
លោក សុន ឆ័យ ពេលចេញពីសាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ ២០២២។ ហេង ជីវ័ន
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហារកេរ្តិ៍ជាសាធារណៈពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គ.ជ.ប បានប្តឹងលោក សុន ឆ័យ ឱ្យសុំទោសជាសាធារណៈក្រោយពេលលោក សុន ឆ័យ បានធ្វើអត្ថាធិប្បាយតាមសារព័ត៌មាន The Cambodia Daily ដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថា មានការលួចបន្លំសន្លឹកឆ្នោត។
យ៉ាងណាក្ដី លោក សុន ឆ័យ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយបញ្ចប់សវនាការរយៈពេលមួយព្រឹកថ្ងៃទី ២៩ ខែកញ្ញាថា លោកមិនមានកំហុសឬមានចំណុចណាមួយដែលលោកបានបរិហារកេរ្តិ៍ចំពោះ (គជប) នោះទេ។ ទោះបីលោកបានលើកឡើងពីការលួចសន្លឹកឆ្នោត ឬបំភិតបំភ័យ ក៏មិនបានប៉ះពាល់ដល់ស្ថាប័ន (គជប) ដែរ។
លោកបន្តថា (គជប) បានលើកឡើងថា ដំណើការបោះឆ្នោតមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមឃ្លាំ ក៏លោកមិនឃើញដោយលោកឃើញតែតំណាងអយ្យការលើកឡើងសរុបរួមទាំងលើកពីមន្ត្រីស្ថានទូតអូស្ត្រាលី ៨រូបទៀត នៅក្នុងសវនាការដើម្បីដាក់បន្ទុកលើរូបលោក ប៉ុន្តែលោកបានជួបជាមួយមន្ត្រីស្ថានទូតទាំងនោះរួចហើយដោយពួកគេមិនបានធ្វើសេចក្តីថ្លែងការណ៍នោះទេ គ្រាន់តែទៅពិនិត្យមើលជាទូទៅប៉ុណ្ណោះ។ ដូច្នេះការយកសំអាងទាំងអស់នេះមិនត្រឹមត្រូវនិងមិនមានគុណភាព នោះទេ ។
លោកថ្លែងថា៖ «ការតស៊ូរបស់ខ្ញុំគឺជាការតស៊ូមតិក្នុងអំឡុងពេលដែល (គជប) មិនទាន់ប្រកាសលទ្ធផលផ្លូវការ ហើយខ្ញុំចង់ឱ្យស្ថាប័នជាតិហ្នឹងប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង និងជាការក្រើនរំឭក ហើយ (គជប) គួរតែចុះទៅសង្កេត និងពិនិត្យមើលទៅលើភាពមិនប្រក្រតីទាំងនោះ មិនមែនមកប្តឹងខ្ញុំទេ»។
បើតាមលោក សុន ឆ័យ បើ (គជប) ប្តឹងរូបលោក ហេតុអ្វីមិនបានប្តឹងគណបក្សនយោបាយចំនួន ៤ និងអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលបានចេញសេចក្តីថ្លែងការណ៍ជុំវិញរកឃើញភាពមិនប្រក្រតីចំពោះដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រក្សាឃុំ សង្កាត់អាណត្តិទី៥ នេះផង។
លោកបន្តថា សាលាក្រមចំពោះបណ្តឹងរបស់ (គជប) នេះ តុលាការនឹងសម្រេចនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២។ ដោយឡែកសវនាការតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារសំណងជំងឺចិត្តលុយ ១ លានដុល្លារក៏នឹងធ្វើនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ ផងដែរ។
អនុប្រធានគណបក្សភ្លើងទៀនរូបនេះបានបន្ថែមថា មេធាវីរបស់លោកហាក់មិនសប្បាយចិត្តទៅនឹងការផ្តល់សិទ្ធិរបស់តុលាការនោះទេ។
លោកបានថ្លែងថា៖ «ព្រឹកមិញខាងមេធាវីខ្ញុំ លោក ជូង ជូងី អត់សប្បាយចិត្តទេ ព្រោះចៅក្រមឱ្យឱកាសមេធាវីខាង គ.ជ.ប ឱ្យលើកឡើងម្តងហើយម្តងទៀត»។
