ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ (ក.ជ.ក) បាន​លើក​ឡើង​ថា ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​បញ្ហា​សកល​ដែល​កើត​ឡើង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា និង​បាន​ក្លាយជាក្តីបារម្ភ​ថ្មី​មួយ​ទៀត ដែល​ទាម​ទារ​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ធ្វើ​ការ​រួមគ្នា​ដើម្បី​ទប់​ស្កាត់ និង​ការពារ​កុមារ​។

លោក​ស្រី​​ ស៊ន សាបោន អគ្គលេខា​ធិការ​រង​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​កម្ពុជាដើ​ម្បីកុមា​រ បាន​លើកឡើង​ដូច​នេះ​ ក្នុង​ពិធី​ផ្សព្វផ្សាយ​​របាយការណ៍​​នៃការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ការបញ្ឈប់​គ្រោះ​ថ្នាក់​នៅ​កម្ពុជា ភ័ស្តុតាង​អំពើ​កេងប្រវ័ញ្ច​​និង​រំលោភ​បំពាន​ផ្លូវ​ភេទកុមារ​តាម​ប្រព័ន្ធ​អនឡាញ ដែល​នឹង​ត្រូវ​ប្រកាស​ជាផ្លូវការនៅ​ថ្ងៃទី​ ៣០ ខែកញ្ញា​។

​លោក​ស្រី​បាន​លើក​ឡើង​ថា៖ «ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើកុមារ​តាម​ប្រព័ន្ធ​អនឡាញ​ គឺជាបញ្ហា​សកល​ដែល​កើតឡើងក្នុង​ទម្រង់​ផ្សេងៗ​គ្នា និង​បាន​ក្លាយ​ជាក្តី​បារម្ភថ្មី​មួយ​ទៀត ដែល​ទាម​ទារ​ឱ្យភាគី​ពាក់ព័ន្ធ ទាំង​សាធារណ​ជន អាណា​ព្យាបាល​របស់​កុមារ អាជ្ញា​ធរ និង​សង្គម​ស៊ីវិល ចាំបាច់​ធ្វើការ​រួម​គ្នាដើម្បី​ទប់​ស្កាត់ និងការ​ពារ​កុមារ​ពីការរំលោភ​បំពាន​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ»​។

លោក​ស្រីបាន​បញ្ជាក់​ថា ល្បិច​កល​និង​អំពើ​នៃការ​រំលោភ​បំពាន​ផ្លូវ​ភេទ​របស់ជន​ល្មើសកាន់​តែមានភា​ព​ស្មុគស្មាញនិង​កាន់​តែអា​ក្រក់ទៅ​ៗ ដែ​ល​ទាម​ទារ​ឱ្យគ្រប់​ភាគីពាក់​ព័ន្ធចាំ​បាច់រួម​គ្នា​ដោះ​ស្រាយ។ កុមាររង​គ្រោះពី​ការកេង​ប្រវ័ញ្ចផ្លូ​វ​ភេទ បាន​បន្សល់​នូវ​ផល​ប៉ះពា​ល់​ធ្ងន់​ធ្ងរ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

លោក​ស្រី ​​ស៊ន សាបោន ​បាន​បន្ថែមថា៖ «កុមារ​រង​គ្រោះភា​គច្រើន មាន​អារម្មណ៍ពិ​បាក​ក្នុង​ការទុក​ចិត្តអ្ន​កដ​ទៃ អ​ស់​សង្ឃឹម បាក់​ទឹក​ចិត្ត ឯកា ច្របូក​ច្របល់ ខក​ចិត្ត ស្តី​បន្ទោស​ខ្លួន​ឯង និង​ឆាប់​ភ័យខ្លាច​ជាដើម។ ទំហំ​នៃផល​ប៉ះពាល់នៃ​ដំណើរ​ការ​ស្តារ នីតិ​សម្បទារ​បស់​កុមារ​រងគ្រោះ ត្រូវ​ការគាំទ្រ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូ​វកាយ​ពីសំណាក់​ឪពុ​កម្តាយ អាណាព្យា​បាល អ្នក​ជំនាញ និង​សហគមន៍​ផង​ដែរ​»។

លោក​ស្រីប​ន្ត​ថា ទន្ទឹម​នឹង​តម្រូវការ​ទាំង​នេះ កុមារ​ក៏ត្រូវ​ការ​ការ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវច្បាប់​ ដែល​ជាផ្នែក​មួយក្នុង​ការ​ជំរុញ​ឱ្យដំណើរ​ការ​ការ​ស្តារ​នីតិ​សម្បទា មានភាព​រលូន និង​ឆាប់​ជាសះ​ស្បើយ​។

