The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋទូត​ចិន៖ ទំនាក់ទំនង​រវាងចិន-កម្ពុជា ឈាន​ចូល​ដល់​យុគសម័យ​ថ្មី​នៃ​ការ​កសាង​សហគមន៍ វាសនា​រួម​

រដ្ឋទូត​ចិន៖ ទំនាក់ទំនង​រវាងចិន-កម្ពុជា ឈាន​ចូល​ដល់​យុគសម័យ​ថ្មី​នៃ​ការ​កសាង​សហគមន៍ វាសនា​រួម​

Content image - Phnom Penh Post
អ្នក​ចូលរួម​ក្នុង​ពិធី​នៅ​ស្ថានទូត​ចិន​នៅ​ថ្ងៃ​ទី​ ២៨ កញ្ញា​​​។ ហេង ជីវ័ន

រដ្ឋទូត​ចិន៖ ទំនាក់ទំនង​រវាងចិន-កម្ពុជា ឈាន​ចូល​ដល់​យុគសម័យ​ថ្មី​នៃ​ការ​កសាង​សហគមន៍ វាសនា​រួម​

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន​បាន​​គូស​បញ្ជាក់​ពី​ការ​កសាង​សហគមន៍​វាសនា​​រួម​ រវាង​ចិន​ និង​កម្ពុជា​នឹង​បន្ត​ឈាន​ទៅរក​កម្រិត​ថ្មី​មួយ​ទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ នឹង​ទទួលបាន​ការ​អភិវឌ្ឍ​កាន់តែ​រស់រវើក ខណៈ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​​ទាំង​ ២ បាន​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ​ហើយ​បាន​ឈាន​ចូល​យុគសម័យ​ថ្មី​ នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​។

ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ លោក Wang Wentian​ បាន​លើក​ឡើង​ពី​ការ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ ការ​បន្ត​ជំហាន​យ៉ាង​អង់អាច​ និង​ការ​កសាង​សហគមន៍​វាសនា​រួម រវាង​ចិន-កម្ពុជា​យ៉ាង​សកម្ម។ លោក​ថ្លែង​ថា៖ «ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ក្រោម​ការ​ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ទំនាក់ទំនង​ទ្វេភាគី​បាន​អភិវឌ្ឍ​​យ៉ាង​ឆាប់​រហ័ស​ហើយ​បាន​ឈានចូល​​យុគសម័យ​ថ្មី​នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​»។ លោក​ Wang Wentian ​​ថ្លែង​ដូច្នេះ​ ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ​១០០ នៃ​ការ​ប្រសូត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ នាថ្ងៃទី​ ២៨ ខែ​កញ្ញា​នៅ​ឯ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

លោក​លើក​ឡើង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​បន្ត​មរតក​ និង​អភិវឌ្ឍ​គោល​នយោបាយ​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិន ​ដែល​ជា​ព្រះរាជ​កំណត់​ដោយ «សម្តេច​ព្រះបរម​រតនកោដ្ឋ»​ បន្ត​រួមជា​កម្លាំង​ក្នុង​ការ​លើក​កម្ពស់​ឱ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ ២​ ដោយ​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ជូន​ដល់​ប្រជាជន​ទាំង​ ២​។

លោក​បាន​រំឭក​ថា​ ចាប់​តាំងពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​ ១៩​​មក ចំណង​មិត្តភាព​ដែក​ថែប​រវាង​ចិន​ និង​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ថែម​ ១ កម្រិត​ទៀត​ដោយ​លោក​បញ្ជាក់​ថា​៖ «​នៅពេល​ដែល​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​​នៃ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ព្រះ​ករុណា​ ព្រះមហាក្សត្រ​ [នរោត្តម​ សីហមុនី] និង​សម្តេច​ព្រះមហាក្សត្រី​[នរោត្តម មុនិនាថ សីហនុ]​ បាន​សព្វ​ព្រះទ័យ​ប្រោស​ព្រះរាជទាន​អំណោយ​ដ៏​ថ្លៃថ្លា​សម្តេច​តេជោ​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ និង​សម្ភារ​យ៉ាង​សកម្ម​។​ នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ពី​ខ្លឹមសារ​ស្នូល​នៃ​សហគមន៍​វាសនា​រួម​ ដែល​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា»។

