​សៀមរាបៈ មន្ត្រី​ជំនាញ​កសិកម្ម​កំពុងផ្តល់​ការគាំទ្រ​លើ​ផ្នែក​បច្ចេកទេស​កសិកម្ម​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ជំហាន​ដំបូង​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៥៣ គ្រួសារ ដែល​ស្ម័គ្រចិត្ត​រស់នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ នេះ​បើតាម​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​។

លោក ទា គឹម​សុទ្ធ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា​ថា ក្នុង​ជំហាន​ដំបូង​នៃ​ការផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​តំបន់​រុន​តា​ឯក​ផ្នែក​បច្ចេកទេស​កសិកម្ម​ជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អចិន្ត្រៃយ៍​នៅ​ទីនោះ មន្ត្រី​កសិកម្ម​កំពុងតែធ្វើការ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹមសត្វ​ជាពិសេស​គឺ​ចិញ្ចឹម​មាន់ ត្រី និង​ការដាំដុះ​បន្លែ សម្រាប់​ទ្រទ្រង់​ការរស់នៅ​ប្រចាំថ្ងៃ​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បញ្ជក់​ថា ជំហាន​ដំបូង​នេះ គឺ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១៥៣ គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលយក​ការចិញ្ចឹម​មាន់ នឹងមិន​ទទួលបាន​ពូជ​ត្រី​នោះទេ ដោយឡែក​អ្នក​ដែល​ទទួលយក​ការចិញ្ចឹម​ត្រី​មន្ត្រី​កសិកម្ម​នឹងជួយ​ធ្វើ​ទ្រុង​ចិញ្ចឹម​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដោយសារ​កសិកម្ម​វា​ទាមទារ​ត្រូវមាន​មនុស្ស​ទៅ​នៅ​សិន​បាន​យើង​អាច​ទៅធ្វើ​ការអភិវឌ្ឍ​កើត​។ ​បើ​ថា ​ត្រឹមតែ​ដាំ​ឈើ​ដាំ​អី​នោះ​វា​អត់​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា អានេះ​យើង​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ គឺ​ទាមទារ​អ្នក​ថែទាំ អ៊ីចឹង​ទាល់តែ​មាន​អ្នករស់នៅ​អចិន្ត្រៃយ៍​នៅ​ទី​ហ្នឹង​បាន​យើង​ទៅ​រៀបចំ​បណ្តុះបណ្តាល​គាត់​ហើយនឹង​ចែក​ពូជ​មាន់ ពូជ​បន្លែ ពូជ​ត្រី​ជូន​គាត់​»​។

លោក ទា គឹម​សុទ្ធ ប្រាប់​ឱ្យដឹងទៀតថា ពាក់ព័ន្ធ​នឹង​បន្លែ​មន្ត្រី​កសិកម្ម​នឹង​ចែក​ពូជ​បន្លែ​ចំនួន ៤ មុខ ជូន​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ ដែល​បន្លែ​ទាំងនោះ​រួមមាន​ត្រប់ ស្ពៃខៀវ សណ្តែកទ្រើង និង​ត្រកួន​។ ការផ្តល់ជូន​ប្រជាពលរដ្ឋ​តាមរបៀប​ដូចគ្នានេះ​នឹង​ផ្តល់ជូន​ជា​បន្តបន្ទាប់​ទៀត​រហូតដល់ ៦​ ពាន់​គ្រួសារ ខណៈ​បច្ចុប្បន្ននេះ​មាន​ប្រជា​ពលរដ្ឋបាន​ទៅ​នៅ​ទីនោះ​ចំនួន​ជាង ៣ ០០០ គ្រួសារ​ហើយ​។

ដោយឡែក​ចំពោះ​ការដាំដុះ​ដើមឈើ​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ប្រាប់ថា មន្ត្រី​កសិកម្ម​នៅ​មិនទាន់​បានធ្វើ​ការដាំដុះ​ដើមឈើ​នៅ​តំបន់​នោះទេ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​បាន​ចូលរួម​ដាំ​ដុះ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។

ជុំវិញ​ការដាំដុះ​ដើមឈើ​នៅ​តំបន់​រុន​តា​ឯក​នេះ លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប ធ្លាប់បាន​បញ្ជាក់ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ថ្ងៃទី​ ១៨ ខែកញ្ញា​ថា មន្ត្រី​បរិស្ថាន​បាន​ជួយ​ត្រួសត្រាយ​ព្រៃ​នៅ​តំបន់​រុន​តា​ឯក​ចំនួន ៣៥១ ហិកតា និង​បាន​ដាំ​ដើមឈើ​ហូប​ផ្លែ នៅតាម​ដីឡូត៍​ប្រជាពលរដ្ឋ​បាន​ចំនួន ៧១​ ឡូត៍ និង​កំពុង​បន្ត​ដាំ​រហូតដល់​គ្រប់​ចំនួន ២៥៥ ឡូត៍ ក្នុង​ជំហាន​ដំបូង​នេះ​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ប្រាប់ថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ជា​ការជួយ​គាំទ្រ​ទៅដល់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប ហើយ​ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​មន្ទីរ​បរិស្ថាន និង​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ​។

លោក​បញ្ជាក់ទៀតថា ដំណាំ​ហូប​ផ្លែ​នៅ​តំបន់​រុន​តា​ឯក​នោះ​មាន ១២ ប្រភេទ និង​ដាំ​ដុះ​នៅតាម​ដីឡូត៍​នីមួយៗ​ចំនួន ១៩ ដើម ក្នុង ​១ ​ឡូត៍​។ ដើមឈើ​ហូប​ផ្លែ​ទាំងនោះ​រួមមាន​ដើម​ដូង [​ដូងក្រអូប​] ដើម​ម្កាក់ ស្អំ ឫស្សី​ផ្អែម ស្តៅ ព្រីង និង​ដើម​មៀន ជាដើម​។​

លោក ស៊ុន គង់​ថ្លែងថា​៖ «​នេះ​ជាការ​គិតគូរ​មួយ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅពេលដែល​ដើមឈើ​នេះ​ធំ​ឡើង និង​ហុច​ផល​មកវិញ​។ ជំហាន​ទី​១ ហ្នឹង គឺ​ក្នុង​ទំហំ ២៥៥ ឡូត៍ គឺ​ក្រសួងបរិស្ថាន​បាន​គាំទ្រ​លើ​ដំណាំ​ឈើ​ហូប​ផ្លែ​ហ្នឹង​ក្នុង​ដីឡូត៍​របស់គាត់​[​ប្រជាពលរដ្ឋ​]​។​»៕