ភ្នំពេញៈ អង្គការ​​អុកស្វាម (OXFAM) នា​ថ្ងៃទី ​២៩ ខែ​កញ្ញា បាន​ធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ច​ពិភា​ក្សាតុ​មូល​ពហុភាគី​ ដើ​ម្បីជជែក​​ពីការ​ពង្រឹង​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​អាស៊ាន ខណៈ​របាយ​ការណ៍​រក​ឃើញ​ថា ៩៩,៨​ ភាគ​រយ​នៃកម្មករ​ជាស្ត្រី​ នៅក្នុង​វិស័យ​កសិពាណិជ្ជកម្ម​កម្ពុជា​ ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រៅ​ប្រព័ន្ធ​។

កិច្ច​ពិភាក្សា​ដែល​ធ្វើឡើង​នៅរាជ​ធានី​ភ្នំពេញ​នេះ​ គាំទ្រ​ដោយ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​យុត្តិធ​ម៌ អាស៊ី ​(FFA) និង​កម្ម​វិធីលើក​កម្ពស់​យេន​ឌ័រ និង​ការ​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​វិស័យ​​កសិពា​ណិជ្ជក​ម្ម ក្នុង​តំប​ន់​អាស៊ី​អាគ្នេយ៍ ​(GRAISEA)។

កិច្ចពិភាក្សា​​នេះ​ មាន​ការ​ចូល​រួម​ពីតំណាង​មក​ពីរាជ​រដ្ឋាភិបាល​កម្ពុជា​ វិស័យ​ឯក​ជន និង​សង្គ​ម​ស៊ី​វិល ដើម្បីផ្តល់​ធាតុ​ចូល​ លើរបក​គំហើញ និង​អនុសាសន៍​សំខាន់​ៗ​ នៅក្នុង​របាយ​ការណ៍​រួម​របស់ FFA-GRAISEA ដែល​មាន​ចំណង​ជើង​ថា «Harvesting Inequality: ផលប៉ះ​ពាល់​លើ​សង្គម​នៃ​ការ​វិនិយោគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ក្នុងវិស័យ​កសិពា​ណិជ្ជកម្ម​នៅ​អាស៊ី»​ ដើម្បី​ធ្វើ​សំយោគ និង​កែលម្អ​គោល​នយោ​បាយ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរ​ភាព និង​មាន​លក្ខណៈ​យេន​ឌ័រ​សម្រាប់​អាស៊ាន​ក្នុង​ខណៈ​ដែល​កម្ពុជា​ធ្វើជាប្រធាន​អាស៊ាន ឆ្នាំ​ ២០​២២។

លោក​ស្រី ភាណ សោ​ភ័ណ តំណាង​អង្គការ​អុកស្វាម​ប្រចាំនៅក​ម្ពុជា ថ្លែង​ថា អង្គកា​រ​អុក​ស្វាម​ស្វាគមន៍​ការ​ចូល​រួម​របស់​អ្នកជំនាញ​ជាន់​ខ្ពស់​មកពីរាជ​រដ្ឋា​ភិបាល ធុរ​កិច្ច និង​សង្គម​ស៊ីវិល​នៅ​ក្នុង​កិច្ច​សន្ទនាព​ហុភាគី​ពាក់​ព័ន្ធ​នេះ ដែល​ផ្តោត​លើ​បញ្ហា​ហិរញ្ញវត្ថុ​ប្រកប​ដោយចីរ​ភាព និង​មាន​លក្ខណៈ​យេន​ឌ័រ​ក្នុង​វិស័យ​កសិពា​ណិជ្ជ​កម្ម​ ។

