
ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោឃុំ-សង្កាត់ នៅមណ្ឌលបោះឆ្នោត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២២។ រូបថត ហុង មិនា
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការខុមហ្វ្រែល ដែលលើកពីការរកឃើញភាពមិនប្រក្រតី ឬកំហុសក្នុងដំណើរការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា ដោយថា របាយការណ៍នោះ មិនត្រឹមត្រូវទេ ព្រោះដំណើរការបោះឆ្នោត ត្រូវបានមតិជាតិ និងអន្តរជាតិវាយតម្លៃថា ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងស្របទៅតាមច្បាប់ ។
ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានចេញរបាយការណ៍សង្ខេបកម្រាស់ ៨ ទំព័រ ពាក់ព័ន្ធនឹងភាពអវិជ្ជមាន និងការរកឃើញភាពមិនប្រក្រតីជាច្រើនចំណុច ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ របស់ស្ថាប័ន គជប កន្លងមកនេះ។
របាយការណ៍បានរកឃើញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំ-សង្កាត់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧ កាលអំឡុងឆ្នាំ ២០១៥ និងការធ្វើវិសោធនកម្មបន្តបន្ទាប់ ក្រោយការបោះឆ្នោត ឆ្នាំ ២០១៧ ត្រូវបានរកឃើញថា មានភាពអវិជ្ជមាន ច្រើនជាងវិជ្ជមាន។
ម្យ៉ាងទៀត ចំណុចសំខាន់ៗ ២ ដែលមើលឃើញថា ជាចំណុចអវិជ្ជមានខ្លាំង ហើយមិនធ្លាប់មានពីមុនមក គឺទី១ តំណែងតំណាងជាប់ឆ្នោត មិនត្រូវបានធានា រួមទាំងឆន្ទៈរបស់ម្ចាស់ឆ្នោត ព្រោះថា ច្បាប់បោះឆ្នោតបានបញ្ញត្តិឱ្យមានការបែងចែកអាសនៈដែលជាលទ្ធផលទទួលបានពីការបោះឆ្នោតនៃគណបក្សនយោបាយ ប៉ុន្តែត្រូវបានតុលាការរំលាយ ហើយយកអាសនៈរបស់គេ ទៅបែងចែកឱ្យគណបក្សផ្សេងទៀត ដែលមិនមែនជាជំហរ ឬបំណងនៃឆន្ទៈរបស់ម្ចាស់ឆ្នោត។ ទី២ ការប្រើប្រាស់បណ្ដឹងទៅតុលាការ ក្នុងបទល្មើសព្រហ្មទណ្ឌ ជាមួយសកម្មភាពដែលអ្នកបានប្រព្រឹត្ត មិនបានបំពេញគ្រប់លក្ខខណ្ឌនៃនីតិវិធីបោះឆ្នោត។
ទោះជាយ៉ាងណា របាយការណ៍សង្ខេបនេះ ក៏រកឃើញនូវភាពល្អប្រសើរ និងវិជ្ជមានមួយចំនួនផងដែរ ពាក់ព័ន្ធទៅនឹងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះផងដែរ ដូចជា កំណែទម្រង់ប្រព័ន្ធចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី។ ការចាត់ចែងដាក់ស្លាកសញ្ញារបស់គណបក្សនយោបាយនៅតាមទីសាធារណៈ។
ការហាមឃាត់យោធា ប៉ូលិស មន្ត្រីរាជការស៊ីវិល អាជ្ញាធរមូលដ្ឋាន និងមន្ត្រីតុលាការពីការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សនយោបាយក្នុងម៉ោងធ្វើការ ឬបំពេញភារកិច្ចក្នុងរយៈពេលនៃបោះឆ្នោត។ ការទទួលស្គាល់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍បោះឆ្នោត។ ទាំងអស់នេះសុទ្ធតែមានចែងច្បាស់លាស់ក្នុងច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងមានចែងអំពីពេលវេលាដែលត្រូវអនុវត្តយ៉ាងច្បាស់លាស់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម ។
លោកសោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ កញ្ញាថា គជប មិនទាន់ទទួលបានរបាយការណ៍នេះ នៅឡើយទេ ប៉ុន្តែលោកថា អ្នកអនុវត្ត និងអ្នកតាមដានសង្កេតមើលគេអនុវត្ត យល់ឃើញមិនដូចគ្នាទេពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កន្លងមកនេះ។ ទោះជាយ៉ាងណា គជប បានរៀបចំការបោះឆ្នោតមួយនេះ អនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត សៀវភៅណែនាំរបស់ការបោះឆ្នោត រួមទាំង ប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតផងដែរ ។