យោង​តាម​សេចក្តី​ប្រកាសព័ត៌​មាន​របស់ (កជក) ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី​ ២៩ ខែ​កញ្ញាថា ​​កជក​, ​អង្គការ​យូនីសេហ្វប្រ​ចាំក​ម្ពុជា និង​អង្គការ​ EPACT អន្តរ​ជាតិ តាម​រយៈ​អង្គការ​សកម្ម​ភាព​ដើម្បី​កុមារ (APLE Cambodia) ​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ របាយ​ការណ៍​នៃការ​សិក្សា​ស្រាវ​ជ្រាវ ស្តីពីការ​បញ្ឈប់​គ្រោះថ្នាក់​នៅ​កម្ពុជា ភស្តុតាង​អំពើ​កេង​ប្រវ័ញ្ច​និង​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​ធ្វើឡើង​នៅទីស្តី​ការ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា (សអយ)។​

តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា លោក​ស្រី ហ៊្វូរូ ហ៊្វូយ៉ូ​ហ្សាត ​បាន​ឱ្យដឹង​ដែរ​ថា ការរក​ឃើញ​បាន​បង្ហាញ​យ៉ា​ង​ច្បាស់​ពីទំហំ​នៃ​ហានិភ័យ​ដែល​កុមារ​ប្រឈម​មុខនៅ​លើអន​ឡាញ នៅក្នុង​ពិភពឌីជីថ​លដែលចេះ​តែកើន​ឡើង ដោ​យ​ ១១%​ នៃកុមារ​ដែល​ប្រើអ៊ីន​ធឺណិត​ដែល​មានអាយុ​ពី ១២-១៧ ​ឆ្នាំ ត្រូវ​បាន​រាយការណ៍ថា​ ជួប​ប្រទះជា​មួ​យឧទាហរណ៍​ច្បាស់​លាស់ នៃការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ តាម​អនឡាញ និង​ការរំលោភ​បំពាន មុន​ពេល​ត្រូវ​បាន​អង្កេត​សិក្សា​ស្រាវ​ជ្រាវ​នេះបាន​ធ្វើឡើ​ង។​

លោក​ស្រី បាន​បញ្ជាក់​ថា៖ «១៦% នៃកុមារ​ត្រូវ​បាន​ទទួល​រង​នូវការ​បញ្ចេញ​មតិ​ទាក់​ទង​ផ្លូវ​ភេទ​របស់​ពួក​គេ​ដែលកើតឡើ​ងជា​ចម្បង​នៅ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Social media),១៦% នៃកុមារ​ត្រូវ​បាន​គេបញ្ជូ​នរូបភាព​ផ្លូវភេទ​ដែល​មិន​ចង់​បាន ហើយ​ ៩% នៃកុមារ​ទទួលបាន​គេស្នើសុំ​ឱ្យចែក​រំលែកនូវ​រូបភាព​ផ្លូវភេទ​របស់​ពួក​គេ»។

ជាមួយ​គ្នានោះ​ដែរ លោក​ស្រី​ ខៀវ បូរី រដ្ឋលេ​ខា​ធិការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​លើកឡើង​ថា ជាកា​រ​ពិតការ​កេង​ប្រវ័ញ្ហាផ្លូ​វភេ​ទលើ​កុមារ​តាម​ប្រព័ន្ធអ​នឡាញ​ជាបញ្ហាស​កល។​

លោក​ស្រីថា ​ពិភ​ពលោកកំពុង​តែយក​ចិត្ត​ទុក​ដាក់ និង​រួមគ្នាដើម្បី​បង្ការ ទប់​ស្កាត់ និង​ឆ្លើយត​បការរំលោភ​បំពានក្នុង​បរិបទ​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌​មាន ដែល​ក្នុង​នោះ​កម្ពុជា ជាប្រទេស​ដែល​បោះជំហាន​ទៅមុខ ក្នុង​ការចូល​រួម​ចំ​ណែ​កសំដៅ​ធ្វើ​ឱ្យកាន់​តែប្រសើរ​ឡើង​នូវ ការ​លើក​កម្ពស់​កិច្ចការពារ​កុមារ និង​ឧត្តមប្រយោជន៍​របស់កុ​មារ ទាំង​កម្ពុជា ក៏ដូច​ជាពិភព​លោក​ផង​ដែរ​។

លោក​ស្រី ខៀវ បូរី បាន​ថ្លែង​ថា៖ «យុទ្ធ​សាស្ត្រច​តុកោណ​ដំណាក់​កាលទី​៤ បានជំរុញ​ឱ្យមានការ​វិភាជ​ន៍ធន​ធានបន្ថែម​ដល់​វិស័យ​អប់រំ សុខា​ភិបាល ស​ង្គម​កិច្ច និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ក្នុង​នោះ ការ​អភិវឌ្ឍកុមារ​គឺជា​អាទិភាពមួយ​នៃការ​កសាង​ធន​ធាន​មនុស្ស សម្រាប់ការ​អភិវឌ្ឍន៍​ជាតិ និង​សម្រេច​ឱ្យ​បាន​នូវគោល​ដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព​ ២០១៦-២០៣០»។