របាយ​ការណ៍​ Harvesting Inequality បាន​បញ្ជាក់​ថា៖ «៩៩,៨​ភាគ​រយ នៃ​កម្មករ​ជាស្ត្រី​នៅក្នុង​វិស័យ​កសិ​ពាណិជ្ជ​កម្ម​កម្ពុជា​ ស្ថិត​ក្នុ​ង​ស្ថាន​ភាព​ក្រៅ​ប្រព័ន្ធ មាន​ន័យ​ថា ពួក​គេ​មិន​អាច​ទទួល​បាន​អត្ថ​ប្រយោជ​ន៍ និង​ការ​ការ​ពារ​ក្រោម​ច្បាប់​ការងារ​នោះ​ទេ។ ពួក​គេកាន់​តែ​ងាយ​រង​គ្រោះ​ទៅ​នឹង​ភាព​ក្រីក្ររ៉ាំ​រ៉ៃ ប្រាក់​ឈ្នួល​ទាប ជំងឺ គ្រោះថ្នាក់​ការងារ ការ​កេង​ប្រវ័ញ្ច​ និង​ការ​អនុវត្ត​ប្រកប​ដោយ​គ្រោះថ្នាក់​ក្នុង​សង្គម​ផ្សេងៗ​ទៀត​ជាច្រើ​ន»។​

អង្គកា​រ​អុកស្វាម​អំពាវ​នាវ​ឱ្យរ​ដ្ឋាភិបាល​កម្ពុជា វិស័យ​កសិពា​ណិជ្ជ​កម្ម និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធានា​ថា សិទ្ធិ​ស្ត្រីដែល​ជាក​សិករ​ និង​កម្មក​រ និងក្រុម​ជន​ដែល​ងាយ​រង​គ្រោះដទៃទៀត​ទទួល​បាន​ការការ​ពារ​ ។

លោក​ Ashley Aarons ប្រធាន​កម្មវិធី​ GRAISEA ថ្លែង​ថា វិស័យ​កសិ​ពាណិជ្ជ​កម្ម​នៅ​អាស៊ី មាន​សារៈ​សំខាន់​ជាសារ​វន្ត​ចំពោះ​ការីក​ចម្រើន​នៃសេដ្ឋ​កិច្ច ជីវ​ភាព ប្រាក់​ចំណូល និង​សន្តិ​សុខ​ស្បៀង​របស់​តំបន់​អាស៊ី។​

លោក​ថ្លែងថា​៖ «ជាង​ ១ ភាគ​ ៣​ នៃកម្លាំង​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ាគី​ស្ថាន និង​វៀត​ណាម​ និង​ជិត​ពាក់​កណ្តា​ល​នៃកម្លាំង​ការងារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​មីយ៉ាន់​ម៉ា ធ្វើ​ការនៅ​ក្នុងវិ​ស័យក​សិកម្ម ព្រៃឈើ និង​នេសាទ​។ វិស័យ​នេះក៏ជាវិ​ស័យ​ដែល​មាន​កសិករ​ខ្នាត​តូច​ ប្រមាណ​ ៣៥០ លាន​នាក់ ដែល​ផលិត​ ៨០​ ភាគ​រយ នៃផ​លិតផល​ម្ហូប​អាហារ​នៅ​ក្នុង​តំបន់​នេះ»​។

កិច្ច​​ពិភាក្សា​​ពហុភាគី​ចាប់​ផ្តើម​ជាមួយ​នឹង​កិច្ច​ប្រជុំ​ពេញ​អង្គ​កម្រិត​ខ្ពស់ ដោយ​មាន​ការ​ចូល​រួម​ពីវា​គ្មិន​តំណាង​ជាន់​ខ្ពស់​ មក​ពីរដ្ឋាភិបាល​កម្ពុជា​ ដែល​ពាក់​ព័ន្ធនៅ​ក្នុង​ការ​សម្រប​សម្រួល​ភាព​ជាប្រធាន​របស់​កម្ពុជា​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ា​ន។​

