
លោក អ៊ិត សំហេង ពេលថ្លែងទៅកាន់ពលករនៅថៃ។ រូបថត ក្រសួងការងារ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះពលករខ្មែរដែលកំពុងបម្រើការងារ នៅប្រទេសថៃដែលមានប្រមាណ ១,២ លាននាក់ ដែលមានស្មារតី តស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃ ចិញ្ចឹមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ តាមរយៈការផ្ញើលុយមកកាន់ក្រុមគ្រួសារសរុបប្រមាណជាង ២ ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។
លោក អ៊ិត សំហេង បានថ្លែងនៅក្នុងពិធីចូលរួមបុណ្យភ្ជុំបិណ្ឌជាមួយពលករខ្មែរ នៅប្រទេសថៃ កាលពីថ្ងៃទី ២៥ ខែកញ្ញាថា ទន្ទឹមនឹងនេះ ដើម្បីឱ្យពលករអាចបន្តទទួលបាននូវអត្ថប្រយោជន៍ទាំងកំពុងធ្វើការនៅប្រទេសថៃនេះ និងពេលចប់កិច្ចសន្យាការងារ ហើយវិលត្រឡប់មកប្រកបរបរ ឬធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ ពលករអាចចូលរួមក្នុងរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននិវត្តន៍ ខណៈបច្ចុប្បន្ន កម្ពុជាកំពុងដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ តទៅ។
លោកថ្លែងថា៖ «ថ្ងៃក្រោយពេលបងប្អូនពលករខ្មែរនៅថៃ ត្រឡប់ទៅវិញអាចចូលរួមក្នុងរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននិវត្តន៍ ហើយទទួលបានរបបថែទាំសុខភាពផងដែរ នៅពេលចាស់ទៅ អាយុលើសពី ៦០ ឆ្នាំ»។
បើតាមលោក អ៊ិត សំហេង សុខទុក្ខ ជីវភាពសុខុមាលភាពរបស់ពលករខ្មែរនៅថៃ គឺជាអាទិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ហើយក៏ជាអាទិភាពនៃគោលនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្ត្រីផងដែរ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ពលករ ត្រូវគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ ចេះសាមគ្គីគ្នា រវាងខ្មែរ និងខ្មែរ ជួយគ្នាទៅវិញ ទៅមក និងមានទំនាក់ទំនងល្អ ស្រឡាញ់រាប់អានជាមួយប្រជាជនថៃ។ នៅពេលចប់ កិច្ចសន្យាការងារ លោកស្នើឱ្យពលករទាំងនោះវិលត្រឡប់ទៅប្រទេសវិញ កុំបន្តស្នាក់នៅ ឬរស់នៅ និងធ្វើការមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់នៅក្នុងប្រទេសថៃ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងនៅថ្ងៃទី ២៧ ខែកញ្ញា ថា នៅក្នុងប្រទេសកម្ពុជាមិនមានការងារធ្វើគ្រប់គ្រាន់ និងមានការងារធ្វើដែរ ប៉ុន្តែ មានប្រាក់ឈ្នួលទាប និងជាពិសេសនៅក្នុងប្រទេសថៃ ប្រហែលជាមានលក្ខខណ្ឌការងារល្អបានជាប្រជាពលរដ្ឋខ្មែរ ទៅធ្វើការងារនៅក្នុងប្រទេសថៃ។
ទោះជាយ៉ាងណា លោកថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃនេះ មិនទទួលបានប្រាក់ខែខ្ពស់នោះទេ បើធៀបទៅនឹងពលករខ្មែរដែលទៅធ្វើការនៅក្នុងប្រទេសកូរ៉េ និង ប្រទេសផ្សេងទៀតគឺទទួលបានប្រាក់ខែខ្ពស់។ ប៉ុន្តែ ពួកគាត់គ្មានជម្រើស ក៏សម្រេចទៅធ្វើការនៅក្នុងប្រទេសថៃនេះ។
លោកក៏បានឯកភាពជាមួយនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រីផងដែរ ដែលឱ្យប្រជាពលករខ្មែរ ដែលចប់កិច្ចសន្យាការងារហើយអាចមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាវិញពីព្រោះការធ្វើការងារ នៅក្នុងប្រទេស គឺដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគសាងសង់រោងចក្រ និងបង្កើតសហគ្រាសផ្សេងៗ ឱ្យបានកាន់តែច្រើនពីព្រោះកម្ពុជាមានកម្លាំងពលកម្មច្រើនឆ្លើយតបទៅនឹងការវិនិយោគរបស់ពួកគេ។
លោកថ្លែងថា៖ «នៅពេលដែលយើងមានកម្លាំងពលកម្មច្រើនគេចង់ដាក់រោងចក្រសហគ្រាសដល់ពេលដែលកម្លាំងពលកម្មទៅធ្វើនៅគេអស់យើងអត់មានកម្លាំងពលកម្ម ក៏គេមិនចង់មកដែរ ។ អាហ្នឹងយើងខាតហើយ។ រឿងមួយទៀត ឪពុកម្តាយចិញ្ចឹមពីបាតជើងទទេ រហូតដល់ ១៨ ឆ្នាំ យើងចំណាយលុយច្រើនណាស់ តែបន្ទាប់មកទៅធ្វើការឱ្យគេ។ វាអត់ចំណេញទេ»៕