
ស្ថានភាពទឹកលិចនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី ២៨ កញ្ញា។ រូបថត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ ស្ថានភាពជំនន់ទឹកភ្លៀង តាមប្រព័ន្ធអូរ ព្រែក និងស្ទឹង នៅបណ្ដាខេត្តភាគនិរតី រួមមាន ខេត្តកែប កំពត និងកំពង់ស្ពឺ បានចាប់ផ្ដើមជន់ឡើងយ៉ាងលឿននៅថ្ងៃទី ២៨ ខែកញ្ញា ខណៈក្រុមហ៊ុនអគ្គិសនីកំចាយ ស៊ីណូហាយដ្រូ បានបើកទ្វារទឹក ដើម្បីបង្ហូរទឹកចេញពីអាងការពារការបាក់ស្រុតទំនប់អាងទឹកដ៏ធំនេះ ក៏ប៉ុន្តែនៅបណ្ដាខេត្តជាប់ព្រំដែនថៃបានថមថយបន្តិចវិញ។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតមធ្យមនៅឡើយ ធ្វើឱ្យតំបន់ទំនប់អាងវារីអគ្គិសនីកំចាយ មានបរិមាណទឹកកើនឡើងច្រើនលើសកម្រិតដែលត្រូវរក្សាទុក ជាហេតុនាំឱ្យខាងភាគីក្រុមហ៊ុនអគ្គិសនីកំចាយ សម្រេចបើកទ្វារទឹកដើម្បីបញ្ចេញទឹកពីអាង ការពារការបាក់ស្រុតទំនប់អាងទឹក។
លោកថ្លែងថា៖ «ក្នុងស្ថានភាពនេះ ធ្វើឱ្យតំបន់វាលទំនាបជាប់មាត់ទឹកមួយចំនួនរងការជន់លិចដោយអន្លើ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ»។
ជាមួយគ្នានេះ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ខាងក្រុមហ៊ុនបានបើកទ្វារទឹកក្នុងកម្ពស់កន្លះម៉ែត្រ បន្ទាប់ពីបានបើកកម្ពស់ ១ ម៉ែត្រកាលពីព្រលប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ គ្រាដែលទឹកនៅក្នុងអាងមានកម្ពស់ដល់ទៅ ១៤៨,៦៩ ម៉ែត្រ លើសពីកម្រិតកម្ពស់ដែលត្រូវរក្សាទុក ឬប្រកាសឱ្យមានការប្រុងប្រយ័ត្ន ០,៦៩ ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «កាលពីយប់មិញបរិមាណទឹកភ្លៀង ដែលបានហូរចូលទៅក្នុងអាង គឺជាង ១៤០ ម៉ែត្រគុប ក្នុង ១ វិនាទី ធ្វើឱ្យទឹកនៅក្នុងអាងជន់ឡើងយ៉ាងគំហុក ដែលតម្រូវឱ្យមានការបើកទ្វារទឹក ដើម្បីដោះទឹកចេញពីអាង ការពារការបាក់ស្រុតទំនប់អាងវារីអគ្គិសនី ដ៏ធំនេះ។ ប៉ុន្តែនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញានេះ ទឹកនៅក្នុងអាងស្តុកបានស្រកមកនៅកម្ពស់ ១៤៨,៣៤ ម៉ែត្រ»។
បើតាមលោក វិចិត្រ ការបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយនាពេលនេះ មិនទាន់បង្កផលប៉ះពាល់ជាដុំកំភួន ដល់លំនៅឋានប្រជាពលរដ្ឋ ដែលនៅខ្សែទឹកខាងក្រោមជាប់ដងព្រែកកំពង់បាយនៅឡើយទេ។ ទោះយ៉ាងណា លោកអំពាវនាវឱ្យពលរដ្ឋដែលមានលំនៅជាប់ដងព្រែកនេះ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ ធ្វើឱ្យមានការជន់លិចខ្លាំង។
ស្រដៀងគ្នានេះ អាជ្ញាធរខេត្តកំពង់ស្ពឺបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនរកទីទួលមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ខណៈភ្លៀងកំពុងបន្តធ្លាក់ច្រើននៅតំបន់ខាងលើ (តំបន់ភ្នំ) ធ្វើឱ្យទឹកនៅក្នុងស្ទឹងព្រែកត្នោតជន់ឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ (តំបន់ភ្នំ) មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បង្កឱ្យទឹកស្ទឹងព្រែកត្នោតជន់ឡើងយ៉ាងលឿន និងបង្កឱ្យលិចលង់ផ្ទះសំបែង ក៏ដូចជាដំណាំរួមផ្សំមួយចំនួនរបស់ប្រជាកសិករខ្លះ ដែលរស់នៅទីទំនាបជាប់មាត់ស្ទឹងនេះ។
