The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កបប ណែនាំ​ដល់​ពាណិជ្ជករ​ ត្រូវ​ធ្វើសេ​ចក្តី​បរិយាយ​ព័ត៌មាន​ ពី​សមាស​​​​​ធាតុផ្សំ ​និង​កាល​បរិច្ឆេទ​ផុត​កំណត់​ នៅលើ​ផលិត​ផល​ទំនិញ​របស់​ខ្លួន

កបប ណែនាំ​ដល់​ពាណិជ្ជករ​ ត្រូវ​ធ្វើសេ​ចក្តី​បរិយាយ​ព័ត៌មាន​ ពី​សមាស​​​​​ធាតុផ្សំ ​និង​កាល​បរិច្ឆេទ​ផុត​កំណត់​ នៅលើ​ផលិត​ផល​ទំនិញ​របស់​ខ្លួន

Content image - Phnom Penh Post
នារីម្នាក់កំពុងពិនិត្យផលិតផលដែលទើបទិញពីទីផ្សារ។ ហុង មិនា

កបប ណែនាំ​ដល់​ពាណិជ្ជករ​ ត្រូវ​ធ្វើសេ​ចក្តី​បរិយាយ​ព័ត៌មាន​ ពី​សមាស​​​​​ធាតុផ្សំ ​និង​កាល​បរិច្ឆេទ​ផុត​កំណត់​ នៅលើ​ផលិត​ផល​ទំនិញ​របស់​ខ្លួន

ភ្នំពេញៈ អគ្គនាយក​ដ្ឋាន កបប ណែនាំ​ដល់​ពាណិជ្ជករ​ និង​អ្នកនាំចូល​ ត្រូវ​ធ្វើ សេ​ចក្តី​បរិយាយ​ព័ត៌មាន​ពី​សមាស​​​​​ធាតុផ្សំ ​និង​កាល​បរិច្ឆេទ​ផុត​កំណត់​ នៅលើ​ផលិត​ផល​ទំនិញ​របស់​ខ្លួនឱ្យបាន​ត្រឹម​ត្រូវ​ និងទុក​ពេល​​ឱ្យធ្វើការ​ងារ​នេះ ដល់​ដំណាច់​ឆ្នាំ ២០២២​ ខណៈ​សមត្ថកិច្ច​នឹង​ចាត់​វិធាន​ការ​ក្រោយ​ការ​កំណត់​នេះ​។

សេចក្តី​ជូន​ដំណឹង​របស់​ អគ្គ​នាយក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការក្លែង​បន្លំ​“កបប”​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ ចុះថ្ងៃទី​ ២៣ ខែកញ្ញា​ បានឱ្យដឹង​ថា​ ក្នុង​គោល​បំណង​ការពារ​ និង​លើក​កម្ពស់​សិទ្ធិនិង​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់​ ព្រម​ទាំង​ជំរុញ ឱ្យការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុច​រិត​និង​យុត្តិធម៌​ ពាណិជ្ជករ​ ផលិតករ​ សេវា​ករ និង​អ្នកនាំចូល​ ត្រូវ​ អនុ​លោមតាមច្បា​ប់ និង​បទ​​ប្បញ្ញត្តិជា​ធរមាន​នៃអគ្គនាយក​ដ្ឋាន​ កបប​។

ក្នុង​សេចក្តីជូន​ដំណឹង ស្តីពីការ​ដាក់​ស្លាក​សញ្ញាព័ត៌មា​ន សម្រាប់​អ្នក​ប្រើប្រាស់​លើផលិត​ផល​ទំនិញ និង​សេវា បាន​ណែនាំ​ថា រាល់​ផលិត​ផល ដែល​ចរាចរ​លើទី​ផ្សារ ត្រូវ​មា​ន​ស្លាកសញ្ញា ​ឬភ្ជាប់​នូវ​បរិយា​យ​ប័ណ្ណ​បញ្ជាក់​អំពីព័ត៌មាន​ផលិត​ផល​ជាភាសាខ្មែ​រ។

ចំពោះ​ផលិត​ផល​នាំចូល​ ដែល​នៅលើ​សម្បក​វេចខ្ចប់​ឬ​បរិយាយ​ប័ណ្ណ ពុំបាន​បោះពុម្ព​ជាភាសា​ខ្មែរ ត្រូវ​ធ្វើ​ទម្រង់​សេចក្តី​បរិយាយ​ព័ត៌មាន​ជាភាសាខ្មែរ​ ហើយ​បិទ​ភ្ជាប់​នៅលើ​សំបក​វេច​ខ្ចប់​របស់ ផលិត​ផល​ទំនិញ​។

សេច​ក្តី​បរិយាយ​ព័ត៌មាន​ ត្រូវ​មាន​ទំហំអក្សរ​សម​ស្រប​ទៅតាម​ស្ថានភាព​នៃសម្បក​វេច​ខ្ចប់​របស់ ផលិត​ផល ដែលអាច​មើល​ឃើញ​ច្បាស់ ងាយ​អាន និងស្រប​ទៅ​តាម​បទ​ដ្ឋាន ស្ដង់ដារ​ លក្ខ​ខណ្ឌ តម្រូវ​នៃ​បទប្បញ្ញត្តិ​បច្ចេក​ទេស​ជាធរ​មាន​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​និង​អន្តរ​ជាតិ​។

