
ក្រុមនីតធីត ណុកឃ័រ កម្ពុជា ដែលជាក្រុមស័្មគ្រចិត្តផលិតសុដន់សិប្បនិម្មិត។ រូបថត សហការី
ភ្នំពេញៈ Cambodia Knitted Knockers ឬ នីតធីត ណុកឃ័រ កម្ពុជា គឺជាក្រុមស័្មគ្រចិត្តផលិតសុដន់សិប្បនិម្មិត ពីការចាក់អំបោះកប្បាសសម្រាប់បរិច្ចាគជូនស្រ្ដីដែលបានទទួលការវះកាត់សុដន់ពីការព្យាបាលជំងឺមហារីកសុដន់ និងមន្ទីរពេទ្យដែលព្យាបាលជំងឺមហារីកសុដន់។
កញ្ញា វ៉ន ពេជ្រចាន់រតនា ជាសហស្ថាបនិកនៃនីតធីត ណុកឃ័រកម្ពុជា រួមជាមួយនឹងសហស្ថាបនិកផ្សេង ទៀតនៅទីក្រុងភ្នំពេញ បានបង្កើតក្រុមមួយនេះឡើង នៅខែកក្កដា ឆ្នាំ ២០២២ ក្នុងគោលបំណងចង់ឱ្យ សុដន់សិប្បនិម្មិតដែលផលិតពីអំបោះកប្បាសនេះ (knitted knockers) មានលក្ខណៈស្រួលរក ចំពោះស្ត្រីដែលបានទទួលការវះកាត់យកផ្នែកខ្លះនៃសុដន់ចេញ (lumpectomy) ឬការវះកាត់យកសុដន់ចេញទាំងស្រុង (mastectomy)។
កញ្ញា វ៉ន ពេជ្រចាន់រតនា លើកឡើងថា នីតធីត ណុកឃ័រ គឺជាជម្រើសមួយសម្រាប់អ្នកទើបតែវះកាត់ថ្មីៗ ក្នុងដំណាក់កាលសះជា ដើម្បីត្រៀមទទួលបានសុដន់សិប្បនិម្មិតធ្វើពីស៊ីលីកូនពាក់ពីក្រៅ ឬការវះកាត់កែរូបរាងសុដន់ឡើងវិញ (reconstruction)។
កញ្ញាបន្តថា សុដន់សិប្បនិម្មិតនេះ អាចជួយបន្ថយការព្រួយបារម្ភពីរូបរាងរបស់ស្ត្រី ដែលបានបាត់បង់សុដន់ ហើយនិងជាជំនួយដល់ពួកគេ ក្នុងការលើកទឹកចិត្តឱ្យឆាប់វិលត្រឡប់មករកភាពធម្មតាវិញក្រោយការព្យាបាល។
កញ្ញារតនា មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្ត ហើយទោះបីនីតធីត ណុកឃ័រ ជារបស់មួយមានលក្ខណៈមិនអស្ចារ្យណាស់ណាទេ ប៉ុន្ដែវាអាចចូលរួមធ្វើឱ្យស្រ្ដីទទួលបានភាពជឿជាក់មកវិញ។ ដូចថា ពេលគាត់វះកាត់ហើយ គាត់មិនបាច់បារម្ភពីអ្វីទេ ឬក៏មានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងទេ»។
តាមការផ្សព្វផ្សាយក្នុងបណ្ដាញសង្គម នីតធីត ណុកឃ័រ ចាក់ពីអំបោះកប្បាស ដែលមានភាពទន់ និងងាយស្រួលប្រើប្រាស់តាមតម្រូវការ។
វាខុសពីសុដន់សិប្បនិម្មិតដែលធ្វើពីស៊ីលីកូន ដែលមានភាពហប់ ធ្ងន់ ឆាប់បែកញើស ស្អុះស្អាប់បើក្នុងអាកាសធាតុក្ដៅ ហើយពិបាកស្វែងរកក្នុងប្រទេសកម្ពុជា។
អ្នកប្រើប្រាស់អាចពាក់សុដន់សិប្បនិម្មិតនេះ ជាមួយអាវទ្រនាប់ធម្មតា និងអាចបោកគក់សម្អាតដោយដៃឬដាក់ក្នុងម៉ាស៊ីន។
ម្យ៉ាងទៀតអាចបន្ថែម ឬដកសំឡីចេញទៅតាមទំហំដែលចង់បាន ហើយក៏អាចបន្ថែមទម្ងន់ដោយដាក់ថ្ម ឬកាក់តាមប្រហោងដាក់សំឡី។
ចាប់តាំងពីពេលបង្កើតក្រុមស្ម័គ្រចិត្តមក នៅខែកក្កដា នីតធីត ណុកឃ័រកម្ពុជា បានបរិច្ចាគក្នុងគម្រោងទី១ ទៅជូនដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម ចំនួន ៥២ គូ។
អ្នកស្ម័គ្រចិត្តចូលរួមចាក់សុដន់សិប្បនិម្មិតនេះ ជាអ្នកមកពីក្រុម Phnom Penh Stitch’n’Bitch។
គម្រោងទី២ ដែលនឹងចាប់ផ្ដើមនៅខែតុលា ពួកគេនឹងបរិច្ចាគដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សម្រាប់ថ្ងៃអនាគត កញ្ញា រតនា គិតថា ក្រុមរបស់ខ្លួន អាចផលិត និងបរិច្ចាគទៅដល់មន្ទីរពេទ្យធំៗនៅក្នុងរាជធានីភ្នំពេញ ដូចជាមន្ទីរពេទ្យកាល់ម៉ែតជាដើម។
សម្រាប់សាធារណជនដែលចាប់អារម្មណ៍ចូលរួមជាមួយ នីតធីត ណុកឃ័រកម្ពុជា អាចធ្វើតាមរយៈការស្ម័គ្រចិត្តចូលរួមចាក់សុដន់សិប្បនិម្មិត ឬបរិច្ចាកជាថវិកា ឬចូលរួមជាអ្នករៀបចំកម្មវិធី។
ដូចគ្នានេះដែរ នីតធីត ណុកឃ័រកម្ពុជា ក៏ជាកន្លែងសម្រាប់អ្នកជំងឺដែលទទួលបានការវះកាត់ព្យាបាលជំងឺមហារីកសុដន់ ទទួលបានការគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងចែករំលែកបទពិសោធ និងទុក្ខលំបាករបស់ពួកគេជាមួយគ្នា ដើម្បីកុំឱ្យពួកគេមានអារម្មណ៍ថាឯកាផងដែរ៕