ភ្នំពេញៈ កម្ពុជា​បាន​តម្កល់​ជា​ផ្លូវការ​នូវ​លិខិតុបករណ៍​ផ្លូវការ​ ដើម្បី​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​ដល់ដៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​។ ​លិខិត​នេះ​ធ្វើឡើង​ដើម្បី​ធានា​ឱ្យបាន​នូវ​ការទទួល​ខុសត្រូវ​លើ​ផលវិបាក​ពី​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​មកលើ​បរិយាកាស និង​បរិស្ថាន​របស់​កម្ពុជា​។​

កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២២ នាទី​ក្រុង​វី​យែ​ន សាធារណរដ្ឋ​អូទ្រីស កម្ពុជា​តាមរយៈ​គណៈប្រតិភូ​មួយក្រុម​ដែល​ដឹកនាំ​ដោយ​លោក​អុឹង អៀង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល បានដាក់​តម្កល់​ជា​ផ្លូវការ​នូវ​លិខិតូបករណ៍​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម ជូន​ដល់​លោក​ Rafael Mariano Grossi ​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ​(IAEA) នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​ទីភ្នាក់ងារ IAEA ផ្ទាល់​។​

ក្រសួង​រ៉ែ​និង​ថាមពល​កម្ពុជាបាន​បញ្ជាក់ថា ការណ៍​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា ក្នុងនោះ​រួមមាន​សិទ្ធិ​ក្នុងការ​ទទួលបាន​ជំនួយ​បច្ចេកទេស​ជា​ឧបករណ៍ សម្ភារ និង​ថវិកា ក្នុងករណី​កើតមាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​ដែល​កើតឡើង​ជាយថាហេតុ​នៅក្នុង ឬ​នៅក្បែរ​ខាង​កម្ពុជា ឬ​នៅក្នុង​ប្រទេស​នៃ​តំបន់​ណាមួយ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​កម្ពុជា​។​

ក្រសួង​រ៉ែ​និង​ថាមពល​កម្ពុជាគូសបញ្ជាក់ថា ការចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នេះ អាច​ធានាឱ្យមាន​ការទទួលខុសត្រូវ​លើ​ផលវិបាក​ពី​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​នានា មកលើ​បរិយាកាស និង​បរិស្ថាន​របស់​កម្ពុជា​។ ​អនុសញ្ញា​ស្តីពី​ជំនួយ​នៅក្នុង​ករណី​នៃ​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​នេះ ត្រូវបាន​អនុម័ត​ឡើង​កាលពី​ឆ្នាំ​ ១៩៨៦ បន្ទាប់ពី​កើតមាន​ករណី​មហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ Chernobyl ក្នុង​ដែនដី​អ៊ុយ​ក្រែ​ន ដែល​បានកំណត់​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​ភាគី​ជា​សមាជិក​ជាមួយ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ (IAEA) ដើម្បី​ជួយ​សម្រួល​ដល់​ជំនួយ និង​ការគាំទ្រ​ភ្លាមៗ​ក្នុងករណី​កើតមាន​ឧបទ្ទវ​ហេតុនេះ​។​

ក្នុងករណី​កើតមាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​ណាមួយ​ជាយថាហេតុ នោះ​នឹង​តម្រូវឱ្យ​រដ្ឋ​ជា​សមាជិក​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ដើម្បី​ទទួល​ការគាំទ្រ​ពី អ្នកជំនាញ ជា​ឧបករណ៍ និង​សម្ភារ​ជំនួយ​នានា។​

​លោក ​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានថ្លែងដោយយល់ឃើញថា ការចូល​ជា​សមាជិក​នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នេះ មាន​ភាពចាំបាច់​ណាស់​ដើម្បី​មាន​សិទ្ធិ​ទទួល​ជំនួយ​ពី​រដ្ឋ​ជា​សមាជិក​របស់​ទី​ភ្នា​ក់​ថាមពលបរមាណូ​អន្តរជាតិ ក្នុងករណី​កើតមាន​វិបត្តិ​នុយក្លេអ៊ែរ​ជាយថាហេតុ​ណាមួយ​។ មួយវិញទៀត​វា​ជា​សម្ពាធ​នយោបាយ​ដែល​ប្រទេស​នានា​លើ​ពិភពលោក​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​វេញ​ជា​ធ្លុង​មួយ​ដើម្បី​ដាក់​សម្ពាធ​លើ​មហាអំណាច​នុយក្លេអ៊ែរ ដែល​បង្ការ​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ផង​។​

លោក ​ផៃ ស៊ី​ផាន គូសបញ្ជាក់​៖ វា​ជា​វិធាន​សម្ពាធ​នយោបាយ​ការទូត​ដែលជា​ការប្រឹងប្រែង​រប​ស់​កម្ពុជា និង​ប្រជាជាតិ​ផ្សេងៗ​ទៀត ដើម្បី​ប្រឆាំង​និង​ទប់ស្កាត់​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ និង​ការប្រើប្រាស់ ដូច​ករណី​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន នាពេល​បច្ចុប្បន្ននេះ​អ៊ីចឹង យើង​មិន​ចង់ឃើញ​សោកនាដកម្ម​នោះទេ​។ បើសិនជា​វា​កើតមាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ណាមួយ នោះ​វា​នឹង​ពិបាក​ស្តារ​ពិភពលោក​វិញ​ណាស់ ពីព្រោះ​ពិភពលោក​វា​អាច​រលាយ​ហើយ យើង​មើលមិនឃើញ​ទេ ហើយ​យើង​ត្រូវ​ជួយ​គ្នា​ស្តារ​វិបត្តិ​សាយភាយ​វិទ្យុសកម្ម​នេះ​ដូច​ករណី​វិបត្តិ​កូ​វីដ​ ១៩ ដែរ​ដែលមាន​អង្គការសហប្រជាជាតិ​ជ្រោមជ្រែង​ទទួលបន្ទុក។​

កាលពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២២ កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ច្បាប់​ស្តីពី “​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​”។​

រហូតមកទល់​បច្ចុប្បន្ន មាន​ប្រទេស​សរុប​ចំនួន ១១២​ ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ៤ ​រួមមាន សហគមន៍​ថាមពលបរមាណូ​អឺរ៉ុប (Euratom) អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​ស្បៀងអាហារ​ពិភពលោក (FAO) និង​អង្គការ​ឧតុនិយម​ពិភពលោក (WMO) បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​នេះ​។ ក្នុងចំណោម​ប្រទេស​ដែលជា​រដ្ឋ​ភាគី​ទាំងអស់ មាន ប្រទេស​ចំនួន​ ៨ នៅក្នុង​តំបន់​អាស៊ាន​បាន​ចូល​ជា​សមាជិក​រូ​ម​មាន ប្រទេស​ថៃ ឡាវ សិង្ហ​បុរី ឥណ្ឌូ​នេះ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​៕