លោកបានថ្លែងថា៖ «ថ្វីដ្បិតតែនៅពេលនេះ កម្ពស់ទឹកមិនទាន់ហក់ឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ប៉ុន្តែវាបានបង្កការជន់លិចប៉ះពាល់លំនៅឋានប្រជាពលរដ្ឋមួយចំនួន នៅផ្នែកខាងលើនៃទ្វារទឹករលាំងជ្រៃ។ ដូច្នេះ អ្នកនៅផ្នែកខាងក្រោមទ្វារទឹករលាំងជ្រៃ តាមបណ្ដោយស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់»។
ចំណែកអាជ្ញាធរខេត្តជាប់ព្រំដែនខ្មែរថៃវិញបានអះអាងថា នៅពេលនេះស្ថានភាពទឹកបានធូរស្រាលបន្តិចវិញ នៅថ្ងៃទី ២៨ ខែកញ្ញា ដោយទឹកបានហូរស្រុងចុះទៅបឹងទន្លេសាប តាមប្រព័ន្ធ អូរ ស្ទឹង បឹង ព្រែកធម្មជាតិនានា ដែលនៅផ្នែកខាងក្រោម។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះវិហារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពស់ទឹកស្ទឹងសែន នៅស្ថានីយជលសាស្ត្រខេត្តព្រះវិហារ គិតត្រឹមម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ទឹកមានកម្ពស់ ១៣,៧០ ម៉ែត្រ ទាបជាងរសៀលថ្ងៃទី ២៧ ខែកញ្ញា ០,១២ ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ។ ប៉ុន្តែកម្ពស់ទឹកនៅក្នុងអាងទឹករក្សា បានហក់ឡើងបន្តិចវិញ គឺ ៤៦,៥០ ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ដែលកាលពីរសៀលថ្ងៃទី ២៧ ខែកញ្ញា ទឹកនៅក្នុងអាងនេះ មានកម្ពស់ត្រឹមតែ ៤៦,៣៥ ម៉ែត្រប៉ុណ្ណោះ។
លោក កុយ បាននិយាយថា៖«នៅពេលនេះ ទឹកបានជន់លិចផ្លូវ លំនៅឋាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើន ដែលស្ថិតនៅតាមទំនាបជាប់ដងស្ទឹងសែន និងផ្នែកខ្លះទៀតនៃស្រុករវៀង និងស្រុកជ័យសែន»។
ស្រដៀងគ្នានេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថានភាពទឹកជំនន់ពីដងស្ទឹងស្រែង និងស្ទឹងក្រឡាញ់ នៅប៉ែកខាងកើត ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក នៅពេលនេះ បានផ្តើមស្រកចុះបន្តិចវិញហើយ ប៉ុន្តែកម្លាំងចម្រុះនៅបន្តជម្លៀសពលរដ្ឋរងគ្រោះទៅទីទួលសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖ «ឥឡូវទឹកបានស្រកបន្តិចហើយ ប៉ុន្តែផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមានការកើនឡើង ព្រោះទឹកវាស្រកយឺតពេក។ តាមរបាយការណ៍បឋមពីអាជ្ញាធរស្រុកទាំង២នេះ ផលប៉ះពាល់លំនៅឋានពលរដ្ឋជាង ១ ៥០០ គ្រួសារ ក្នុងនោះមនុស្សជាង ៤០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ប៉ះពាល់ដំណាំស្រូវ ១៣ ៨៥៤ ហិកតា ដំឡូងមី ៤៩០ ហិកតា មណ្ឌលសុខភាព ១ សាលារៀន ១៦ វត្ត ៥ ទឹកហូរកាត់ផ្លូវលើ ៦២ ខ្សែ ប្រវែង ៤៧ ៣៥៥ ម៉ែត្រ»។
