ភ្នំពេញៈ នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជនបរទេស ៦៦​ នាក់ ក្នុង​រយៈពេល​ ២ ​ថ្ងៃ នា​ចុងខែ​កញ្ញា ដែល​បាន​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​បណ្ដេញចេញ ស្របតាម​ច្បាប់​ស្ដី​ពីអ​ន្តោ​ប្រវេសន៍​។​

លោក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា​ថា ជនបរទេស​ទាំងនោះ មាន​ជនជាតិ​ថៃ​ ៦៤​ នាក់ ក្នុងនោះ​មាន​ស្រី​ ២៥ ​នាក់ ជនជាតិ​ឥណ្ឌា​ ១​ នាក់ និង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ១​ នាក់​។ ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

លោក វណ្ណ​ថន ថ្លែងថា ជនបរទេស​ទាំង​ ៦៦​ នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន លួច​ស្នាក់នៅ​ខុសច្បាប់​លើស​ទិដ្ឋាការ​កំណត់ និង​ប្រើប្រាស់​លិខិតឆ្លងដែន​មិន​ប្រក្រតី ដែល​ល្មើស​និង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​ត្រូវធ្វើ​ការបណ្ដេញចេញ និង​ហាមឃាត់​ការចូល​ប្រទេស​កម្ពុជា​រយៈពេល ​៣ ​ឆ្នាំ​។

លោក កែវ វណ្ណ​ថន ថ្លែងថា ចាប់ពី​ដើមខែ​មករា រហូតមកដល់​ថ្ងៃទី​ ២៣ ខែកញ្ញា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ជនបរទេស​ចេញ សរុប​ចំនួន ១ ៤៥០ នាក់ (​ស្រី ២៧៩ នាក់​) មាន ៣២ ​សញ្ជាតិ ចេញពី​កម្ពុជា​ផងដែរ​។

លោក កែវ វណ្ណ​ថន បានឱ្យដឹង​នៅ​ថ្ងៃទី ​២៨ ខែកញ្ញា​ថា ក្រៅពី​ចំនួន​ជនបរទេស​ដែល​ត្រូវបាន​បណ្ដេញចេញ​រួចរាល់​ហើយ​នោះ ក៏មាន​ករណី​ដោយឡែក​ ១​ ទៀត ដែល​នគរបាល​អន្តោប្រវេសន៍ បាន​រកឃើញ​ជនជាតិ​ចិន​ចំនួន ២១​ នាក់ ក្នុងចំណោម ៤១ ​នាក់ ​ដែល​បាន​ឆ្លងដែន​សមុទ្រ​ចូលមក​កម្ពុជា ដោយ​ខុសច្បាប់​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា បាន​ជួប​គ្រោះថ្នាក់​លិច​ទូក នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ហើយ​កំពុងស្ថិត​ក្នុងការ​សួរនាំ និង​រៀបចំ​នីតិវិធី​ដើម្បី​ធ្វើការ​បណ្តេញចេញ​បន្ថែមទៀត​។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍសង្គម លោក មាស នី បាន​ថ្លែង​ដោយ​ស្វាគមន៍​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា​។

លោក មាស នី ថ្លែងថា​៖ «​ប៉ុន្តែ​ (​យើង​)​ សង្កេតឃើញថា ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅមាន​ចន្លោះប្រហោង​ខ្លាំង​ដែល​បង្ក​ភាពងាយស្រួល​ដល់​ជនល្មើស យក​កម្ពុជា​ជាទី​តាំង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​បាន ហើយ​បាន​ស្នើឱ្យ​អាជ្ញាធរ​រឹតបន្តឹង​ថែមទៀត​ ចំពោះ​បញ្ហា​អន្តោប្រវេសន៍ខុសច្បាប់​នេះ​ ដោយ​គ្មាន​ករណី​លើកលែង​»៕