
យុវជន ហៀវ សិលា ពេលទទួលសញ្ញាបត្រពីលោក កុល ផេង កន្លងនៅ។ រូបថត សហការី
ភ្នំពេញៈ ចាប់តាំងពីដឹងក្តីពេលណាមក កុមារា ហៀវ សិលា តែងគិតថា រូបគេបានទទួលរងនូវអំណោយដ៏អាក្រក់មួយពីធម្មជាតិរួចជាស្រេចទៅហើយ ដោយសារតែរូបគេមានកាយសម្បទាមិនមាំមួនដោយខ្នងគម។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យគេឈឺចាប់ក្នុងជីវិតបន្ថែមទៀតនោះ គឺម្តាយបង្កើតរបស់គេបានចាញ់បោកមេខ្យល់រហូតដល់មេខ្យល់បានយករូបគេឱ្យទៅដើរសុំទាននៅក្នុងទីក្រុងបាងកកប្រទេសថៃ រយៈពេលជិត ២ ឆ្នាំ។
ដោយរស់នៅបែបជាទាសករសុំទានឱ្យគេ កុមារា ហៀវ សិលា អាចដោះដូរមកវិញបានត្រឹមតែបាយ ១ ចម្អែតក្រពះរស់ ១ ថ្ងៃសម្រាប់ ១ ថ្ងៃតែប៉ុណ្ណោះ ខណៈរូបគេបញ្ចេញកម្លាំងដើរសុំទាននៅតាមចិញ្ចើមថ្នល់តាំងពីព្រឹកព្រលឹមរហូតយប់ហាលភ្លៀងហាលខ្យល់ដោយប្រថុយនឹងគ្រោះថ្នាក់សព្វបែបយ៉ាង។
ក៏ប៉ុន្តែពេលនេះ រឿងរ៉ាវទាំងនោះគ្រាន់តែជាស្រមោលអតីតកាលនៃការឈឺចាប់ប៉ុណ្ណោះ ព្រោះបច្ចុប្បន្នយុវជន ហៀវ សិលា បានក្លាយខ្លួនទៅជាមនុស្សមួយផ្សេងដោយរូបគេបែរជាមកទទួលបានចំណេះវិជ្ជាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្របរិស្ថានពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទៅវិញ។ តើមានមូលហេតុអ្វីខ្លះទើបបាន ហៀវ សិលា ផ្លាស់ប្ដូរជោគជតានេះបាន?
ឆ្លើយនឹងចម្ងល់ទាំងនៅលើផ្ទៃមុខមានស្នាមសើមដោយសារញើសជាមួយនឹងដំណើរឱនងើបៗមិនត្រង់ខ្លួនព្រោះតែមានកាយសម្បទាខ្នងគមពីកំណើតនោះ យុវជន ហៀវ សិលា បានរំឭកពីប្រវត្តិដ៏ជូរចត់របស់ខ្លួនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រូបគេមានបងប្អូនចំនួន ៥ នាក់ ប្រុស ៤ នាក់ (ស្រីម្នាក់) ហើយគេជាកូនទី៣ ក្នុងគ្រួសារក្រីក្រមួយរស់នៅក្នុងភូមិឆ្នើមមាស ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែដោយសារនៅស្រុកកំណើតមិនអាចប្រកបរបរអ្វីបានក្រៅតែពីធ្វើស្រែនោះទើបម្តាយឪពុករបស់គេបានជញ្ជូនកូនចៅផ្លាស់ទីលំនៅ ទៅរស់នៅក្នុងភូមិអណ្តូងថ្មមាស ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យវិញ។
