ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ គីស៊ីដា ហ្វូមីអូ​ (Kishida Fumio) បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​នៅ​ខែវិច្ឆិកា​ខាងមុខ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា ហើយ​លោក​ក៏​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គាំទ្រ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​រវាង​អាស៊ាន និង ជប៉ុន​។

លោក​បញ្ជាក់​ដូច្នេះ ក្នុង​ជំនួប នា​ថ្ងៃទី​ ២៨ ខែកញ្ញា ជាមួយ​លោក​ ហ៊ុន សែន ក្នុង​ឱកាស លោក​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​។ ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន បាន​អញ្ជើញ​លោក Kishida ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-​ជប៉ុន និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​នៅ​ខែវិច្ឆិកា​នៅ​កម្ពុជា និង​បាន​អរគុណ លោក Kishida ដែល​បាន​គាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ លោក Kishida បាន​ថ្លែង​អំណរគុណ​ដល់​លោក ហ៊ុន សែន ចំពោះ​ការ​អញ្ជើញ​លោក​ចូលរួម​កិច្ចប្រជុំ​ទាំង​ ២ ​នេះ​។

ហ្វេសប៊ុក​លោក​ ហ៊ុន សែន បញ្ជាក់​នៅក្រោយ​ជំនួប​នេះ​ថា​៖ «​ឯកឧត្តម [Kishida] ក៏បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ខាង​មុខនេះ នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​។ ឯកឧត្តម ក៏បាន​ស្នើ​សម្តេច​តេជោ គាំទ្រ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​រវាង​អាស៊ាន និង​ជប៉ុន​ផងដែរ​»​។

លោក​ ហ៊ុន សែន ក៏បាន​ថ្លែង​អំណរគុណ​ដល់​លោក Kishida ដែល​បាន​ថ្លែង​ក្នុង​មហាសន្និបាត អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​វិភាគទាន​របស់​ជប៉ុន​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​រក្សា​សន្តិភាព​របស់​ប្រជាជន​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​។ លោក​ ហ៊ុន សែន បញ្ជាក់ ក្នុង​មហាសន្និបាត​នេះ​ថា កម្ពុជា​នឹង​បន្ត​ចូលរួម​ក្នុង​ការរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នាពេល​ខាងមុខ​ទៀត​។

យោងតាម​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Kishida ក៏បាន​ថ្លែង​អំណរគុណ​ដល់​លោក ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក​បាន​ទទួល​នាវា​ជប៉ុន​ក្នុង​ការចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។

គួរ​បញ្ជាក់ថា កាលពី​ខែ​មីនា នាវា​កង​ស្វ័យការពារ​ជើងទឹក​ជប៉ុន​ ២ ​គ្រឿង URAGA និង​ HIRADO ដែលមាន​កង​នាវិក​ ១៨០ ​នាក់​បាន​សុំចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​រយៈពេល​ ៣​ ថ្ងៃ ដើម្បី​លើក​កម្ពស់​មិត្តភាព ពង្រឹង​ការយល់ដឹង​ពីគ្នា​ជាមួយ​កងទ័ព​ជើងទឹក​កម្ពុជា និង​សម្រេច​បាន​នូវ​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។

លោក​ ហ៊ុន សែន ជួប​ជាមួយ​លោក​ Kishida Fumio នៅ​តូក្យូ ពីថ្ងៃ​ទី​ ២៨ កញ្ញា​។ ​រូប SPM

កង​នាវា​កង​ស្វ័យការពារ​ជើងទឹក​ជប៉ុន​បាន​ធ្វើការ​ហ្វឹកហ្វឺន​បោស​សម្អាត​មីន​ដែលជា​លំហាត់​សុច្ឆន្ទៈ​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា និង​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​កងទ័ព​សមុទ្រ​រាម នា​ខេត្ត​ព្រះសីហនុ​។

លោក ហ៊ុន សែន និង​លោក Kishida ក៏បាន​ពិភាក្សា​ផ្លាស់ប្ដូរ​មតិ​គ្នា​ជុំវិញ​ស្ថានភាព​ក្នុង​តំបន់ និង​អន្តរជាតិ បញ្ហា​នៅ​មីយ៉ាន់ម៉ា​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។

ហ្វេសប៊ុក​ដដែល​ឱ្យដឹងថា បញ្ហា​នៅ​មីយ៉ាន់ម៉ា លោក Kishida ក៏បាន​បញ្ជាក់ថា លោក​ពិតជា​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​លោក ហ៊ុន សែន ថ្វីដ្បិត​ស្ថានភាព​មីយ៉ាន់ម៉ា​ជា​ការបារម្ភ ប៉ុន្តែ​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ទាំងឡាយ​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​បញ្ហា​មីយ៉ាន់ម៉ា យើង​នឹង​បន្ត​ការងារ​នេះ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ហើយ​យើង​នឹង​បន្ត​ក្នុង​ការជំរុញ ទោះបី​ជា​ការប្រឈម​ក៏ដោយ គឺ​យើង​មិន​បោះចោល​ការងារ​នោះទេ​។ ចំពោះ​បញ្ហា​ផ្សេងៗ​ទៀត ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​លើកឡើង យើង​នឹង​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​បន្តទៀត​»​។

ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ លោក Kishida បាន​លើកឡើង​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នុយក្លេអ៊ែរ និង​ការចាប់​ជំរិត​ជនជាតិ​ជប៉ុន ដែល​ជា​ការបារម្ភ​របស់​ប្រទេស​ជប៉ុន ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផងដែរ​។

កាលពី​ខែ​មីនា លោក Kishida បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២ ​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​ពិធី​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ អាបេ គឺជា​សក្ខីភាព​ដ៏រឹងមាំ​នៃ​ទំនាក់​ទំនង​ជិតស្និទ្ធ​កម្ពុជា​-​ជប៉ុន​។ ជប៉ុន​គឺជា​មិត្ត​ចាស់ និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​របស់​កម្ពុជា ដែល​ជប៉ុន​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ កសាង​ធនធាន​មនុស្ស ក៏ដូចជា​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ជាច្រើន​។

លោក​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ គឺ​មាន​លក្ខណៈ​ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រពៃណី​ផង និង​ជា​ដំណើរ​ទស្សនកិច្ច​ជា​យុទ្ធសាស្ត្រ​ផងដែរ ពោល​ដំណើរ​ទស្សនកិច្ច​របស់​លោក គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ថាមពល ស្បៀងអាហារ ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក៏ដូចជា​កិច្ច​ថែរក្សា​សន្តិសុខ​នៅក្នុង​តំបន់ និង​សកល​»​។

លោក​ ថុង ម៉េងដាវិត បញ្ជាក់ថា ការប្រកួត​ប្រជែង​របស់​ «​មហាអំណាច និង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​» បាន​ធ្វើឱ្យ​កម្ពុជា​កាន់តែ​ត្រូវការ​ជប៉ុន​បន្ថែម​លើ​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការកសាង​សមត្ថភាព​កងទ័ព​កម្ពុជា ដើម្បី​ត្រៀមខ្លួន​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ​ពិភពលោក ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​៕