ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើក​កម្ពស់​​សុខុមាលភាព​កុមារ ​និង​យុវជន ​ទទូច​ឱ្យ​អាជ្ញាធរ ​ចាត់​វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​ជំនួញ​បារី​អេឡិចត្រូនិក​តាម​អនឡាញ ​ដែល​បារី​ប្រភេទ​នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សួត​ បេះដូង​ និង​ខូចខាត​ដល់​ប្រព័ន្ធ​ខួរក្បាល។

ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២​ រួមមាន​ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ និង​សម្ព័ន្ធ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​នៅ​ថ្ងៃ​ទី ២៧​ កញ្ញា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ១ ​ព្រមាន​ពី​ករណី​ឈ្មួញ​ជ្រើស​យក​ផលិតផល ​ដែល​យុវជន ​និង​កុមារ​ស្គាល់​ស្រាប់ ​ដាក់​លើ​សម្បក​បារី​អេឡិចត្រូនិក​ ហើយ​លក់​តាម​អនឡាញ​ដោយ​ផ្ដោត​សំខាន់​លើ​ទីផ្សារ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​លើក​ឡើង​ថា ​អ្នក​ផលិត​បារី​អេឡិចត្រូនិក ​បាន​ផលិតទឹក​សូលុយស្យុង ​រសជាតិ​កូកាកូឡា​ (Cocacola) ​ប៉ិបស៊ី​ (Pepsi) ​ហ្វាន់តា​ (Fanta) ​គោជល់​ (Red Bull) ​ស្ករ​កៅស៊ូ​ឌុបបលមីន​ (Duoblemint) ​និង​ស្ករផ្លេ​ (Play) ​ដើម្បី​ដាក់​លក់​តាម​បណ្ដាញ​សង្គម ​និង​ស្វែងរក​អតិថិជន​ថ្មី ​គឺ​សំដៅ​ទៅលើ​យុវជន ​និង​កុមារ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ ថា​៖ «បារី​អេឡិចត្រូនិក​នេះ គឺ​មាន​ផ្ទុក​សារធាតុ​នីកូទីន ​បើសិនជា​ ​យុវជន​ និង​កុមារ​បាន​ប្រើប្រាស់​បារី​នេះ​ វា​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ ​ដល់​សួត ​បេះដូង ​និង​ជាពិសេស​ខូចខាត​ដល់​ប្រព័ន្ធ​ខួរក្បាល​។ ប៉ុន្តែ វា​ត្រូវបាន​ផ្សព្វផ្សាយ​បំភាន់​ដោយ​អ្នក​ចែកចាយ​ និង​អ្នក​ផលិត​​ ថា​ ជា​មធ្យោបាយ​ផ្ដាច់​បារី»។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត ​មុំ គង់ ​បាន​ប្រាប់​ថា ​បារី​អេឡិចត្រូនិក ​និង​បារី​ធម្មតា ​គឺវា​ជា​ផលិតផល​ថ្នាំ​ជក់ ​និង​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ដូចគ្នា​។ ចំណែក​ភាព​ខុសគ្នា ​រវាង​បារី​អេឡិចត្រូនិក ​គឺ​អ្នក​ប្រើប្រាស់ ​ជក់​បារី​នេះ ​មិនមាន​ផ្សែង​ទេ ​ហើយ​បារី​នេះ ​គឺ​ផលិត​ឡើង​សម្រាប់​យុវជន ​និង​កុមារ។

លោក​វេជ្ជបណ្ឌិត​ មុំ គង់ ​ថ្លែង​ថា​៖ «ចំពោះ​យុវជន ​និង​កុមារ​ ដែល​ប្រើប្រាស់​បារី​អេឡិចត្រូនិក ​គឺ​វា​មាន​សារធាតុ​នីកូទីន​ ហើយ​សារធាតុ​នេះ​ញៀន​ខ្លាំង​ណាស់ ​ដែល​ធ្វើឱ្យ​ខួរក្បាល​កុមារ និង​យុវជន​ត្រូវបាន​ប៉ះពាល់ ពីព្រោះ​ថា ​ខួរក្បាល​របស់​ពួកគាត់​កំពុង​លូតលាស់ ​ប៉ុន្តែ​បើ​ជក់​អាហ្នឹង​ហើយ ​គឺ​ខួរ​ក្បាល​របស់​ពួក​គាត់​មិន​អាច​លូតលាស់​ឡើយ»។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា​៖ «​ដូច្នេះ​​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ ​និង​លក់​ផលិតផល​បារី​អេឡិចត្រូនិក ​ក៏​ដូចជា​ផលិតផល​អេចឈ៍​ ធី ភី ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ​ដើម្បី​ការពារ​សតិ​ប្រាជ្ញា​កុមារ​ និង​យុវជន​កុំឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ញៀន​បារី​អេឡិចត្រូនិក​នេះ»។