ដោយសារតែស្ថានភាពគ្រួសារក្រីក្រពេកទើបម្តាយរបស់គេចាញ់បោកមេខ្យល់ ហើយត្រូវបានមេខ្យល់យកគាត់ (សិលា) ឱ្យទៅធ្វើជាក្មេងដើរសុំទាននៅក្នុងទីក្រុងបាកកដោយមិនដឹងខ្លួន។
យុវជន ហៀវ សិលា បានរៀបរាប់ថា កាលណោះ រូបគេទើបតែមានអាយុ ៨ ឆ្នាំប៉ុណ្ណោះ ហើយនៅថ្ងៃ ១ ក្នុងអំឡុងឆ្នាំ ២០០០ មានស្ត្រីម្នាក់ដែលទំនងជាជនជាតិវៀតណាមបានមកនិយាយជាមួយម្តាយរបស់គេ ដើម្បីសុំយករូបគេទៅប្រទេសថៃ ដើម្បីឱ្យដើរសុំទាន។
ស្ត្រីម្នាក់នោះបានអះអាងប្រាប់ម្តាយគេថា បើសុខចិត្តលក់កូន [ហៀវ សិលា] ឱ្យទៅគេ [ស្ត្រីវៀតណាម] នោះហ៊ានទិញដាច់ក្នុងតម្លៃ ១៥ ម៉ឺនបាត តែបើមិនលក់ទេ ស្ត្រីជាមេខ្យល់ម្នាក់នោះសន្យាផ្តល់ជាប្រាក់ខែឱ្យជារៀងរាល់ខែវិញ។ ប៉ុន្តែពេលនោះរូបគេក៏មិនដឹងច្បាស់ថា ស្ត្រីម្នាក់នោះឱ្យប្រាក់ខែទៅម្តាយរបស់គេក្នុង ១ ខែប៉ុន្មានទេ។ បន្ទាប់ពីនិយាយចរចាគ្នាស្រេចបាច់រួចមក រូបគេក៏ត្រូវបានដឹកឆ្លងដែនចូលក្នុងប្រទេសថៃ ដោយមានស្ត្រីម្នាក់ទៀតជាជនជាតិថៃមកចាំទទួលនៅព្រំដែនក្នុងប្រទេសថៃ ដើម្បីយកទៅទីក្រុងបាងកក។
ហៀវ សិលា និយាយថា៖ «ពេលគេយកខ្ញុំចេញទៅសុំទានម្តងៗគេយកម៉ូតូកង់ ៣ មកដឹកខ្ញុំទៅ ឬជួនកាលគេដឹកតាមម៉ូតូ។ បើខ្ញុំឃ្លានគេឱ្យខ្ញុំទិញអីហូបក៏ទិញតាមចិត្តខ្ញុំ និងពេលបាយថ្ងៃត្រង់ក៏ខ្ញុំទិញហូបខ្លួនឯងដែរ ព្រោះខ្ញុំរកលុយបានច្រើន។ ក្នុង ១ ថ្ងៃ ខ្ញុំដើរសុំទានគេបានលុយចន្លោះពី ៥ ពាន់ ទៅ ១ ម៉ឺនបាតឯណោះ តែលុយដែលរកបានគេប្រមូលយកអស់ៗពីខ្លួន។ លុះដល់ពេលយប់ទើបគេដឹកខ្ញុំទៅកន្លែងស្នាក់នៅវិញ»។
បើតាម សិលា សម្រាប់ក្មេងៗដែលគេទិញកម្លាំងពលកម្មឱ្យដើរសុំទានដែលស្នាក់នៅជាមួយគេមានក្មេងៗខ្មែរតែ ៤ ទៅ ៥ នាក់ប៉ុណ្ណោះ ហើយរូបគេក៏ដូចជាក្មេងផ្សេងៗទៀតដែរ គឺសុទ្ធតែត្រូវបានបង្ខំឱ្យដើរសុំទានពីព្រលឹមរហូតដល់យប់ទើបគេទៅឌុបយកមកកន្លែងស្នាក់នៅវិញ។ ក្នុងរយៈពេលជិត ២ ឆ្នាំ រូបគេត្រូវបានមេខ្យល់បោកប្រាស់ឱ្យរកប្រយោជន៍ឱ្យគេតាមរយៈការសុំទាននៅក្នុងទីក្រុងបាងកក។ មិនតែប៉ុណ្ណោះរូបគេក៏ត្រូវបាននគរបាលថៃចាប់ឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ ១ យប់ ឬជួនកាល ២ យប់ ហើយក៏ត្រូវបានដោះលែងមកវិញ ដែលករណីរបៀបនេះបានកើតឡើងប្រហែលជា ៧ ទៅ ៨ លើកមកហើយ។
