​ភ្នំពេញៈ​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិ​បាល ​បាន​លើក​ឡើង​ថា ការទប់​ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​ (Antibiotics) ​ត្រូវ​បាន​កំណត់​ជា​សកម្ម​ភាព​អាទិភាព​មួយ​នៅក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​សុខាភិ​បាល​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១-២០៣០​ ខណៈ​ដែល​កម្ពុជា​បាន​អភិវឌ្ឍ​គោល​នយោ​បាយ​ទប់​ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​ផង​ដែរ​។

​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​នេះប្រើ​សម្រាប់ព្យា​បាល ​ឬ​ការពារ​ពី​ការឆ្លង​បាក់តេរី​មួយចំ​នួនដែល​ពួកវា​ធ្វើការ​ដោយ​សម្លាប់​បាក់​តេរី ឬ​ការពារ​មិន​ឱ្យ​រីក​រាល​ដាល​ ប៉ុន្តែ​ថ្នាំ​នេះ​មិន​មែន​ការពារ​ឬ​ព្យា​បាល​ការឆ្លង​គ្រប់​យ៉ាង​នោះទេ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋ​លេខាធិ​ការ​ក្រសួង​សុខាភិ​បាលបាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ការទប់​ស្កាត់​ភាព​សុំា​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក (Antimicrobial Resistance (AMR) ដែល​ជា​កម្មវិធី​អម​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ​សម័យ​ប្រជុំ​លើក​ទី​៧៧ ​កាលពី​សប្តាហ៍​មុន នាទី​ក្រុង​ញូវ​យ៉ក​ សហរដ្ឋ​អាមេរិក​។​

​លោកស្រីបាន​ឱ្យដឹង​ថា ភាពស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក គឺជា​កង្វល់​សុខ​ភាព​សាធារណៈ​ទាំង​មុន​ពេល​អំឡុង​ពេល និង​ក្រោយ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ ហើយក្រសួង​សុខាភិបា​ល​កម្ពុ​ជាបាន​សហ​ការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ដោយ​ប្តេជ្ញា​ដោះ​ស្រាយ​ទប់ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នៅ​កម្ពុជា​។

​ក្នុង​ចំណោម​បទ​ពិសោធ​និង​មេរៀន​ជាច្រើនដែល​ទទួល​បាន​ពី​ការឆ្លើយ​តប​ទៅនឹង​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​ ១៩ ការការពារ​ឱ្យបាន​ហ្មត់​ចត់​តាម​ដែល​អាចធ្វើ​ទៅបាន​នូវ​ការទប់​ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិកត្រូវ​ទទួល​បាន​នូវ​ការ​យក​ចិត្តទុកដាក់​ខ្ពស់​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់​ថា៖ «​ក្រសួង​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់ពីព្រោះ​ការកើន​ឡើង​នៃ​ការប្រើ​ប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​ដើម្បី​ព្យា​បាល​អ្នកជំងឺ​កូ​វីដ​ ១៩ ជាពិសេស​ការព្យា​បាល​ដោយ​ខ្លួនឯង​ដែល​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវក៏​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជាច្រើន​ដែល​នឹងធ្វើ​ឱ្យមាន​ភាព​ស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​ផង​ដែរ​»​។

​ការ​ប្រា​ស្រ័យ​ទំនាក់​ទំនង​ហានិ​ភ័យ​សុខ​ភាព បណ្តាល​មក​ពី​ការប្រើ​ប្រាស់​ឱសថ​គ្មាន​វេជ្ជ​បញ្ជា និង​ការត្រួត​ពិនិត្យ​ត្រឹម​ត្រូវ ដោយ​មាន​យន្ត​ការ​សមស្រប​នៅក្នុង​ប្រទេស និង​ក្នុង​តំបន់បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​លើក​ស្ទួយ​ឱ្យ​បាន​ល្អប្រ​សើរ​ឡើង​នូវ​បញ្ហា​នេះរួម​ជា​មួយនឹង​ការតាម​ដាន​ការ​អនុវត្ត​គោល​ការណ៍​ណែនាំ​ការព្យា​បាល​សមស្រប​ដោយ​អ្នក​ផ្តល់​សេវាថែទាំ​សុខ​ភាព និង​ដោយ​បុគ្គល​ម្នាក់ៗ​។ នេះបើតាមលោ​កស្រី​ ឱ វណ្ណឌី​ន បាន​បន្ថែម​។​

