ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​អនុ​ញ្ញាត​ឱ្យសមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ជួបជុំ​មនុស្ស ​២០០ ​នាក់ ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នៅ​ថ្ងៃទី​ ៥ ​តុលា​ នៅ​ទីលាន​ប្រជា​ធិ​តេ​យ្យ​តាម​គ្រោងទុក តែ​បាន​តម្រូវ​ឱ្យ​សមា​គម​នេះ​ធានា​ថា កា​រជួបជុំ​នោះមិន​អនុ​ញ្ញាត​ឱ្យ​អ្នក​នយោ​បាយ​ដែល​ត្រូវបាន​ហាម​ឃាត់​ដោយ​តុលាការ​កំពូល​រយៈ​ពេល​ ៥​ ឆ្នាំ​ចូលរួម​ឡើយ​ លើក​លែង​តែ​បុគ្គល​នោះ​ទទួល​បាន​នីតិ​សម្ប​ទា​ធ្វើ​នយោ​បាយ​ឡើង​វិញ​ពី​ព្រះ​មហា​ក្សត្រ​ទើប​​ចូល​រួម​បាន​។​

​លក្ខ​ខណ្ឌ​នេះ​ត្រូវ​បាន​កំហិត​នៅ​ក្នុង​ជំនួប​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ​នៅ​ថ្ងៃទី​ ២៨ ​កញ្ញា នៅ​សាលា​រាជ​ធានី​ភ្នំពេញ​។

លោក​ កើត ​ឆែ ​អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ​ថ្លែង​តាម​ទូរ​ស័ព្ទ​ក្រោយ​ជំនួប​នោះ​ថា៖​ «​សមា​គម​ត្រូវ​ទទួលខុស​ត្រូវ​ថា ​អ្នក​ដែល​ត្រូវ​បាន​តុលា​ការ​កំពូល​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោ​បាយ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ មិន​ឱ្យ​ទៅធ្វើ​នយោ​បាយ​នៅ​កន្លែង​ជួបជុំ​ទេ​ លើក​លែង​តែ​អ្នក​ដែល​ទទួល​បាន​នីតិ​សម្បទា​ធ្វើ​នយោ​បាយ​ឡើង​វិញ​»​។​

​លោក​អភិ​បាល​រង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​លក្ខ​ខណ្ឌ​នេះ ​អាជ្ញាធរ​បាន​ណែនាំ​សមា​គម​គ្រូ​បង្រៀន​សម្ដែង​មតិ​ដោយ​មិន​ត្រូវ​ប៉ះពាល់​ដល់​ស្ថា​ប័ន​ព្រះ​មហា​ក្សត្រ ឬ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​ឡើយ​ ហើយ​អាជ្ញាធរ​នឹង​ធានា​រក្សា​សន្តិ​សុខ​ការពារ​ការជួប​ជុំនោះ​។​ បន្ថែម​លើ​នេះ​ការ​ហែ​ញត្តិ​យក​ទៅ​ដាក់​នៅស្ថាប័ន​មួយ​ចំនួន​ក៏​មិន​ត្រូវបាន​អនុ​ញ្ញាត​ដែរ​ ដោយ​ត្រូវ​ជំនួស​មកវិញ​គឺ​តំណាង​ស្ថា​ប័ន​ទាំង​ ៣​ នឹង​អញ្ជើញ​មក​ទទួល​ញត្តិ​ផ្ទាល់​នៅ​កន្លែង​ជួប​ជុំ​។

