជា​ការពង្រឹង​ទំនាក់ទំនងជា​ប្រពៃណី រវាង​ប្រទេស​ទាំង ​២ ដែលមាន​តាំង​ ពី​សម័យ​សង្គ្រាមត្រជាក់​៕