បើតាមលោក អ៊ុំ រាត្រី ការជន់លិចប៉ែកខាងកើតនៃស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុកមិនមែនបណ្ដាលមកពីមានទឹកហូរធ្លាក់តាមអូរព្រំដែនប្រទេសថៃ នោះទេ តែដោយសារការទទួលរងគ្រោះទឹកជំនន់ដែលហូរធ្លាក់ពីខេត្តឧត្តរមានជ័យ តាមរយៈស្ទឹងស្រែង និងស្ទឹងក្រឡាញ់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដែលបង្កពីបាតុភូតវិសម្ពាធទាប និងឥទ្ធិពលនៃព្យុះមូសុងក្នុងតំបន់។
យ៉ាងណាក៏ដោយ នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ស្ថានភាពទឹកជំនន់ គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅតែបន្តជន់លិចគ្រប់ទីកន្លែងនៅឡើយ ប៉ុន្តែអាជ្ញាធរនៃខេត្តទាំង ២ នៅតែអះអាងថា មិនធ្ងន់ធ្ងរ រហូតមិនអាចគ្រប់គ្រងបាននោះទេ។
លោក សុខ ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជំនន់ទឹកភ្លៀងបានជន់លិចស្ទើរគ្រប់កន្លែងទូទាំងក្រុង-ស្រុកទាំងអស់នៃខេត្តនេះ ប៉ុន្តែស្រុកចំនួន ៣ រួមមាន ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងប្រាសាទបល្ល័ង្ក រងការជន់លិចធ្ងន់ធ្ងរជាងគេ ដោយប៉ះពាល់កំណាត់ផ្លូវជាតិលេខ ៦ និងផ្លូវលំជនបទជាច្រើនកន្លែង ដែលតម្រូវឱ្យមានការបិទផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីការពារការខូចខាតផ្លូវធ្ងន់ធ្ងរជាងនេះ។
លោកបានបញ្ជាក់ថា៖ «ចំណែកឯដំណាំស្រូវនិងដំណាំរួមផ្សំវិញគឺខូចខាតសរុបជាង ១ ម៉ឺនហិកតា ប៉ះពាល់ជីវភាពប្រជាពលរដ្ឋជាង ២ ម៉ឺនគ្រួសារ ប៉ុន្តែវានៅមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ បើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនៗ»។
ចំណែក លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ដែរថា ជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់ពីខេត្តឧត្តរមានជ័យតាមដងស្ទឹងស្រែង បានបង្កឱ្យជន់លិចផ្នែកខ្លះនៃតំបន់រមណីយដ្ឋាន
ប្រាសាទអង្គរ ប៉ុន្តែស្ថានភាពនៅអាចគ្រប់គ្រងបាន។
លោកថ្លែងថា៖ «នៅពេលនេះ ក្រុមការងារយើងបានរំដោះទឹកនៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងប្រាសាទបាយ័ន ដោយបានបញ្ចៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណ ឱ្យហូរស្រុងទៅតាមស្ទឹងនានា ដូចជា ស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប»។
បើតាមរបាយការណ៍ពីរដ្ឋបាលខេត្តសៀមរាប ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មានការប្រឈមគ្រោះទឹកជំនន់ខ្លាំងជាងគេ ដោយប៉ះពាល់ប្រជាពលរដ្ឋសរុបជាង ៨០០ គ្រួសារ លិចប៉ះពាល់ដំណាំស្រូវជាង១ម៉ឺនហិកតា និង លិចផ្លូវជាច្រើនកន្លែង ព្រមទាំងមណ្ឌលសុខភាព សាលារៀន និងវត្តអារាមមួយចំនួនទៀត។
ដោយឡែកនៅឯខេត្តកំពង់ឆ្នាំងវិញ ទឹកទន្លេសាបបានជន់ឡើងលិចផ្ទះប្រជាពលរដ្ឋនៅស្រុកកំពង់លែង និង ស្រុកបរិបូណ៌ សរុប ១៥៣ ខ្នង។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ៕