បន្ទាប់​ពីកិច្ច​ប្រជុំ​ពេញ​អង្គ​កម្រិត​ខ្ពស់ ក្រុមអ្នក​ជំនាញ​ និង​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួ​ន​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​តុមូ​លប្រក​បដោយ​អន្តរកម្ម​មួយ ​ដើម្បីផ្លាស់​ប្តូរ​ទស្សនៈ​របស់​ពួក​គេអំពី​សេចក្តី​ព្រាង​សង្ខេប​នៃ​គោលន​យោបាយ​មួយ ដោយផ្អែក​លើអ​នុសាសន៍​ដែលបាន​មកពី​របា​យកា​រណ៍​ស្ដីពី​ «Harvesting Inequality»។

កិច្ចពិភាក្សា​​តុមូល​នេះ មាន​គោល​ដៅ​សម្រប​សម្រួល​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​នៅ​កម្រិត​យុទ្ធ​សាស្ត្រ ដើម្បី​ដាក់​បញ្ចូល​លក្ខណ​វិនិច្ឆ័យ​សង្គម​កាន់​តែប្រសើរ​ឡើង ជាពិសេស​សម​ភាព​យេន​ឌ័រ សិទ្ធិការ​ងារ និង​តម្លាភាព និង​គណ​នេយ្យ​ភាព ទៅក្នុង​ក្របខ័ណ្ឌ​គោល​នយោ​បាយ និង​គំនិត​ផ្តួច​ផ្តើម​នានា​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​របស់​អាស៊ាន​ ។

សេចក្ដី​សង្ខេប​គោល​នយោ​បាយ​ដែល​បាន​កែសម្រួល​នេះ នឹង​ត្រូវ​បាន​ដាក់​ជូន​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​នៅពេល​ខាង​មុខ​នេះ និង​សម្រាប់​ការ​ពិចារណា​ដោយ​ប្រទេស​ឥណ្ឌូ​នេស៊ី ដែល​​នឹង​ត្រូវ​ធ្វើជាប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ២០២៣ ដើម្បី​ផ្តល់អាទិភាព​ដល់​ការ​ពន្លឿន​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរភាព​ និង​ការ​ទទួល​ខុស​ត្រូវ​នៅក្នុង​តំបន់ ដោយ​បង្កើន​ការ​ពិចារណា​អំពី​លក្ខណ​​វិនិច្ឆ័យ​សង្គម និង​យេន​ឌ័រ និង​ផល​ប៉ះពាល់​នានា​ដែល​អាច​មាន​។

អង្គ​ការ​អុកស្វាម ជាអង្គការ​អភិវឌ្ឍន៍​និង​មនុស្ស​ធម៌​ ដែល​បាន​ចូល​ខ្លួន​មក​ជួយ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ ១​៩៧៩ ក្រោយ​ការដួល​រលំនៃ​របប​ខ្មែរ​ក្រហម​។

អុក​ស្វាម​បាន​និង​កំពុង​ធ្វើការងារ​យ៉ាង​សកម្មជា​មួយវិ​ស័យ​ឯក​ជន ​ស្ថាប័​ននិ​ងក្រសួង​ពាក់​ព័ន្ធ​នានា អង្គការ​ដៃ​គូជាតិ និង​អន្តរ​ជាតិ​ជាច្រើ​នទៀ​ត លើវិស័យ​ជំនួយ​មនុ​ស្សធ​ម៌ និង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​និង​សង្គម អភិវឌ្ឍន៍​វិស័យក​សិកម្ម សហគ​មន៍នេ​សាទ សហ​គម​ន៍ព្រៃ​ឈើ អភិបា​ល​កិច្ចដីធ្លីនិ​ងធន​ធាន​ធម្ម​ជាតិ ការ​ប្រែប្រួល​អាកាស​ធាតុ ​ក្រុម​ឥណ​ទាន​សន្សំ​ប្រាក់ និង​កិច្ចគាំពា​រ​សង្គម​និង​សេវា​សាធា​រណៈ ​សេដ្ឋកិច្ច​បៃ​តង និង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយា​ប័ន្ន ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​អភិវឌ្ឍ​ ប្រទេ​ស​ប្រកប​ដោយ​ចីរភាព​៕