
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យមានមនុស្សស្លាប់នៅស្រុកបាកាន ខែពោធិ៍សាត់ កាលពីថ្ងៃទី ២៦ ខែកញ្ញា។ រូបថត ប៉ូលិស
ភ្នំពេញៈ យ៉ាងហោចណាស់ មនុស្សចំនួន ២៧ នាក់ស្លាប់ និង ៥៧ នាក់រងរបួស ដោយហេតុគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃ២៦ ខែកញ្ញា ឆ្នាំ ២០២២។ បើធៀបរយៈពេល ៣ ថ្ងៃដូចគ្នា កាលពីឆ្នាំ ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៣៥ លើក បណ្តាលឱ្យស្លាប់ ១៤ នាក់ និងរបួស ៦៤ នាក់។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកញ្ញាថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងឆ្នាំ ២០២២ នេះ ហាក់មានកំណើន ជាងឆ្នាំ ២០២១ ពីព្រោះឆ្នាំ ២០២១ មានករណីឆ្លងជំងឺកូវីដ ១៩ និងបិទខ្ទប់។ ប៉ុន្តែបើធៀបជាមួយនឹងឆ្នាំ ២០២០ តួលេខខាងលើនេះ មិនមានកំណើននោះទេ។
លោកបន្តថា ស្ថានភាពទូទៅនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមិនមែនជាការឱ្យព្រួយបារម្ភនោះទេ ប្រជាពលរដ្ឋបានធ្វើចរាចរទៅតាមទីអារាម និងទីតាំងកម្សាន្តនានាមានលក្ខណៈល្អប្រសើរ ប៉ុន្តែអ្វីដែលសំខាន់ គឺស្ទះផ្លូវបន្តិច តែយ៉ាងណាកម្លាំងសមត្ថកិច្ចបានជួយសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះយូរ និងមិនអាចធ្វើដំណើរទៅមុខរួច រហូតដល់ដាច់បាយនោះទេ។
លោកបានថ្លែងថា៖ «គាត់ (ប្រជាពលរដ្ឋ) មានស្មារតីចូលរួមអនុវត្តច្បាប់ចរាចរណ៍ជាមួយយើង។ បើប្រជាពលរដ្ឋមិនបានចូលរួមជាមួយយើងទេ ប្រហែលកកស្ទះងាប់ហើយ។ និយាយទៅគាត់មានសីលធម៌ និងយោគយល់ច្រើនពេលធ្វើដំណើរហ្នឹង»។ យោងតាមរបាយការណ៍នគរបាលបានឱ្យដឹងថា នៅថ្ងៃទី១ គ្រោះថ្នាក់ ៨ លើក ស្លាប់ ៨ នាក់ និងរបួស ១៤ នាក់, ថ្ងៃទី ២ មាន ១៣ លើក ស្លាប់ ១១ នាក់ និងរបួស ១៩ នាក់ និងថ្ងៃទី៣ មានគ្រោះថ្នាក់ ១៣ លើក ស្លាប់ ៨ នាក់ និងរបួស ២៤ នាក់៕