
លោក កឹម សុខា លើកដៃគោរពទៅកាន់អ្នកគាំទ្រក្រោយចេញពីសវនាការ កាលពីខែមករា។ ហុង មិនា
ភ្នំពេញៈ តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការលើកទី៥៨ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងសំណុំរឿងអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ ២០១៨ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីដែលនៅក្នុងតំណែងនាពេលបច្ចុប្បន្នចុះចេញពីតំណែងក្រោយការបោះឆ្នោត។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយបញ្ចប់សវនាការថា សវនាការ លើសំណុំរឿងលោក កឹម សុខា ហើយត្រូវបានសួរដេញដោលអំពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងមេរៀនដែលអង្គការមួយបានបង្រៀនមេរៀនបដិវត្តន៍ព័ណ៌ដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលបានទៅរៀននៅក្រៅប្រទេស។
លោក ផែង ហេង សហមេធាវីលោក កឹម សុខា ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការថា៖ «រាល់សំណួរទាំងអស់ត្រូវបានលោក កឹម សុខា បានឆ្លើយរួចហើយថា គាត់មិនដែលស្គាល់អង្គការ CANVAS និងមានកម្មវិធីអ្វីខ្លះនោះទេ។ ដោយឡែកចំពោះការបណ្តុះបណ្តាលយុវជននោះគឺជាទំនាក់ទំនងរវាងយុវជន និងយុវជន មិនមែនជាការបញ្ជូនរបស់គណបក្សបញ្ជូនទៅនោះទេ។ មួយវិញទៀត លោក កឹម សុខា ក៏មិនបានដឹងរឿងនេះផងដែរ»។
លោក ផែង ហេង ថ្លែងថា ការសួរដេញដោលលើអង្គហេតុបដិវដ្តន៍ព័ណ៌នៃសំណុំរឿងលោក កឹម សុខា ដែលបានជាប់ពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលរបស់អង្គការ CANVAS ដល់យុវជន នៅប្រទេសឥណ្ឌូនេស៊ី ការបណ្តុះបណ្តាលរបស់អង្គការ IRI និងអង្គការ NDI នៅសណ្ឋាគារសាន់វ៉េ និងឡឺរ៉ូយ៉ាល់ និងការបណ្តុះបណ្តាលយុវជននៅតៃវ៉ាន់។
លោកថា ក្នុងសវនាការនេះ ចៅក្រមបានសួរច្រើនចំពោះសម្ដីរបស់លោក កឹម សុខា នៅអូស្ត្រាលីជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររបស់អង្គការ CANVAS យកទៅប្រើប្រាស់ឬយ៉ាងណា ប៉ុន្តែ លោក កឹម សុខា បានបដិសេធ អ្វីដែលលោកធ្វើ តាមបែបខ្មែរ ដើម្បីក្តីសុខរបស់ខ្មែរ ដើម្បីអភិវឌ្ឍន៍ ដើម្បីដំណើរឆ្ពោះទៅរកការបោះឆ្នោត មិនមែនជារឿងដែលបដិវដ្តន៍ដូចដែលចៅក្រមលើកយកមកបង្ហាញនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាសាក្សីក្នុងសំណុំរឿង លោក កឹម សុខា ដើម្បីចូលខ្លួន នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមដីកាកោះចុះថ្ងៃទី ១៤ ខែកញ្ញា និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ២៨ ខែកញ្ញា។
លោក ប្លង់ សុផល បានឱ្យដឹងថា ដីកាកោះអញ្ជើញលោកស្រី ចក់ សុភាព ធ្វើឡើងក្នុងឋានៈជាសាក្សីទាក់ទងលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ ១៩៩៣ រហូតដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ដែលត្រូវបានចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌ។ តាមរយៈដីកាដដែលបានបង្គាប់ឲ្យលោក ស្រី ចក់ សុភាព ត្រូវអញ្ជើញមកតាមដីកានេះឲ្យទាន់ពេលវេលា ដោយភ្ជាប់ខ្លួនមកនូលិខិតផ្សេងៗដែលទាក់ទងរឿងក្ដី ប្រសិនបើមាន។
លោកស្រី ចក់ សុភាព បានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី ២៨ ខែកញ្ញាថា៖ «ខ្ញុំបានបង្ហាញជំហរថា នឹងចូលរួមឆ្លើយតបតាមការកោះហៅ ថ្វីបើពេលនោះចំពេល ខ្ញុំនៅក្រៅប្រទេស។ ខ្ញុំបានចូលឆ្លើយតបតាមកាលកំណត់ពេលនោះនៅដំណាក់កាលស៊ើបសួរ? ចំណោទពេលនេះគឺដីកាកោះចំពេល ខ្ញុំត្រូវជាប់បេសកកម្មទៅក្រៅប្រទេស»។
លោកស្រី ចក់ សុភាព បានបានថ្លែងដោយ បញ្ចេញទស្សនៈក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស ដោយធ្លាប់បង្ហាញរក្សាជំហរថា លោក កឹម សុខា និងសមាជិកដទៃទៀត មិនគួរត្រូវប្រឈមបទចោទប្រកាន់ដោយសារតែភាពសកម្មខាងនយោបាយរបស់ខ្លួន និងគណបក្សខ្លួនឡើយ។
លោកស្រីថ្លែងថា៖ «ខ្ញុំចាត់ទុកថា ការបន្តចោទប្រកាន់និងអូសបន្លាយលើសំណុំរឿងក្តីលោក កឹម សុខា ជាការបំពានដល់សិទ្ធិសេរីភាពខាងនយោបាយដែលកម្ពុជាបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
លោក មាស នី អ្នកស្រាវជ្រាវ និងតាមដានសង្គមថ្លែងថា ការកោះហៅលោកស្រី ចក់ សុភាព ក្នុងនាមជាសាក្សីជារឿងធម្មតាទេ ប៉ុន្តែសួរថា ជាការគំរាមកំហែងមួយថ្មីសម្រាប់អ្នកធ្វើការសិទ្ធិមនុស្សយ៉ាងណានោះ ការកោះហៅមន្ត្រីសង្គមស៊ីវិលទៅបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា អាចក្លាយជាការតាមដានមួយបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
លោក មាស នី ថ្លែងថា៖ «ខ្ញុំយល់ថា វាជារឿងធម្មតាទេមនុស្សដែលត្រូវបានគេហៅឡើងតុលាការចង់មិនចង់វាត្រូវតែមានការភិតភ័យហើយ ហើយខ្ញុំមើលឃើញទៀតថា លោកស្រី ចក់ សុភាព គាត់គ្មានពាក់ព័ន្ធស៊ីជម្រៅជាមួយសំណុំរឿងលោក កឹម សុខា ទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ការកោះហៅលោកស្រី ចក់ សុភាព បំភ្លឺក្នុងនាមជាសាក្សីមិនមែនជារឿងគួរឲ្យបារម្ភពេកទេ។
លោក ម៉ាលីន ថ្លែងថា៖ «វាមិនមែនការបំភិតបំភ័យអីទេ វាគ្រាន់តែជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់គ្នា ដែលត្រូវចូលរួមជាមួយសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចត្រូវការ ក្នុងការផ្ដល់ព័ត៌មានដើម្បីឈានទៅបំបែកសំណុំរឿង ហើយក៏ជាការចូលរួមបំបែកសំណុំរឿងដើម្បីលើកស្ទួយនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិទទួលបានយុត្តិធម៌»។
សវនាការបន្តរបស់លោក កឹម សុខា នឹងធ្វើនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២៕