
ទិដ្ឋភាពសាលាក្តីខ្មែរក្រហម ក្នុងថ្ងៃប្រកាសសាលដីកាលើសំណុំរឿងមេដឹកនាំខ្មែរក្រហមលោកខៀវ សំផន នាថ្ងៃទី២២ កញ្ញា។ រូបថត ECCC
ភ្នំពេញៈ ដោយមានការសម្របសម្រួល និងជំនួយពីអង្គការគាំពារជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១៧០ នាក់ បានចូលរួមស្តាប់ការប្រកាសសាលដីកាលើបណ្តឹងសារទុក្ខដោយអង្គជំនុំជម្រះតុលាការកំពូល អ.វ.ត.ក. នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះតុលាការកំពូល អ.វ.ត.ក. នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ បានឱ្យដឹងថា ដើមបណ្តឹងរដ្ឋប្បវេណីទាំងនេះជាតំណាងឱ្យផ្នែកដ៏ធំនៃដើមបណ្តឹងរដ្ឋប្បវេណី ដែលជ្រើសរើសផ្អែកលើលក្ខណវិនិច្ឆ័យ មានដូចជា ភេទ ជាតិពន្ធុ ទីតាំងភូមិសាស្ត្រ និងបទចោទ ដែលបានលើកមកសួរដេញដោលនៅពេលសវនាការ ក្នុងសំណុំរឿង ០០២/០២។
សេចក្តីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីស្តាប់ការប្រកាសសាលដីកា ដើមបណ្តឹងរដ្ឋប្បវេណីបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលប្រជុំ Meeting Center នៅរាជធានីភ្នំពេញ ដើម្បីជួបជាមួយតំណាងផ្លូវច្បាប់របស់ខ្លួន និងពិភាក្សាអំពីសាលដីកានោះ។ ពួកគាត់បានសម្តែងក្តីសោមនស្សរីករាយចំពោះសាលដីកា និងបានលើកឡើង នូវបញ្ហាមួយចំនួន ដែលមានសារៈសំខាន់ចំពោះពួកគាត់ និងសហគមន៍របស់ពួកគាត់។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ មួយរយៈពេលកន្លងមក ការរីករាលដាលនៃជំងឺកូវីដ ១៩ ពុំអាចអនុញ្ញាតឱ្យមានការជួបជុំជាទ្រង់ទ្រាយធំបានទេ។ ហេតុនេះ អង្គភាពគាំពារជនរងគ្រោះ បានសម្របសម្រួល និងរៀបចំឱ្យមានការជួបជុំតូចៗនៅតាមសហគមន៍ អនុញ្ញាតឱ្យដើមបណ្តឹងរដ្ឋប្បវេណីបានជួបជាមួយតំណាងផ្លូវច្បាប់របស់ខ្លួន ដើម្បីទទួលបានព័ត៌មានស្ដីពីការវិវឌ្ឍថ្មីៗសំណុំរឿង ០០២/០២។
លោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះ បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ ២០២២ មក អង្គភាពគាំពារជនរងគ្រោះ បានរៀបចំវេទិកាចំនួន៣លើក ហើយនឹងនៅតែបន្តរៀបចំវេទិកានានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃសាលដីកាលើបណ្តឹងសារទុក្ខរបស់អ.វ.ត.ក.។
លោកបន្តថា អង្គភាពគាំពារជនរងគ្រោះ ក៏បានសម្របសម្រួលផងដែរ ដើម្បីឱ្យដើមបណ្តឹងរដ្ឋប្បវេណី បានចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីជនរងគ្រោះ កាលពីខែឧសភា ឆ្នាំ ២០២២ ដែលរៀបចំការិយាល័យរដ្ឋបាល អ.វ.ត.ក. និងបានជួបជាមួយក្រុមម្ចាស់ជំនួយចម្បងសម្រាប់ អ.វ.ត.ក. (PDG) ដើម្បីពិភាក្សាអំពីក្តីព្រួយបារម្ភ និងសំណើរបស់ពួកគាត់ជាបន្តទៀត។
លោកថ្លែងថា៖ «ការសម្របសម្រួល ឱ្យដើមបណ្តឹងរដ្ឋប្បវេណីបានចូលរួមទៅក្នុងវេទិកា សវនាការ និងការពិភាក្សាជាមួយមេធាវី គឺជាការងាររបស់អង្គភាពគាំពារជនរងគ្រោះ។ ការងារថ្មីៗនេះអាចដំណើរការទៅបាន ដោយសារមានការផ្ដល់ថវិកាពីគម្រោងសេវាកម្មសន្តិភាព សម្រាប់ជនស៊ីវិល (Civil Peace Services) នៃអង្គការ GIZ»៕