សេចក្តី​ជូន​ដំណឹង​គូស​បញ្ជាក់​ថា សេចក្តី​បរិយាយ​ព័ត៌មាន​ត្រូវ​បង្ហាញ​លក្ខណៈ​ពិតនៃផលិត​ផល​ទំនិញ​និង​សេវា ​ដែល​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ព័ត៌មាន​អប្បបរិមា​ ជាអាទិ៍​ វិធីប្រើ ​សមាស​ធាតុ​ផ្សំ កាល​បរិច្ឆេទ​ប្រើ​ប្រាស់ ឡូត៍ទំនិញ អាសយ​ដ្ឋាន​ផលិត​ឬ​អ្នកនាំ​ចូល​ មុខ​ងារ​និង​របៀបប្រើប្រា​ស់ ប្រសិទ្ធ​ភាព ផល​ប៉ះពាល់ និង​របៀប​រក្សា​ទុក​។ សេចក្តី​បរិយាយ​ព័ត៌មាន​ មិន​ត្រូវ​ភូត​កុហក​ បំភាន់ ឬ​ធ្វើឱ្យ​អ្នក​ប្រើប្រាស់ភាន់​ច្រឡំ​ឡើយ​។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា ចំពោះ​ ម៉ាក និង​ពាណិជ្ជនាម​ អាច​ប្រើជាភាសា​បរទេស​ និង​ទៅ​តាម​ទម្រង់​ដែល​បាន​ចុះបញ្ជី​នៅក្រសួង​ពាណិ​ជ្ជ​កម្ម និង​ស្លាក​សញ្ញាផ្សេ​ងទៀ​ត​ដែល​ត្រូវ​បាន​អនុញ្ញាត​​ដោយ​បញ្ញត្តិករ​មាន​សមត្ថ​កិច្ច។

​សេចក្តី​ជូន​ដំណឹង​សង្កត់​ធ្ងន់​ថា៖‍«អគ្គនា​យកដ្ឋាន​ កបប​ ទុក​រយៈ​ពេល ​ដើម្បី​ធ្វើការ​កែប្រែ ​និង​បំពេញ​​ទៅតាម​លក្ខខណ្ឌត​ម្រូវ​ដូច​បាន​ណែនាំ​ខាង​លើ​ រហូត​ដល់​ថ្ងៃទី​ ៣១​ ខែធ្នូ ឆ្នាំ​ ២០២២​។ ចាប់​ពីថ្ងៃ​ទី ១ ​ខែមករា​ ឆ្នាំ ២​០២៣ តទៅ មន្ត្រី​ស៊ើប​អង្កេត​ ដែល​ទទួល​បាន​នីតិ​សម្បទាជា​នគរ​បាល យុត្តិធម៌​នៃ​អគ្គនាយក​ដ្ឋាន កប​ប នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិជា​ធរ​មាន​»។

នាយ​ក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ​លោក​វេជ្ជបណ្ឌិត​ មុំ គង់​ យល់ថា ការណែនាំ​ឱ្យ​បិទ​ស្លាក​សញ្ញា​លើផលិត​ផល​នោះ គឺ​ជាវិធាន​ការ​ល្អមួ​យ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដល់អ្ន​កប្រើប្រាស់​។

ប៉ុន្តែ​លោក​ថា ត្រឹម​តែ​វិធាន​កា​រ​តែមួយ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ លុះណាមាន​វិធានការ ​និង​ច្បាប់​ផ្សេង​ទៀត​ ទើប​មាន​ប្រសិទ្ធ​ភាព​។

លោក​ថា​៖«ប៉ុន្តែ​ក៏មិន​មានន័យ​ថា វិធាន​ការ​តែមួយ​គ្រប់គ្រាន់​សម្រាប់ កាត់​បន្ថ​យ​ហានិភ័យនោះ​ទេ វាគួរ​តែរួម​ផ្សំ​ជាមួយ​វិធាន​ការ​មាន​ប្រសិទ្ធ​ភាព​ផ្សេង​ទៀត​ ឧទា​ហរណ៍ ចំពោះ​គ្រឿង​ស្រវឹង​វិញ លុះត្រា​តែមាន​ហាមកំ​ហិត លើការ​ផ្សាយពាណិ​ជ្ជកម្ម​ឬការ​ដំឡើង​ពន្ធ ទើប​ធ្វើឱ្យមាន​ប្រសិទ្ធ​ភាពគ្រប់​គ្រាន់​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដល់​អ្នក​ប្រើ​ប្រាស់»​។

អគ្គនាយ​ក​ដ្ឋាន កបប​ សង្ឃឹម​ថា ពាណិជ្ជករ​ ផលិតក​រ សេវា​ករ និងអ្នក​នាំចូល​ទាំង​អស់​ដែល​កំពុង​ធ្វើធុរ​កិច្ច​នៅកម្ពុជា ​ចូល​រួម​សហការ​អនុវត្ត​តាម​ការ​ណែ​នាំ​នេះ ឱ្យបាន​ម៉ឺង​ម៉ាត់​បំផុត ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​ប្រើ​ប្រាស់ ធានា​ដល់​ការ​ប្រកួត​ប្រជែ​ង ក្នុង​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​សុចរិត​ និង​រួម​ចំណែក​ជំរុញ​ឱ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​ដ៏ពិត​ប្រាក​ដ៕

អត្ថបទគួរចាប់អារម្មណ៍