បើតាមលោក សុន ឆ័យ គឺខាងតុលាការបានអះអាងថា ដោយសារតែមេធាវីរបស់លោកមិនបានលើកដៃដើម្បីសុំផ្តល់ការបំភ្លឺ។
ជាមួយគ្នានេះ លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ បានលើកឡើងថា ការបញ្ចេញទស្សនៈនៃកូនក្ដីលោករឿង រិះគន់បញ្ហាដំណើការបោះឆ្នោត គឺជាសិទ្ធិបញ្ចេញមតិ មិនមែនជាការបរិហារកេរ្តិ៍ជាសាធារណៈដូចការចោទប្រកាន់ឡើយ។
ទោះយ៉ាងណា លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា លោកមិនអាចឆ្លើយជំនួសលោក សុន ឆ័យ បានទេថា ហេតុអ្វីបានជាគាត់លើកឡើងបែបនេះ។ ក៏ប៉ុន្តែលោក ប្លង់ សុផល បានបញ្ជាក់ថា៖ «សវនាការបានប្រព្រឹត្តទៅតាមនីតិវិធី ហើយគ្រប់ភាគីទាំងអស់សុទ្ធតែត្រូវបានអនុញ្ញាតឱ្យអនុវត្តសិទ្ធិរបស់ខ្លួនតាមច្បាប់»។
លោក សោម សូរីដា អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យ (គជប) ដែលបានចូលទៅតតាំងក្នុងបន្ទប់សវនាការនេះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការឆ្លើយដោះបន្ទុករបស់លោក សុន ឆ័យ រួមជាមួយលោកមេធាវី លោក ជូ ជូងី ផ្អែកទៅលើឯកសាររបស់អង្គការខុមហ្វ្រែល រួមជាមួយនឹងគណបក្ស ៤ ផ្សេងទៀតដែលបច្ចុប្បន្ននេះ គណបក្សទាំងនេះ កំពុងធ្វើការតស៊ូមតិឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត។
លោកបន្តថា នៅពេលដែលលោក សុន ឆ័យ ផ្អែកលើភ័ស្តុតាងតែប៉ុន្មានខាងលើនេះ លោកបានធ្វើការសន្និដ្ឋានថា (គជប) ជាអ្នកលួចសន្លឹកឆ្នោត ប៉ុន្តែលោកបដិសេធនៅក្នុងសវនាការថា លោកមិនបានចោទ (គជប) នោះទេ។ប៉ុន្តែបើសួរទៅវិញថា តើអ្នកណាជាអ្នករៀបចំចាត់ចែង និងគ្រប់គ្រង់ការបោះឆ្នោត? គេមិនអាចចោទគណបក្សនយោបាយថា លួចសន្លឹកឆ្នោតបាននោះទេ។
លោកថ្លែងថា៖ «ដូច្នេះ ករណីលួចសន្លឹកឆ្នោត នេះ បើទោះបីមិនបានដៅចំ (គជប) ប៉ុន្តែដៅចំស្ថាប័នរៀបចំចាត់ចែងការបោះឆ្នោត វាបង្ហាញចេតនាដាក់បន្ទុក (គជប) ថា លួចសន្លឹកឆ្នោត។ តែទាំងលោក សុន ឆ័យ និងលោកមេធាវីឆ្លើយអះអាងថា មិនមានចេតនាបរិហារកេរ្តិ៍ (គជប) នោះទេ»។
បើតាមលោក សោម សូរីដា ទោះជាយ៉ាងនេះក្តី តំណាងព្រះរាជអាជ្ញានៅតែបន្តចោទប្រកាន់ លោក សុន ឆ័យ ថា បានប្រព្រឹត្តបទល្មើសដែលជាបទបរិហារកេរ្តិ៍ដូចមានចែងនៅក្នុងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌដោយមានធាតុផ្សំគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។ ជាមួយគ្នានេះ (គជប) នៅតែទាមទារ និងសំណូមពរឱ្យតុលាការផ្តន្ទាទោស លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា ៣០៥ នេះដែរ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស (គជប) ផ្សព្វផ្សាយសាធារណៈ។ ដោយឡែកមេធាវីរបស់ (គជប) ក៏ស្នើសុំឱ្យតុលាការផ្តន្ទាទោសតាមមាត្រា ៣០៥ នេះផងដែរ៕