ភ្នំពេញៈ នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ២៨​ កញ្ញា កំពុង​បន្ត​សួរនាំ និង​កសាង​​សំណុំ​រឿង​ដើម្បី​​បញ្ជូន​ចេញ​ជនជាតិ​ចិន​ចំនួន​ ២១ នាក់​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​យប់​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ខណៈ​ក្នុង​រយៈពេល​ ៩ ខែ​ ឆ្នាំ ២០២២ កម្ពុជា​បាន​បញ្ជូន​ជនបរទេស​ចេញ​សរុប​ចំនួន ១ ៤៥០ ​នាក់។

លោក​ កែវ វណ្ណថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ថ្លែង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ទី ២៨ ​កញ្ញា​ថា៖ «ជនជាតិ​ចិន​ ២១ ​នាក់​នេះ​យើង​កំពុង​​តែ​សួរនាំ និង​រៀបចំ​នីតិវិធី​ដើម្បី​ធ្វើការ​បណ្តេញ​ចេញ​ ដោយសារ​អ្នក​ទាំងនេះ​អត់​មាន​លិខិត​ឆ្លង​ដែន​ទេ គឺ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​»​។

ជនជាតិ​ចិន​ទាំង ២១ នាក់​នេះ ស្ថិតក្នុង​ចំណោម​ជនជាតិ​ចិន​សរុប ៤១ នាក់​ដែល​បាន​ឆ្លង​ដែន​ចូល​កម្ពុជា​តាម​ផ្លូវ​ទឹក នៅ​ថ្ងៃទី ​២២ ខែ​កញ្ញា ឆ្នាំ ២០២២ ​ ​និង​បាន​ជួប​ឧបទ្ទវហេតុ​លិច​ទូក​ចំនួន ១ ​គ្រឿង ស្ថិត​នៅ​ចន្លោះ​ពយ​សារឿង និង​កោះតាង ក្នុង​ភូមិសាស្រ្ត​​ខេត្ត​ព្រះសីហនុ។

ឧបទ្ទវហេតុ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក​សង្គ្រោះ​​បាន​ចំនួន ១៨ នាក់ (​ប្រុស​) ប្រជា​នេសាទ​ខ្មែរ​សង្គ្រោះ​​បាន​ ៤ នាក់ ​(​ស្លាប់​ម្នាក់​ភេទ​ស្រី​​) និង​​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​រកឃើញ​សាកសព​ចំនួន​ ២​ នាក់ កងការពារ​ព្រំដែន​ស្រុក​ហ្វូគួក ខេត្ត​គៀងយ៉ាង​ (​វៀតណាម​) ​សង្គ្រោះ​បាន​ចំនួន ​៩ នាក់។ នេះ​បើ​តាម​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹង​នៅថ្ងៃ​ទី ២៧ ​កញ្ញា​ថា សមត្ថកិច្ច និង​ក្រុម​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​ ៨ ​នាក់​ផ្សេង​ទៀត​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​បន្ដ​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាលពី​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ២០២២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ក្រើនរំឭក​ទៅ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ ​នៅ​តាម​ព្រំដែន​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ការ​ចេញ​ចូល​របស់​ជន​បរទេស​ឱ្យ​បាន​ល្អ។ ​លោក​ថា អាជ្ញាធរ​ត្រូវតែ​បណ្តេញ​ចេញ​ពី​កម្ពុជា​ រាល់​ជន​បរទេស​ទាំង​ឡាយ​ណា ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​អនុវត្ត​ច្បាប់​កម្ពុជា​តែ​មួយ ដោយ​មិន​គិត​ថា ជន​បរទេស​ទាំង​នោះ​ជា​ជាតិ​សាសន៍​ណា​ឡើយ​។

ក្នុង​រយៈពេល​ ៩ ខែ​ឆ្នាំ​ ២០២២ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ជនបរទេស​ចេញ​ពី​កម្ពុជា​សរុប​១ ៤៥០​ នាក់ (ស្រី ​២៧៩ ​នាក់) មាន​ ៣២ ​សញ្ជាតិ​ ក្នុងនោះ​កាលពី​ថ្ងៃទី ២៣ ​​កញ្ញា ទើប​បាន​បណ្ដេញ​ជនបរទេស​ចំនួន​ ២៣០​ នាក់​ (​ស្រី​ ៥០​ នាក់​) ​ចេញ​ពី​កម្ពុជា​ផង​ដែរ​។​ នេះ​បើតាម លោក​ កែវ វណ្ណថន។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​នៅ​យប់​ថ្ងៃទី ២៧ កញ្ញា​ថា នៅ​ព្រឹក​ថ្ងៃទី ២៧ ​កញ្ញា​ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ផ្តល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ប្រជានេសាទ​ ០៤ នាក់​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ក្នុង​ករណី​លិច​ទូក​​។

លោក​អភិបាល​ខេត្ត​បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​ដល់​បងប្អូន​អ្នក​នេសាទ ដែល​បាន​ខិតខំ​ជួយ​រុករក​ជន​រងគ្រោះ​ជា​ជនជាតិ​​ចិន​ដែល​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​លិច​ទូក កាលពី​វេលា​ម៉ោង​ ១០ ​និង​ ៣០ នាទី​ព្រឹក ថ្ងៃទី ២២ ខែ​កញ្ញា​​។ ជាមួយ​គ្នា​នេះ លោក​ក៏បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​ដល់​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច ក្រុម​ជួយ​សង្គ្រោះ និង​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ទូក​ទេសចរណ៍​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ចេញ​ជួយ​សង្គ្រោះ​បន្ទាន់ និង​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជានេសាទ និង​ក្រុម​ជួយ​សង្គ្រោះ​ផ្សេង​ទៀត ក្នុង​ករណី​សង្គ្រោះ​បាន​ជន​រងគ្រោះ​ម្នាក់ រដ្ឋបាល​ខេត្ត​នឹង​ផ្តល់​ជូន​ថវិកា​លើក​ទឹកចិត្ត​ចំនួន​ ២ ​លាន​រៀល​៕