
ដើមឈើប្រណីតប្រភេទធ្នង់ត្រូវបានគេលួចកាប់ នៅតំបន់អង្គរ ខេត្តសៀមរាប។ រូបថត សហការី
សៀមរាបៈ អ្នកធ្វើការផ្នែកបរិស្ថាន នៅថ្ងៃទី ២៩ ខែកញ្ញា ស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងរណារយន្ត ក្រោយករណីលួចកាប់ឈើប្រណីតនៅតំបន់អង្គរបន្តកើតមាន។ ឈើធ្នង់ ដែលជាប្រភេទឈើប្រណីត និងមានទំហំធំ ត្រូវបានគេលួចកាប់ នាពេលថ្មីៗនេះ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា ចាត់ទុកករណីលួចកាប់ឈើប្រណីតជាថ្មីម្ដងទៀតក្នុងតំបន់អង្គរ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើជារឿងគួរឱ្យបារម្ភ។ លោកគឹមហុង ស្នើរដ្ឋាភិបាល គួរធ្វើការគ្រប់គ្រងលើរណារយន្តឱ្យបានត្រឹមត្រូវ ព្រោះមានការប្រើប្រាស់យ៉ាងអនាធិបតេយ្យទាំងក្នុងតំបន់អង្គរ និងតំបន់ការពារធម្មជាតិ។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំធ្វើការក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ១ រូប យល់ថា គួរមានចំណាត់ការគ្រប់គ្រងលើការប្រើប្រាស់រណារយន្តដើម្បីងាយស្រួលកំណត់អត្តសញ្ញាណជនល្មើស។ អាជ្ញាធរគួរយកចិត្តទុកដាក់បន្ថែមទៀតធ្វើការល្បាតព្រៃតំបន់អង្គរ ព្រោះមិនមែនជាលើកទី១ ទេ ដែលតំបន់អង្គរត្រូវបានគេចូលលួចកាប់ឈើប្រណីតនោះ ហើយរកមុខអ្នកកាប់មិនឃើញ។ កន្លងមកមានករណីកាប់ឈើគ្រញូងដែរតែរកមុខអ្នកកាប់អត់ឃើញ»។
ចំពោះដំណើរការកាប់ឈើធ្នង់ ១ ដើមនេះ លោក ហេង គឹមហុង លើកឡើងថា មិនមែនធ្វើឡើងតែ ១ ថ្ងៃទេ ចុះអាជ្ញាធរម្ដេចមិនបានដឹងឮសកម្មភាពកាប់បំផ្លាញទៅវិញ។
លោកថា៖ «វាអាចទាក់ទងនឹងការធ្វេសប្រហែសរបស់មន្ត្រីក្នុងការបំពេញមុខងារសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរជាតិអប្សរា មន្ត្រីរដ្ឋបាលព្រៃឈើ។ ដូច្នេះគួរធ្វើសវនកម្ម អធិការ លើសមត្ថភាពមន្ត្រី តើគាត់ធ្វើការងារយ៉ាងម៉េច ទើបកើតមានរឿងដដែលៗ ដើម្បីទទួលខុសត្រូវលើការងារធ្វេសប្រហែសរបស់ខ្លួនឯងនៅចំពោះមុខច្បាប់»។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើភូមិបន្ទាយស្រី សហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរឃុំខ្នារសណ្តាយ បានចុះពិនិត្យករណីដើមឈើធ្នង់ ១ ដើម ដែលមានមុខកាត់ គល់ទំហំ ១,២០ ម និងប្រវែង ៦ ម ត្រូវបានគេលួចអារផ្ដាច់។ គិតមកដល់ថ្ងៃទី ២៩ កញ្ញានេះ ឈើត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្ន រង់ចាំទឹកស្រកអស់នៅទីនោះ ទើបក្រុមការងារដឹកជញ្ជូនមករក្សាទុកនៅសង្កាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី ២៩ កញ្ញាថា គេមិនបានដឹងជនល្មើសធ្វើសកម្មភាពកាប់បំផ្លាញដើមឈើធ្នង់នេះតាំងពីពេលណាមកទេ ប៉ុន្តែគេប្រទះឃើញវាដេកដួលទៅលើដីបាត់ទៅហើយ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា។
លោកថ្លែងថា៖ «បន្ទាប់ពីយើងឃើញថា មានគេកាប់ [ឈើ] យើងក៏ប្រញាប់ទាក់ទងទៅរដ្ឋបាលព្រៃឈើ និងខាងជំនាញផ្សេងទៀតចុះទៅត្រួតពិនិត្យ សួរថា កើតឡើងតាំងពីពេលណា ខ្ញុំក៏មិនដឹងដែរ តែមើលទៅទើបតែកើតឡើង ២-៣ ថ្ងៃនេះទេ»។
លោក ឡុង កុសល បានដាក់ការសង្ស័យជាបឋមថា ជនទុច្ចរិត ដែលកាប់ឈើធ្នង់ មានបំណងកាប់យកទៅលក់ ព្រោះតែធ្នង់ជាប្រភេទឈើប្រណីត។
លោកថា៖ «គោលបំណង គឺកាប់យកតែម្ដងហ្នឹង វាគ្មានអ្នកណាទៅកាប់លេងទេ មិនអ៊ីចឹង? វាជារឿងគួរឱ្យសោកស្ដាយ ដែលពពួកមនុស្សទុច្ចរិតចូលមកកាប់ឈើប្រណីត ដែលមិនគិតពីប្រយោជន៍សាធារណៈទូទៅរបស់សង្គមខ្មែរទាំងមូល»។
ចំពោះប្រតិបត្តិការវែកមុខរកជនល្មើសលួចកាប់ឈើធ្នង់ លោក ឡុង កុសល ប្រាប់ថា ជាសមត្ថកិច្ចស៊ើបអង្កេតបន្តរបស់រដ្ឋបាលព្រៃឈើ។
កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២២ ដើមគ្រញូងចំនួន ៤ ដើម ដែលមានអាយុកាលប្រមាណ ៥០ ឆ្នាំ ត្រូវបានគេលួចកាប់ក្នុងចម្ការពូជឈើគ្រញូង ដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិខ្នាតពោធិ៍ និងភូមិវត្ត ឃុំស្រែពោធិ៍ ស្រុកវ៉ារិន ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ក៏មានករណីជនល្មើសបានលួចកាប់ដើមឈើគ្រញូង ១ ដើម ក្នុងតំបន់ការពារទី១ នៃរមណីយដ្ឋានអង្គរផងដែរ។ បើតាមរបាយការណ៍ពីមន្ត្រីបរិស្ថានខេត្តសៀមរាប គិតចាប់ពីឆ្នាំ ២០២០ រហូតដល់ដើមឆ្នាំ ២០២២ បទល្មើសលួចកាប់ដើមគ្រញូងក្នុងតំបន់អង្គរ មានប្រមាណជាង ១០ ករណី ក្នុងនោះក៏មានករណីមួយចំនួន ត្រូវបានមន្ត្រីបរិស្ថានរឹបអូសវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ៕