សិលា បានបញ្ជាក់ថា ពេលដែលរូបគេត្រូវបានតម្រួតថៃដោះលែង និងដឹកតាមរថយន្តបញ្ជូនមកជាយដែនកម្ពុជា-ថៃម្តងៗ គឺមានស្ត្រីជាមេខ្យល់មកចាំទទួលយក ហើយបន្ទាប់មកក៏នាំឆ្លងដែនចូលទៅប្រទេសថៃវិញ ដោយគ្រាន់
តែបានសម្រាកនៅដីខ្មែរ ១ ឬ ២ យប់តែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមួយនោះតម្រួតថៃបានមកចាប់ខ្លួនមេខ្យល់របស់គេដល់បន្ទប់ស្នាក់នៅ ដោយសារមេខ្យល់មានជម្លោះជាមួយអ្នកជិតខាង ហើយបែកការណ៍ដឹងដល់តម្រួតថៃថា មានមេខ្យល់ចិញ្ចឹមក្មេងៗខ្មែរសម្រាប់ឱ្យដើរសុំទាន ទើបតម្រួតថៃក៏ចាប់បញ្ជូនមកខ្មែរវិញ ហើយឪពុកម្តាយរបស់សិលាក៏លែងឱ្យទៅស៊ីឈ្នួលសុំទានគេទៀត។
ទោះបីយ៉ាងណា សិលា បានរៀបរាប់បន្តថា ដោយពួកឈ្មួញជាមេខ្យល់ដឹងថា រូបគេមានកាយសម្បទាគមខ្នង ហើយនៅក្មេងដែលអាចឱ្យដើរសុំទានរកលុយបានច្រើន រូបគេក៏ត្រូវបានមេខ្យល់មកទាក់ទងឪពុកម្តាយរបស់គេជាលើកទី២ ទៀត ដើម្បីនាំយកទៅប្រទេសម៉ាឡេស៊ីម្តង ដោយពេលនោះគេនិយាយទិញដាច់តែម្តងក្នុងតម្លៃ ១៥ ម៉ឺនបាត។
ប៉ុន្តែម្តងនេះម្តាយរបស់ សិលា សម្រេចចិត្តមិនលក់គេឱ្យទៅឈ្មួញទេ ហើយបានយករូបគេឱ្យចូលរៀននៅសាលាមឋមសិក្សាមួយនៅភូមិអណ្តូងថ្មមាស ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ។ ពេលនោះ សិលា គិតថា រូបគេប្រហែលជាបានចូលរៀនស្វែងរកចំណេះវិជ្ជាដាក់ខ្លួន និងលែងបានទៅស៊ីឈ្នួលដើរសុំទានគេទៀតហើយ ប៉ុន្តែពេលកំពុងរៀនស្រាប់តែឪពុករបស់គេមានជំងឺឈឺស្លាប់ រីឯបងប្អូនបង្កើតរួមទាំងម្តាយរបស់គេក៏នាំគ្នាទៅធ្វើការនៅប្រទេសថៃអស់ ធ្វើឱ្យរូបគេត្រូវរស់នៅតែលតោលតែម្នាក់ឯង។
និយាយដល់ត្រឹមនេះសំឡេងរបស់ សិលា ក៏រអាក់រអួលហាក់បញ្ជាក់ថា រូបគេកំពុងនឹកទៅដល់ជីវិតជាក្មេងកំព្រាគ្មានទីពឹង។
សិលា បានរំឭកថា ពេលនោះរូបគេរស់នៅហេលហាលគ្មានទីពឹង ហើយត្រូវបានជីតាខាងម្តាយយកគេទៅផ្ញើនឹងពូមីងដែលជាសាច់ញាតិហើយក៏បានរៀនរហូតដល់បញ្ចប់ថ្នាក់ទី១២ នៅឆ្នាំ ២០១១។ បន្ទាប់ពីរៀនចប់ថ្នាក់ទី១២ នៅឯស្រុកកំណើតមក ហៀវ សិលា បានទទួលអាហារូបករណ៍មួយសម្រាប់រៀននៅសាកលវិទ្យាល័យបៀលប្រាយនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែពេលនោះដោយសារគ្មានលទ្ធភាព សូម្បីតែថ្លៃបន្ទប់ជួលក្នុង ១ ខែ ៤០ ដុល្លារ ក៏រកមិនបានផងនោះ ទើប សិលា សម្រេចចិត្តបោះបង់ចោលថ្នាក់អាហារូបករណ៍នោះវិញ។ ប៉ុន្តែចៃដន្យនៅថ្ងៃ ១ សិលា បានស្គាល់បុរសម្នាក់លក់មីឆានៅរាជធានីភ្នំពេញ ហើយបានសុំគាត់មករស់នៅជាមួយដោយជួយលក់មីឆា និងស្វែងរកសាកលវិទ្យាល័យរៀនបន្តផង។
