
មន្ទីរពេទ្យបង្អែកក្រឡាញ់ នៅខេត្តសៀមរាប ត្រូវបានជំនន់ទឹកភ្លៀងជន់លិច។ រូបថត រដ្ឋបាលខេត្តសៀមរាប
ភ្នំពេញៈ ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (Noru) បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ផ្ទៃអាងទន្លេមេគង្គ និងបានបង្កជាជំនន់ទឹកភ្លៀង ធ្វើឱ្យលិចលង់លំនៅឋានពលរដ្ឋរាប់ពាន់ខ្នង នៅតាមបណ្ដាខេត្តមួយចំនួន ខណៈអ្នកស្លាប់ដោយគ្រោះទឹកជំនន់ បានកើនដល់ ១៦ នាក់ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ជួរភ្នំ និងខ្ពង់រាប ភាគពាយព្យ និងភាគឧត្តរនៃប្រទេសកម្ពុជា។ លំនៅឋានរាប់ពាន់ខ្នងរបស់ប្រជាពលរដ្ឋក្នុងបណ្ដាខេត្តជាប់ព្រំដែនថៃបានរងការលិចលង់ ដោយជំនន់ទឹកភ្លៀង ព្រមទាំងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវលំជនបទជាច្រើនកន្លែង។
លោកថ្លែងថា៖ «យោងតាមរបាយការណ៍បឋម ចំនួនអ្នកស្លាប់ដោយករណីលង់ទឹក ក្នុងពេលមានគ្រោះទឹកជំនន់កើតឡើង កើនដល់ ១៦ នាក់ហើយ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២»។ បើតាមលោក គឹមកុលមុន្នី ខេត្តដែលកំពុងជួបប្រឈមនឹងជំនន់ទឹកភ្លៀងដោយសារតែឥទ្ធិពលនៃព្យុះទី១៦ នាពេលនេះរួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង។
ជុំវិញករណីជំនន់ទឹកភ្លៀងនេះ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែបនៃខេត្តព្រះវិហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង និងប៉ះពាល់ខូចខាតផ្លូវជាច្រើនកន្លែង រួមទាំងកំណាត់ផ្លូវជាតិលេខ ៩ ផងដែរ។
លោកថ្លែងថា៖ «ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព បច្ចុប្បន្នអាជ្ញាធរយើងបានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ»។
ស្រដៀងគ្នានេះ កំណាត់ផ្លូវជាតិលេខ ៦ ក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ២២០ ដល់ចំណុចគីឡូម៉ែត្រលេខ ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏រងការជន់លិចធ្វើឱ្យប៉ះពាល់ធ្ងន់ផងដែរ។ ដើម្បីរួមចំណែកថែរក្សាផ្លូវ ស្ពានសម្រាប់ការប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ បានសម្រេចបិទការធ្វើចរាចរណ៍ ឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៦ ក្នុងតំបន់ខាងលើនេះ ជាបណ្ដោះអាសន្ន។

រថយន្ត និងម៉ូតូកំពុងបើកបរឆ្លងកាត់កំណាត់ផ្លូវទឹកជំនន់ជន់លិចក្នុងខេត្តកំពង់ធំពីថ្ងៃទី ២៦ កញ្ញា។ រូបថត រដ្ឋបាលខេត្ត
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចេញបញ្ជាឱ្យកម្លាំងអន្តរាគមន៍នៃបញ្ជាការឯកភាពខេត្ត ចុះសម្រួលចរាចរណ៍នៅតាមទីតាំងផ្លូវដែលជន់លិចខ្លាំង និងជួយជម្លៀសពលរដ្ឋនៅតាមមូលដ្ឋាន ទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកជន់លិចផ្ទះធ្ងន់ធ្ងរមិនអាចរស់នៅបាន។
លោកបានបញ្ជាក់ថា៖ «ដើម្បីសុវត្ថិភាពអ្នកដំណើរ យើងចាំបាច់ត្រូវចុះជួយអន្តរាគមន៍ សម្រួលចរាចរណ៍ដល់អ្នកដំណើរនៅតាមដងផ្លូវដែលមានទឹកលិច និងហូរកាត់ខ្លាំង។ ត្រូវជួយអន្តរាគមន៍ជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ក្នុងករណីផ្ទះរបស់គាត់ជន់លិចខ្លាំងមិនអាចរស់នៅបាន»។
ចំណែកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងដែរថា នៅពេលនេះ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងក្នុងស្រុកព្រះនេត្រព្រះ បានរងការជន់លិចយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នា ២ ថ្ងៃមកនេះ។ លោកបានបន្តទៀតថា អាជ្ញាធរកំពុងចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព ខណៈអាកាសធាតុនៅបន្តមានភ្លៀងធ្លាក់នៅឡើយ។
ជុំវិញបញ្ហាអាកាសធាតុនេះផងដែរ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បាននិយាយថា នៅពេលនេះព្យុះណូរុ ដែលបានកើតឡើងនៅភាគខាងកើត ប្រទេសហ្វីលីពីន បានធ្វើដំណើរចូលមកដល់ភាគកណ្ដាលនៃប្រទេសវៀតណាម ហើយកំពុងវិវត្តខ្លួនទៅជាព្យុះទីហ្វុង។
លោកបានបញ្ជាក់ថា៖ «ព្យុះនេះនឹងថមថយឥទ្ធិពលបន្តិចម្ដង ដោយវិវត្តខ្លួនទៅជាវិសម្ពាធ នៅពេលបក់ឆ្លងកាត់លើតំបន់ផ្ទៃអាងទន្លេមេគង្គនៃប្រទេសថៃ និងប្រទេសឡាវ។ ឥទ្ធិពលនៃព្យុះនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៨-៣០ ខែកញ្ញាខាងមុខនេះ ជាពិសេសនៅក្នុងបណ្ដាខេត្តជាប់ព្រំដែនថៃ»។
ទន្ទឹមនឹងនេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបជាប់ផ្លូវទឹក និងតំបន់ផ្ទៃរងទឹកភ្លៀង ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានឡើងជាយថាហេតុ។ ចំណែកអ្នកដែលរស់នៅតាមតំបន់មាត់សមុទ្រ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ ព្រោះឥទ្ធិពលនៃព្យុះនេះ នឹងបង្កឱ្យមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកខ្លាំង ព្រមទាំងធ្វើឱ្យមានរលកសមុទ្រធំៗ ដែលអាចមានកម្ពស់ប្រមាណជាង ២ ម៉ែត្រ៕
វីដេអូ៖