លោក​ Wang Wentian ​ថ្លែង​​ទៀត​ថា​ ក្រោយ​ការ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​ប្រទេស​កម្ពុជា​ ភាគី​ចិន​​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​កម្ពុជា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ រហូតមក​ដល់​បច្ចុប្បន្ន​នេះ វ៉ាក់សាំង​កូវីដ ១៩ បាន​ប្រគល់​ដល់​កម្ពុជា​មាន​ចំនួន​ជិត ​៤២ លាន​ដូស បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត​របាំង​ការពារ និង​សម្រេច​​បាន​នូវ​ការ​ស្តារ​សេដ្ឋកិច្ច​ និង​សង្គម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស។

ខណៈ​ឆ្នាំ ២០២៣ គឺជា​ខួប​លើក​ទី​៦៥ ​នៃ​ការ​បង្កើត​ទំនាក់ទំនង ការទូត​រវាង​ប្រទេស​ទាំង​ ២ ដោយ​ចិន​ និង​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ពាក់ព័ន្ធ​យ៉ាង​អធិកអធម លោក​ជឿជាក់ ថា​៖ «ក្រោម​ការ ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​​ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២​ និង​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជន​ទាំង ២​ ការ​កសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា​នឹង​បន្ត​ឈាន​ទៅរក​កម្រិត​ថ្មី​មួយ​ទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២​ នឹង​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់តែ​ រស់រវើក​»។

លោក​ Wang Wentian ​អះអាង​ថា​ ក្រោយ​ពី «សម្តេច​ព្រះបរមរតន​កោដ្ឋ» សោយ​ទិវង្គត ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន ​និង​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​ត្រូវបាន​ពង្រឹង​និង​អភិវឌ្ឍ​ជា​បន្ត​ដូច​សព្វ​ដង។

គួរ​រំឭក​ថា កាលពី​ឆ្នាំ ២០១៦ ប្រធានាធិបតី​ចិន​ លោក​ Xi Jinping និង​ព្រះមហាក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ ២។ នៅ​ឆ្នាំ​ ២០២០ លោក​Xi Jinping បាន​ថ្វាយ​គ្រឿង​ឥស្សរិយយស «មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន​»​ ដល់​សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ សីហនុ​។

ក្នុង​ឆ្នាំ ២០២២ នេះ​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម​ សីហមុនី បាន​យាង​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ប៉េកាំង​ និង​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ទីក្រុង​ Shanghai​ ខេត្ត Zhejiang និង​ខេត្ត​ Shaanxi​ ជាដើម។ កាលពី​សប្តាហ៍​មុន ព្រះអង្គ​បាន​បំពេញ​ទស្សនកិច្ច ទៅ​កាន់​ខេត្ត Hunan ប្រទេស​ចិន និង​បាន​យាង​ទស្សនា​អតីត​គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​ចិន លោក​ ម៉ៅ សេទុង។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា ទាំង​វិស័យ​នយោបាយ វិស័យ​សេដ្ឋកិច្ច ទំនាក់ទំនង​សង្គម​វប្បធម៌ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​កំពូល​មួយ​។ ភាព​ត្រូវ​រ៉ូវ​គ្នា​ខាង​ផ្នែក​នយោបាយ និង​ភាព​ត្រូវរ៉ូវ​គ្នា​នៃ​អ្នក​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២ គឺ​ស្ថិតនៅ​ក្នុង​កម្រិត​កំពូល​មួយ​ដែល​មិន​ធ្លាប់​មាន​ ហើយ ជំហរ​របស់​ប្រទេស​ទាំង​ ២​ ជុំវិញ​កិច្ចការ​តំបន់ និង​ពិភពលោក​ក៏​មាន​លក្ខណៈ​ត្រូវ​គ្នា​ច្រើន​ស្ទើរតែ​គ្រប់​ទិដ្ឋភាព​។

លោក​ថ្លែង​ថា​៖​ «ខណៈ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​យើង​ឃើញ​ថា​ ឥទ្ធិពល​ខាង​ក្រៅ​នេះ​គឺ​ហាក់​ដូចជា​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​ ​កាន់តែ​មាន​ភាព​រឹងមាំ​ថែម​ទៀត»។

លោក​បញ្ជាក់​ថា​៖ «បរិបទ​ជំងឺ​កូវីដ​ ១៩ ក៏​អាច​ជា​វិញ្ញាសា​តេស្ត​នូវ​ភាព​រឹងមាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-ចិន ​ផងដែរ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្តល់​នូវ​ការ​គាំទ្រ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ តាមរយៈ ការ​ផ្តល់​នូវ​វ៉ាក់សាំង​ ក៏​ដូចជា​បរិក្ខារ​ពេទ្យ ថ្នាំ​ពេទ្យ ហើយ​និង​ការ​ជួយ​ខាង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​»៕

អត្ថបទគួរចាប់អារម្មណ៍