
ថ្នាក់ដឹកនាំ គជប ប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីបញ្ជីឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅស្នាក់ការ គជប កាលពីថ្ងៃទី ២០ កញ្ញា។ រូបថត ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ ព្រមទាំងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែកញ្ញា ថា កិច្ចប្រជុំខាងលើនេះ គឺជាកិច្ចប្រជុំលើកទី២ ជាមួយភាគីពាក់ព័ន្ធក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មី និងត្រៀមពិនិត្យបញ្ជីបោះឆ្នោត ឆ្នាំ ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
តាមតួលេខប៉ាន់ស្មានរបស់ គជប នឹងមានប្រជាពលរដ្ឋប្រមាណជាង ៤០ ម៉ឺននាក់ នឹងចូលរួមចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ ២០២២ នេះ និងអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីប្រមាណជាង ១០ ម៉ឺននាក់។ ពាក់ព័ន្ធនឹងការចែកលិខិតអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ គជប បានចែកលិខិតអញ្ជើញពលរដ្ឋ ឱ្យមកពិនិត្យបញ្ជីឈ្មោះរបស់ខ្លួន ដែលកំពុងតែដំណើរការរាល់ថ្ងៃ។ នេះបើតាមលោក ហង់ ពុទ្ធា។
លោកបន្ថែមថា តាមលទ្ធផលដែលទទួលបាន គឺប្រជាពលរដ្ឋមានចំនួនច្រើន នៅទូទាំងប្រទេសបានទទួលលិខិតអញ្ជើញនេះ ពីព្រោះគជបបានចាប់ផ្តើមចែកនៅមុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខណៈប្រជាពលរដ្ឋទាំងនោះទៅលេងស្រុកកំណើត ហើយទទួលបានលិខិតអញ្ជើញនេះ និងទទួលបានព័ត៌មានពីដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ផងដែរ។
ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតចុងក្រោយ គឺជាបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលផ្តើមចេញពីបញ្ជីបោះឆ្នោតនេះបានធ្វើឱ្យ គជប រៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ក្នុងគោលបំណង ដើម្បីស្រង់ឈ្មោះអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជី ទទួលចុះឈ្មោះអ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំ និងទទួលចុះឈ្មោះអ្នកដែលមិនធ្លាប់បានចុះឈ្មោះពីមុន រួមទាំងអ្នកដែលផ្លាស់លំនៅកន្លែងថ្មីផងដែរ។
លោកថ្លែងថា៖ «មួយទៀត វាក៏ជាឱកាស បើកជូនប្រជាពលរដ្ឋកែតម្រូវទិន្នន័យ ដូចជា ខុសស្រះអិ (ិ) ឬ ស្រះអំ (ំ) ឬខុសថ្ងៃខែកំណើត ដោយអចេតនាណាមួយអាចស្នើសុំកែតម្រូវបាន ហើយបងប្អូនប្រជាពលរដ្ឋ ដែលកាលពីមុនប្រើអត្តសញ្ញាណប័ណ្ណចាស់ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ហួសសុពលភាព នៅពេលនេះ អាចកែបានហើយ»។
បើតាម លោក ហង់ ពុទ្ធា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នេះ គជប តែងតែធ្វើជារៀងរាល់ឆ្នាំឱ្យស្របទៅតាមច្បាប់ ទោះឆ្នាំណាដែលគ្មានការបោះឆ្នោតក៏ដោយ ក្នុងន័យធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឱ្យមានភាពកាន់តែល្អប្រសើរឡើង ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែកញ្ញាថា មន្ត្រីរបស់គណបក្សចំនួន ២ រូប តែងតែចូលរួមកិច្ចប្រជុំនានាជាមួយ គជប និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ ២០២២ និងបញ្ហាផ្សេងទៀត ដើម្បីទទួលបានព័ត៌មានថ្មីៗពី គជប ក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ គជប ដែលបានធ្វើការយ៉ាងស្អិតល្មួត ក្នុងស្ថានភាពទាំងអស់ និងបានផ្តល់ឱកាសឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតឱ្យមានការចូលរួម។
លោកថ្លែងថា៖ «យើងខ្ញុំក៏សូមអបអរសាទរ ចំពោះ គជប តែងតែសហការជាមួយគណបក្សនយោបាយទាំងអស់ ឱ្យទទួលបានព័ត៌មានស៊ីជម្រៅ និងទាន់សភាពការណ៍ក្នុងការបោះឆ្នោតផងដែរ»៕