​ជា​មួយ​គ្នា​នេះ ​លោក​ស្រី អ៊ុក ឆាយ៉ា​​វី ប្រធាន​សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​លើក​ពី​មូល​ហេតុ​មិន​ឱ្យ​​យក​ញត្តិ​ទៅ​ដល់​ស្ថា​ប័ន​ទាំង ​៣ ​ផ្ទាល់​ក្រោម​ហេតុ​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​​។ លោកស្រី​ថា​៖ «​យើង​ខំ​ទាញ​ហេតុ​ផល​ប្រាប់​ទៅខាង​ក្រុង​ដែរ​ថា ការ​ដើរ​ដាក់​ញត្តិ​ធ្វើ​ដោយ​សន្តិ​វិធី​មិន​ប្រទាំង​ប្រ​ទើស​ទេ ​នៅតែ​មិន​ត្រូវ​បាន​អនុ​ញ្ញាត តែ​យ៉ាង​ណា​យើង​នឹង​គោរព​តាម​ការ​ព្រម​ព្រៀង​ជាមួយ​សាលា​ក្រុង​ដើម្បី​​ឱ្យ​ការ​ជួប​ជុំ​សម្ដែង​[មតិ]របស់​យើង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​»​។​

​បើ​តាម​លោក​ស្រី​អ៊ុក ឆា​យ៉ា​វី ​ប្រធាន​បទ​ដែល​ត្រូវ​ប្រារព្ធ​ក្នុង​ទិវា​គ្រូ​បង្រៀន​ឆ្នាំ​ ២០២២ ​គឺ​ «​កម្រិត​ស្ថាន​ភាព​គ្រូបង្រៀន​នៅ​កម្ពុជា​»​ ដែល​លោក​ស្រី​ចង់​ឃើញ​រូប​ភាព​ថ្មី​នៅ​ក្នុង​វិស័យ​អប់រំ​ គ្រូ​បង្រៀន​គួរ​បង្ហាញ​ភាព​ស្អាត​ស្អំ​ ថ្លៃថ្នូរ​ដោយ​បញ្ឈប់​ការយក​នំ​ទៅ​លក់​ក្នុង​សាលា ​និង​បញ្ឈប់​បើក​ការបង្រៀន​គួរ​ក្រៅ​ម៉ោង ​ដើម្បី​បាន​ចំណូល​និង​គាប​ពិន្ទុ​សិស្ស​ដែល​គ្មាន​លទ្ធភាព​រៀន​គួរ​ក្រៅ​ម៉ោង​។​

​ចំណែក​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ នឹង​រៀបចំ​ទិវា​គ្រូ​បង្រៀន​នៅ​ថ្ងៃទី​ ៥ ​តុលា​ ក្រោម​ប្រធាន​បទ​ «​គ្រូ​បង្រៀន​យើង ​អនា​គត​យើង ប្រទេស​ជាតិ​យើង​»​ មួយ​ថ្ងៃ​ពេញ​នៅ​វិទ្យា​ស្ថាន​គរុកោ​សល្យ​រាជធានី​ភ្នំពេញ​និង​មាន​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​លោក​ រស់ សុ​វាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ឱ្យ​ដឹង​ថា ក្រសួង​អប់រំ ​ផ្តោត​លើ​ការ​លើក​កម្ពស់ ជី​វភាព និង​គុណ​វុឌ្ឍិ​របស់​គ្រូ​បង្រៀន​សម្រាប់​ចូល​រួម​ចំណែក​ពង្រឹង​គុណភាព​អប់រំ​ដូច​មាន​ចែង​នៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ ២០១៩-​២០២៣​។

លោក​ថា​៖ «​ជាក់​ស្ដែង​ប្រាក់ខែ​គ្រូបង្រៀន​នៅ​ឆ្នាំ​ ២០១៥​ គឺ​ចន្លោះ​ជាង​៥​សែន​រៀល​ដល់ ​១​ លាន ​២​ សែន​រៀលនិង​ឆ្នាំ​ ២០២២​ គឺ​ចន្លោះ​ ១​ លាន​ ២ ​សែន​រៀលដល់​ ២ ​លាន ​១ ​សែន​រៀល ​ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រីបាន​ជម្រាប​ជូន​មហា​ជន​រួច​មក​ហើយ​ថា​ ចាប់ពី​ដើម​ឆ្នាំ​ ២០២៣ ​តទៅ ​ប្រាក់​ខែ​គ្រូ​បង្រៀន​គឺមាន​ចំនួន ១​ លាន​ ៥ ​សែន​យ៉ាង​តិច​»៕