
សមត្ថកិច្ចពេលជួយសង្គ្រោះអ្នកលិចទូកពីថ្ងៃ ២៣ កញ្ញា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ៨ នាក់ផ្សេងទៀត ក្នុងចំណោម ៤១ នាក់ ជាជនជាតិចិនដែលបានលិចទូកនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែកញ្ញា ខណៈអ្នកដែលបានរកឃើញនៅមានជីវិតសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក ឃាង ភារម្យ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកញ្ញាថា គិតត្រឹមម៉ោង ១៤ រសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ជនរងគ្រោះក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានសរុប ៤១ នាក់ ត្រូវបានជួយសង្គ្រោះនិងស្វែងរកឃើញសរុប ៣៣ នាក់ (ស្លាប់ ៣ នាក់) ចំណែកអ្នកបាត់ខ្លួន ៨ នាក់ផ្សេងទៀត សមត្ថកិច្ច និងក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរក។
លោកថ្លែងថា៖ «ពាក់ព័ន្ធអ្នកដែលបាត់ខ្លួនហ្នឹងយើងអត់ទាន់រកឃើញទេ ហើយយើងក៏កំពុងព្យាយាមស្វែងរកបន្ត ដោយឡែកអ្នកដែលយើងសង្គ្រោះបានគឺកំពុងរៀបចំនីតិវិធីបន្ត បញ្ជូនទៅរាជធានីភ្នំពេញដែលមានការសម្របសម្រួលពីខាងស្ថានទូតចិន»។
នាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២៤ ខែកញ្ញាថា ករណីឧបទ្ទវហេតុលិចទូកដែលមានជនជាតិចិនសរុបចំនួន ៤១ នាក់ (ស្រី ៣ នាក់) បានស្វែងរកឃើញជនរងគ្រោះចំនួន ៣៣ នាក់ (ស្លាប់ ៣ នាក់) ក្នុងនោះកម្លាំងនគរបាលការពារព្រំដែនទឹកសង្គ្រោះបានចំនួន ១៨ នាក់ (ប្រុស) ប្រជានេសាទខ្មែរសង្គ្រោះបាន ៤ នាក់ (ស្លាប់ម្នាក់ភេទស្រី) និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនជីធីវីស៊ី (ឧកញ៉ា ទៀ វិចិត្រ) រកឃើញសាកសពចំនួន ២ នាក់ កងការពារព្រំដែនស្រុកហ្វូគួក ខេត្តគៀងយ៉ាង (វៀតណាម) សង្គ្រោះបានចំនួន ៩ នាក់។
ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមការបំភ្លឺរបស់ជនរងគ្រោះ ពួកគេមានសមាជិកចំនួន ៤១ នាក់ (ស្រី ៣ នាក់) ជាជនជាតិចិន បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមរយៈកប៉ាល់ល្បឿនលឿន
១ គ្រឿង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ និងបានផ្លាស់ប្តូរទូក ១ ទៀតនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅសមុទ្រអន្តរជាតិ ជាមួយតៃកុងទូកជនជាតិខ្មែរ ២ នាក់ និងបន្តនៅលើទូកនោះរហូតដល់ថ្ងៃទី ២២ ខែកញ្ញា
ទូកបានចាប់ផ្តើមលិចទឹក (ខូច) រហូតដល់ជិតលិចក៏មានទូកឈើ ១ គ្រឿងដែលមានមនុស្ស ៦ នាក់ បានមកយកតៃកុងទូកខ្មែរ ២ នាក់នោះចេញទៅបាត់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញាថា ជនអន្តោប្រវេសន៍ដែលឆ្លងដែនចូលកម្ពុជា ហើយត្រូវលិចទូកទាំងនោះ តាមព័ត៌មានបឋមបញ្ជាក់ថា អ្នកទាំងនោះពិតជាបានឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាដែលចំណុចនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
លោកថ្លែងថា៖ «ព័ត៌មានជាបឋមគឺពួកគាត់ច្បាស់ណាស់ថា ជាអ្នកឆ្លងដែនខុសច្បាប់ ហើយតាមព័ត៌មានមិនទាន់ផ្លូវការថាពួកគាត់នោះមានការឆបោក ឬក៏អាចថា មានការទាក់ទងដើម្បីឱ្យឆ្លងដែនខុសច្បាប់ ដើម្បីមកធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ យើងនេះ។ អ៊ីចឹងនីតិវិធីបន្តទៀត គឺខាងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកឫសគល់»។
លោកបញ្ជាក់ថា អ្នកដែលសមត្ថកិច្ចរកឃើញ ត្រូវបានទុកដាក់ឱ្យនៅទីកន្លែងមួយក្នុងក្រុងកោះរ៉ុង ហើយនៅថ្ងៃទី ២៧ ខែកញ្ញា ជាថ្ងៃដែលត្រូវធ្វើការបញ្ជូនអ្នកទាំងនោះរួមនឹងអ្នករងរបួស ២ នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីមានចំណាត់ការបន្ថែមទៀត។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានទៅសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន ២ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តនេះ បញ្ជាក់ថាទាំង ២ នាក់នេះ គឺជាជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះដោយប្រជានេសាទ នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងចំណោមអ្នកផ្សេងទៀតដែលរងគ្រោះពីការលិចទូកនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា កន្លងមក។
លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញាថា ជនបរទេសឆ្លងចូលកម្ពុជាហើយត្រូវបានលិចទូក និងត្រូវបានសមត្ថកិច្ចរកឃើញទាំងនោះ នៅមិនទាន់ត្រូវបានបញ្ជូនមកនាយកដ្ឋានអន្តោប្រវេសន៍នៅឡើយទេ។
លោកបញ្ជាក់ថា នៅពេលជនទាំងនោះមកដល់សមត្ថកិច្ចអន្តោប្រវេសន៍នឹងពិនិត្យមើលឱ្យបានច្បាស់លាស់ ប្រសិនបើពួកគេគ្មានលិខិតឆ្លងដែន នឹងត្រូវបញ្ជូនចេញទៅប្រទេសកំណើតវិញ។
ដោយឡែកនៅយប់ថ្ងៃទី ២៤ ខែកញ្ញា ក៏មានហេតុការណ៍លិចទូកចម្លង ១ គ្រឿង នៅចំណុចស្ពានអូងគោ ស្ថិតក្នុងស្រុកកោះសុទិន ខេត្តកំពង់ចាមបណ្តាលឱ្យមនុស្សជិត ២០ នាក់ និងម៉ូតូ ៦ គ្រឿង ត្រូវបានធ្លាក់ចូលទៅក្នុងទឹកផងដែរ។
លោក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិនបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញាថា ករណីលិចទូកចម្លងនេះ ដោយសារតែទឹកឡើងលិចផ្លូវ ហើយប្រជាពលរដ្ឋ មិនអាចឆ្លងកាត់បានទើបឆ្លងតាមទូកបណ្តោះអាសន្ន ដោយមានការដាក់ខ្សែទាញឆ្លងទៅមក។ លោកបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់ រីឯម៉ូតូ ៦ គ្រឿង ដែលលិចទៅក្នុងទឹកនោះ បានរកឃើញវិញអស់ហើយ៕