ភ្នំពេញៈ គណៈប្រតិភូ​ព្រឹទ្ធ​សភា​ថៃ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​គោល​ដៅ​សិក្សា​ឈ្វេង​យល់​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​របស់​កម្ពុជា និង​ស្វែង​រកការ​រួម​គ្នាក្នុង​ដំណើរ​ការ ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ពុក​រលួយ​។

គណៈ​ប្រតិភូ​គណៈ​កម្មការ​ស៊ើប​អង្កេត​អំពើពុ​ក​រលួយ ការ​ប្រព្រឹត្ត​ខុស និង​ពង្រឹង​អភិបា​ល​កិច្ចល្អ នៃ​ព្រឹទ្ធ​សភា​ថៃ​នៅ​ថ្ងៃទី​ ២៨ ខែ​កញ្ញា ឆ្នាំ​ ២០២២​ ដឹក​នាំ​ដោយ​លោក​ សិស​ថាវ៉ាត វង្ស​សុវណ្ណ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅក​ម្ពុជា និង​បាន​ចូល​ជួប​លោក​ សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី​កម្ពុជា នៅ​វិមាន​ព្រឹទ្ធ​សភា ក្នុង​គោល​បំណង​ដើម្បី​សិក្សា​ស្វែង​យល់​​ពីកិច្ច​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​នៅក​ម្ពុជា។​

លោក​ សិស​ថាវ៉ាត វង្ស​សុវណ្ណ​ ជាប្រធាន​គណៈ​កម្មការ​បាន​លើក​ឡើង​ថា ដំណើរ​ទស្ស​នកិច្ច​របស់​គណៈ​ប្រតិភូ​ព្រឹទ្ធ​សភាថៃ ​នៅ​កម្ពុជា​ក្នុង​ពេល​នេះ ជាផ្នែក​មួយ​នៃការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ និង​ស្វែង​យល់​ពីគ្នា​ទៅ​វិញ​ទៅមក​ លើ​កិច្ច​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រ​តិបត្តិ​ការ​ទ្វេភាគី​។​

លោកប​ញ្ជាក់ប្រាប់​ប្រមុខ​រដ្ឋស្តី​ទីកម្ពុជា​ថា​៖ «ថៃ​សង្ឃឹម​យ៉ាង​មុត​មាំថា​ សភា​កម្ពុជា​នឹង​ចូល​រូម​សហការ​ជាមួយ​សភា​ថៃ ក្នុង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ពុ​ករ​លួយ​​ និង​កិច្ច​សហ​ការលើ​វិស័យ​នានាបន្ថែមទៀត​ ក្នុង​ន័យ​រឹត​ចំណង​ទំនាក់​ទំន​ងរវា​ងរដ្ឋនិង​រដ្ឋ ហើយ​ប្រជាជន​និង​ប្រជា​ជន​»។

ឆ្លើយ​តប​ទៅកាន់​ភាគី​ថៃ លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​និង​ជាប្រមុខ​រដ្ឋស្តី​ទីកម្ពុជា​​ បាន​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិ​ភូ​គណៈ​កម្មការ​ស៊ើប​អង្កេត​អំពើពុក​រលួយ​ ការ​ប្រព្រឹត្ត​ខុស និង​ពង្រឹង​អភិបាល​កិច្ចល្អ នៃ​ព្រឹទ្ធ​សភាថៃ​មក​កម្ពុជា​នេះ​ថា ជា​ឱកាស​ចូលរួម​ចំណែកយ៉ា​ងសំខាន់​លើកិច្ច​ពង្រីក​ទំនា​ក់​ទំ​នង​ផ្លាស់​ប្ដូរ​យោបល់​ជាយុទ្ធ​សាស្ត្រ និ​ងកិច្ចស​ហប្រតិ​បត្តិការ​ រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់​តែប្រសើរ​ជាង​មុន ដើម្បី​ជាប្រយោ​ជន៍សម្រាប់​ប្រជាជន​នៃប្រទេស​ទាំង​សង​ខាង​។

លោក​ សាយ ឈុំ មានសុទិដ្ឋិ​និយម​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​សភា​កម្ពុជា-ថៃ​ លើគ្រប់​វិស័យ​រាប់តាំង​ពីការ​ប្រយុ​ទ្ធប្រឆាំង​អំពើពុក​រលួយ​ឡើង​ទៅ។​ លោក ​សាយ ឈុំ​ អះអាង​ថា ទំនាក់​ទំនង​កម្ពុជាថៃ​​ត្រូវ​បាន​លើក​កម្ពស់​ឥត​ឈប់​ឈរ និងមាន​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ក្រប​ខណ្ឌ​ទាំង​ទ្វេ​ភាគី និង​ពហុ​ភាគី​។

ទាក់​ទង​នឹង​បញ្ហា​អំពើពុក​រលួយ​នេះ អង្គការ​តម្លា​ភាព​អន្តរ​ជាតិ (Transparency International) បាន​ចេញ​របាយការណ៍​យល់​ឃើញ​ពីសន្ទស្សន៍​អំ​ពើពុក​រលួយ​នៅក​ម្ពុជា​សម្រាប់​ឆ្នាំ ២​០២១​ ដែ​លចេ​ញ​ផ្សាយ​កា​លពី​ចុងខែ​​មករា ឆ្នាំ​ ២០២២​ បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០ នៅ​លើ​ពិភព​លោក​ដែលថម​ថយ​ជាង​ឆ្នាំ​​ ២០២០ ​បន្តិច ដែល​មាន​ចំណាត់​ថ្នាក់ទី​១៦០។

ទោះជា​យ៉ាង​ណាក្តី ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជាប្រទេស​ដែល​មាន​កម្រិត​​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ជាង​គេបំផុត​ក្នុងចំណោម​ប្រទេស​ទាំង​ ១០ ក្នុង​សមាគម​អា​ស៊ាន ​ខណៈ​ដែល​​ប្រទេស​ថៃជាប់​ចំណាត់​ថ្នាក់​ទី១១០ ក្នុង​ចំណោម​ប្រទេស ១៨០ ដែល​ឈរ​នៅ​លំដាប់​ទី៥ ក្នុង​តំបន់​អាស៊ាន​លើប​ញ្ហាពុក​រលួយ​នេះ៕​