លោកថ្លែងថា ជាទូទៅការបោះឆ្នោតច្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានមតិជាតិ និងមតិអន្តរជាតិភាគច្រើនលើសលប់ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានភាពរលូន ដោយតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
មួយវិញទៀត ការបោះឆ្នោតលើកនេះ ត្រូវបានគេមើលឃើញថា រៀបចំកាន់តែល្អប្រសើរឡើង ស្របតាមទិដ្ឋភាពច្បាប់ និងបច្ចេកទេស បើប្រៀបធៀបទៅនឹងការការបោះឆ្នោតកាលពីលើកមុនៗ។ បន្ថែមពីនេះ ការបោះឆ្នោតលើកនេះ ពិតជាបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដែលមានជាង ៨០% ចេញទៅបោះឆ្នោត ដើម្បីគាំទ្របេក្ខជនដែលឈរឈ្មោះបោះឆ្នោត។ ឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានចូលរួមនេះ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលនាំមកនូវសេចក្តីសុខ សន្តិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្រោយការបោះឆ្នោត ។
លោកថ្លែងថា៖ «អ៊ីចឹងទេ បើយើងពិនិត្យជាទូទៅនៃដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន ល្អ ស្របតាមគោលការណ៍ដែលកំណត់នៅក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ រាល់បណ្តឹងត្រូវបានដោះស្រាយចប់សព្វគ្រប់ មុននឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ» ។
បើតាម លោកសោម សូរីដា អង្គការខុមហ្វ្រែល រួមទាំងអង្គការសម្ព័ន្ធភាព មិនបានចេញសេចក្តីថ្លែងការណ៍នៅមុនការបោះឆ្នោត និងរាប់សន្លឹកឆ្នោតទេ។ ទើបតែពេលនេះអង្គការនេះចេញរបាយការណ៍មើលតែអំពីកំហុស។ ដូច្នេះ ការកត់ត្រាអំពីកំហុសដែលមានចំណុចខ្លះ គឺមិនមែនកើតឡើងដោយ គជប នោះទេ ហើយក៏មិនអាចជាកំហុសបានដែរ ពីព្រោះវាកំណត់ដោយបញ្ញត្តិច្បាប់ដែលតម្រូវឱ្យ គជប អនុវត្ត។
លោកបញ្ជាក់ថា ចំណុចមួយទៀតដែលខុមហ្វ្រែលរកឃើញមន្ត្រីរាជការ កងកម្លាំងខេមរភូមិន្ទ មានសិទ្ធិចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតនោះ ពួកគាត់ចូលរួមសកម្មភាពឃោសនានៅពេលបញ្ចប់ការងារ ឬនៅពេលដែលមិនបំពេញការងារក្នុងក្របខ័ណ្ឌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចពលរដ្ឋផ្សេងទៀតដែរ។ រីឯ វត្តមាន របស់អាជ្ញាធរដែនដី តាមពិត សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធា្នប់សាធារណៈ ដែលអាចគ្រប់គ្រងបាន ក៏អាស្រ័យលើការចូលរួមពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែរ ពីព្រោះច្បាប់បានចងអាជ្ញាធរដែនដីផ្តល់កិច្ចសហការឱ្យ គជប ដាច់ខាតក្នុងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណា នៅពេលមុនបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវតែធានាឱ្យបានល្អប្រសើរ។
របាយការណ៍សង្ខេបរបស់អង្គការខុមហ្វ្រែលស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ បានផ្តោតលើចំណុចសំខាន់ៗ រួមមាន ក្របខ័ណ្ឌច្បាប់ ការជ្រើសរើសមន្ត្រីបម្រើការបោះឆ្នោត ការគ្រប់គ្រង និងចាត់ចែងការបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោត ការរៀបចំបញ្ជីបោះឆ្នោត ការសាកល្បងទឹកខ្មៅលុបលាងមិនជ្រះ ការចុះឈ្មោះបេក្ខជននៃគណបក្សនយោបាយ យុទ្ធនាការឃោសនាបោះឆ្នោត។ ហិរញ្ញវត្ថុ សម្រាប់ការឃោសនាបោះឆ្នោត ការចូលរួមសង្កេតឃ្លាំមើលថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត ភាពមិនប្រក្រតីក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត និងការប្រើប្រាស់ទឹកខ្មៅដោយខុសបច្ចេកទេសជាដើម៕