​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន កម្ពុជា​កំពុង​បន្ត​ខិតខំ​ប្រឹងប្រែងទប់​ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​នៅក្នុង​តំបន់​ផង​ដែរ​។លោក​ស្រី ឱ វណ្ណឌី​ន ក្នុងនាម​ក្រសួង​សុខាភិ​បាល​កម្ពុជា ក៏បាន​លើក​យក​សារ​គន្លឹះ និង​កិច្ច​ការងារ​សំខាន់ៗ ដែ​លជា​ជំហាន​បន្ទាប់​ត្រូវធ្វើ​ ប្រាប់​ដល់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នាពេលនោះ​ផង​ដែរ​។​

​អ្ន​កនាំ​ពាក្យ​ក្រសួងសុ​ខាភិបា​ល​រូបនេះបាន​ឱ្យដឹង​ថា៖ «​ការទប់​ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក ត្រូវ​បាន​កំណត់​ជា​សកម្ម​ភាព​អាទិ​ភាព​មួយ​នៅក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​សុខាភិ​បាល​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១-

២០៣០ និង​ស្រប​តាម​អាទិភាព​នៅក្នុង​តំបន់​ដែល​បាន​បង្ហាញ​នៅក្នុង​ឯក​សារ​ចក្ខុ​វិស័យ​សម្រាប់​អនា​គតរបស់ អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​តំបន់​ប៉ាស៊ី​ហ្វិក​ខាង​លិច​»​។

​លោក​ស្រី ឱ វណ្ណឌី​ន បាន​បន្ថែមថា៖ «​តាម​រយៈ​នេះយើង​ត្រូវ​ខិត​ខំ​ធ្វើការ​ងារ​បន្ថែ​ម​ទៀតដើម្បី​ពង្រឹង​យន្តការ​សម្រប​សម្រួល​អភិ​បាល​កិច្ច​សម្រាប់ One​Health រួមទាំង (AMR) ​តាម​រយៈ​ការបង្កើត Inter-Ministerial Coor​dina​tion Com​mittee​ (IMCC) ដើម្បី​ធានា​ឱ្យ​មាន​រចនា​សម្ព័ន្ធ អភិបាល​កិច្ច និង​ការដឹក​នាំ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្នុង​ការ​ឆ្លើយ​តប​នឹង​ភាព​ស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទីក (AMR)»​។​

​ជំហាន​បន្ទាប់​ដែល​ក្រសួង​ត្រូវ​ធ្វើ​ដែរ​នោះ​​ គឺពិនិត្យ​ឡើង​វិញ​លើ​ក្រប​ខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់រួមទាំង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ខ្លួន​មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​រួមទាំង​រៀបចំ​សេចក្តីព្រាង​យុទ្ធ​សាស្ត្រ​ទំនាក់​ទំនង​ភាព​ស៊ាំ​នៃ​មេរោគ​ទៅ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទីក​ផង​ដែរ​។​

​លោក​ស្រី ឱ វណ្ណឌី​ន បាន​សង្កត់​ធ្ងន់ថា៖ «​ប្រទេស​កម្ពុជា ​បាន​អនុវត្ត​សកម្ម​ភាព គោល​នយោ​បាយ ​និង​វិធីសាស្ត្រ​ពហុ​វិស័យ​ដែល​សម្រប​សម្រួល​ដោយ​ក្រសួង​សុខាភិ​បាលក្នុងការ​អនុវត្ត​ទាំង​ក្នុង​វិស័យ​សុខាភិ​បាលនិង​ជា​មួយ