សិលា ឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅធ្វើជាអ្នករត់តុលក់មីឆា រូបគេបានគិតថា នឹងរកសាកលវិទ្យាល័យណាមួយដើម្បីបានសិក្សារៀនសូត្រនៅថ្នាក់មហាវិទ្យាល័យបន្តទៀត ព្រោះថា ចំណេះត្រឹមថ្នាក់ទី១២ នេះ មិនអាចយកទៅប្រើការអ្វីបានឡើយ។ ខណៈរត់តុបណ្តើរ សិលា បានស៊ើបសួរព័ត៌មានបណ្តើរក៏ដឹងថា នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលមានម្ចាស់សាលាលោក កុល ផេង គាត់មានសន្ដានចិត្តទូលាយ ហើយលោកអនុគ្រោះដល់យុវជនក្រីក្រដែលមានចិត្តចង់រៀនសូត្របានច្រើននាក់មកហើយ។
ដោយសារបានដំណឹងនេះ នៅថ្ងៃមួយ សិលា បានមកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដើម្បីស្កាត់ជួបលោក កុល ផេង ហើយលោកក៏បានផ្តល់អាហារូបករណ៍ដល់ សិលា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្របរិស្ថានដែលត្រូវសិក្សារយៈពេល ៤ ឆ្នាំ ដែលរូបគេទើបតែបញ្ចប់ និងទទួលបានសញ្ញាបត្រនៅខែសីហា ឆ្នាំ ២០២២។
បើទោះជាយុវជន ហៀវ សិលា តស៊ូរៀនសូត្ររហូតទទួលបានបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្របរិស្ថានយ៉ាងនេះក្តី ប៉ុន្តែសិលានៅមិនទាន់រកការងារបានធ្វើនៅឡើយទេ។ បច្ចុប្បន្នរូបគេបានប្រកបអាជីវកម្មខ្នាតតូចមួយលក់ពងមាន់ពងទាបោះដុំ និងលក់ហ្គាសដើរបោះឱ្យម៉ូយនៅក្នុងរាជធានីភ្នំពេញ។
ជាសារផ្តាំផ្ញើ សិលាបានអំពាវនាវដល់យុវជនជំនាន់ក្រោយ ឬប្អូនៗ ដែលកំពុងរៀននៅអនុវិទ្យាល័យ ឬវិទ្យាល័យសូមកុំបោះបង់ចោលការសិក្សាក្នុងពេលកំពុងមានឱកាសបន្ត។ ព្រោះចំណេះវិជ្ជាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតដែលគ្មាននរណាអាចលួចប្លន់បាននោះទេ ចំណេះវិជ្ជាជាស្ពានមួយសម្រាប់ជីវិតរបស់ខ្លួនដែលអាចយកមកប្រើប្រាស់មិនងាយនឹងរីងស្ងួតឡើយ៕
យុវជន ហៀវ សិលា ពេលទទួលសញ្ញាបត្រពីលោក កុល ផេង កន្លងទៅ។ រូបថត សហការី