លោក​បាន​បន្ត​ថា កន្លង​មក​រាជរដ្ឋាភិបាល​ បាន​ហាមឃាត់​ការ​នាំចូល និង​ទប់ស្កាត់​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​តាំងពី​ឆ្នាំ​ ២០០៤ ហើយ​មក​ដល់​ឆ្នាំ​ ២០២២​ រាជរដ្ឋាភិបាល​ ក៏​បាន​ហាមឃាត់​ផលិតផល​ប្រហាក់ប្រហែល​នឹង​បារី​អេឡិចត្រូនិក​ដែរ ​ប៉ុន្តែ​នៅតែ​មាន​ករណី​លក់​តាម​អនឡាញ​ទៀត។

មន្ត្រី​គម្រោង​របស់​អង្គការ​សម្ព័ន្ធ​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​បាន​និយាយ​ថា ​លោក​សង្កេត​ឃើញ​ឈ្មួញ​នៅតែ​លក់​បារី​អេឡិចត្រូនិក ​តាម​អនឡាញ ​បើទោះ​បី​ជា​អាជ្ញាធរ​ហាមឃាត់​ការ​ចរាចរណ៍​បារី​ទាំង​នោះ​ក៏ដោយ​។

អង្គការ​សម្ព័ន្ធ​កម្ពុជា ដើម្បី ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បញ្ជាក់​ថា​៖ «យើង​ដឹង​ថា មាន​ការ​ធ្វើ​ចរាចរណ៍ (បារី​អេឡិចត្រូនិក) លើ​ទីផ្សារ​អនឡាញ ប៉ុន្តែ​យើង​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ទេ​»។

បើ​យោង​តាម​ការ​សិក្សា​ប្រមូល​​ទិន្នន័យ ​ដោយ CDC នៃ​សហរដ្ឋ​អាមេរិក ​ចាប់ពី​ខែ​សីហា ​ឆ្នាំ​ ២០១៩​ រហូតដល់​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០​ បាន​បង្ហាញ​ថា​ មាន​ប្រជាជន​អាមេរិក​ចំនួន​ ២ ៨០៧​នាក់ បាន​ឈឺ ​និង​ ៦៨ ​នាក់ បាន​បាត់បង់​ជីវិត ​ដោយសារ​តែ​​ជំងឺ​សួត​ ដែល​បណ្ដាល​មកពី​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក។

អគ្គស្នងការ​នគរបាល​ជាតិ ​កាលពី​ខែ​មិថុនា ​បាន​ដាក់​បទបញ្ជា​ប្រាប់​ឱ្យ​នគរបាល ​សហការ​ជាមួយ​អាជ្ញាធរ​ទាំងអស់ ​បន្ត​បង្ក្រាប​ការ​ប្រើប្រាស់​ផលិតផល​ស៊ីហ្សា ​និង​បារី​អេឡិចត្រូនិក ​ដែល​កម្រើក​ឡើង​វិញ​ក្នុង​សង្គម​កម្ពុជា។ បន្ទាប់ពី​មាន​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​មក ​អាជ្ញាធរ​ក៏​បាន​បង្ក្រាប​ទីតាំង​លក់​បារី​អេឡិចត្រូនិក​រាប់​សិប​កន្លែង​ នៅ​ទូទាំង​ប្រទេស ​និង​រឹបអូស​បារី​បាន​រាប់​ពាន់​ដើម។ ទោះជា​យ៉ាងណា ​ក្រុម​សង្គម​ស៊ីវិល ​នៅតែ​សង្កេត​ឃើញ​ថា ​ឈ្មួញ​បាន​ប្រើ​មធ្យោបាយ​ដើម្បី​លក់​បារី​អេឡិចត្រូនិក​តាម​អនឡាញ​វិញ​ម្ដង៕