​វិស័យ​ផ្សេងៗទៀត ដើម្បី​ដោះ​ស្រាយ​ទប់ស្កាត់​ភាព​ស៊ាំ​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក (AMR)»​។​

​នា​ឱកាស​នោះ​ដែរ លោក​ស្រី​ Sheikh Hasina នាយក​រដ្ឋ​មន្ត្រី​នៃ​សា​ធារណ​រដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែ​ស ដែលជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​បាន​លើក​ឡើង​ដែរ​ថា ភាព​សុំា​នៃ​មេរោគ​ទៅនឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​នេះ បាន​គំរាមកំហែង​ជា​សកល​រួចហើយដែល​វា​បានរួម​ចំណែក​ដល់​ការ​ស្លាប់​ប្រមាណ​ជា ​៥​ លាន​នាក់​ ក្នុង​ ១ ​ឆ្នាំ ខណៈ​ពេលដែល​វា​ប៉ះ​ពាល់​ដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប​។​

​លោក​ស្រី​ថ្លែងថា៖ «​វិធានការ​បន្ទាន់​គឺ​ទាម​ទារ​ឱ្យ​បញ្ឈប់​នូវ​ភាព​ធន់​នឹង​ថ្នាំ​សម្លាប់​មេរោគ​។​បើ​គ្មាន​វិធា​នការ​នេះ​ទេ ​យើង​នឹង​ប្រឈម​មុខ​នឹង​អនាគត​ដែល​យើង​នឹង​មិន​អាច​ព្យាបាល​ពី​ការឆ្លង​មេរោគ​លើ​មនុស្ស ស​ត្វ និង​រុក្ខជាតិ​បាន​ទេ​។​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​ឱសថ​របស់​យើង​»​។​

​សូម​បញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​នេះ ​មាន​ការ​ចូលរួម​ពី​អ្នកដឹ​កនាំ​សកល (Global Leaders Group)​ ដែលជា​​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​, ប្រមុខរដ្ឋ​, ប្រធាន​គណៈ​ប្រតិភូ​, តំណាង​មកពី​ប្រទេស​ជា​សមាជិក​, តំណាង​មកពី​អង្គការ​ជាតិ ​អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍ​អន្តរជាតិ និង​ភ្ញៀវ​កិត្តិ​យស​ដ៏​ច្រើន​កុះករ​។​

​ក្រុម ​Global Leaders Group ក៏បាន​អំពាវ​នាវ​ឱ្យមាន​សកម្មភា​ព​ជាក់​លាក់​ពី​ប្រទេស G​7 និង G20 ដែល​រួមបញ្ចូល​ការផ្តល់​មូល​និធិ​ពេញ​លេញ​លើ​ផែនការ​សកម្ម​ភាព​ជាតិ​របស់​ពួកគេ​នៅលើ AMR ដោយ​រួម​ចំណែក​ផ្តល់​មូល​និធិ​ដល់​ផែនការ​សកម្ម​ភាព​ជាតិ​ពហុ​វិស័យ​នៃ​ប្រទេស​ដែល​មាន​ធនធាន​មាន​កម្រិតតាម​រយៈ​ការ​គាំទ្រ​ដល់​រចនា​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ​ដែលមា​ន​ស្រាប់​។​

​នៅ​ក្នុង​តួនាទី​រៀងៗ​ខ្លួន សមាជិក​នៃ Global Leaders Group នឹង​បន្ត​តស៊ូ​មតិ​សម្រាប់​ការដឹ​កនាំ​នយោ​បាយ​លើ​បញ្ហា​នេះ​នៅ​គ្រប់​ប្រទេស និង​សហ​ការ​ជាស​កល​ដើម្បី​ដោះ​ស្រាយ AMR តាម​រយៈ​វិ​ធីសាស្ត្រ One Health នៅ​ទូទាំង​ផ្នែក​សុខ​ភាព​មនុស្ស សត្វ រុក្ខ​ជាតិ និង​បរិស្ថាន​៕