ទន្ទឹមនឹ​ងនេះ​ កម្ពុជា​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការចូល​រួមក្នុង​បដិវត្តន៍​ឧស្សហកម្ម ៤.០ ដែល​ផ្តោត​ជាពិសេ​ស លើវិស័យ​បច្ចេក​វិទ្យា ដែល​ពិភព​លោក​កំពុង​ប្រើប្រាស់​ជាមធ្យោបា​យសម្រាប់​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គមកិច្ច​យ៉ាងមាន​ប្រសិ​ទ្ធភា​ព។​

​សូម​បញ្ជាក់​ថា​​ របាយការណ៍​ស្រាវជ្រាវ​ស្តីពីការ​បញ្ឈប់​គ្រោះថ្នាក់នៅ​កម្ពុជា ក៏​បានផ្តល់អ​នុសាសន៍​សំខាន់ៗ​ដើម្បីជំរុញ​កិច្ចការ​ពារកុមារ​ឱ្យមាន​សុវត្ថិភាព​តាម​ប្រព័ន្ធ​អនឡាញ​ផង​ដែរ។​

អនុសាសន៍​ទាំងនោះ​ រួម​មានការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ការក​សាង​សមត្ថភាព​ឆ្លើយតបការ​កេងប្រ​វ័ញ្ច និងរំ​លោភបំ​ពាន​ផ្លូវ​ភេទកុ​មារតាម​ប្រព័ន្ធ​អនឡាញ​របស់គ្រប់​ភាគី​ពាក់ព័ន្ធ​នៅទូទាំ​ង​ប្រទេស ការ​បង្កើន​កិច្ចសហការ​ជាតិ ​និងអន្តរ​ជាតិ​។

ប្រភព​ដដែល​បាន​បន្ត​ថា ជាពិសេស​ជាមួយ​វិស័យឯ​កជន ការ​ពង្រឹង​យន្តកា​រ ឆ្លើយ​តប និង​គាំទ្រដល់ជ​នរង​គ្រោះដោយផ្តោត​លើការ​អនុវត្ត​បែប​កុមារ​មេត្រី​ដែល​ឆ្លើយ​តប​តាម​បទដ្ឋាន​អន្តរ​ជាតិ ការ​បង្កើត​ឱ្យមាន​យន្តការ​រាយការណ៍​ថ្នាក់​ជាតិដែ​ល​ងាយ​ស្រួល​ប្រើប្រា​ស់ និង​ការ​បង្កើន​ធន​ធាន​របស់ អ្នក​ជំនាញ​។​

លោក ជា វ៉ាន់​ដេត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគម​ន៍ ធ្លាប់​បាន​ថ្លែង​ឱ្យដឹង​កាល​ពីចុង​ខែមិថុនា​ កន្លងមក​ថា ​ការ​គិត​គូរ​ការពារ​កុមារ​លើប្រ​ព័ន្ធ​អ​ន​ឡាញ មាន​សារៈសំខាន់​សម្រាប់​សង្គម​កម្ពុជានា​ពេលបច្ចុប្ប​ន្ន​និង​អនាគ​ត។

លោក​ថា៖ «ស្ថិត​ក្នុង​បរិបទ​នៃការរី​ករាល​ដាល​ជំងឺកូវីដ​ ១៩ និង​ការបិទ​សាលារៀន កុមារក​ម្ពុជា​ជាង ៣ លាន​នា​ក់មាន​តម្រូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ការសិក្សា​រៀន​សូត្រ ការ​កម្សាន្ត និងកា​រប្រាស្រ័យទា​ក់ទង​គ្នា។ ស្រប​ពេល​ជាមួយ​គ្នានេះ​ ហានិភ័យ​នៃប្រព័ន្ធ​អនឡាញ ដូច​ជា ការគំរាម​កំហែង​និងកា​ររំលោ​ភបំពាន​ផ្លូវភេ​ទចំពោះ​កុមារ មានចំនួន​កើន​ឡើង​គួរ​ឱ្យព្រួយ​បារម្ភ ដែល​ទាមទារ​ឱ្យមាន​កិច្ចអន្តរាគមន៍​ជាប​ន្ទាន់ និង​ការគិត​គូរយុទ្ធ​សាស្រ្ត​ការពារ​សម្រាប់​រយៈ​វែង​បន្ថែម​ទៀត​»។

យោង​ស្ថិតិ​របស់​មជ្ឈម​មណ្ឌល​ជាតិនៃ​កុមារ​បាត់​ខ្លួន និង​ការ​កេង​ប្រវ័ញ្ច​ របស់​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗនេះ​​បាន​ឱ្យដឹ​ង​ថា ករណី​នៃការ​រាយការណ៍​ពីការ​រំលោភ​បំពាន​ផ្លូវ​ភេទចំពោះកុ​មារលើ​បណ្តាញ​អ៊ីនធឺណិត​ឆ្នាំ ២​០២១ បាន​កើន​ឡើង​ប្រមា​ណ ៣៥ ភាគ​រយ ខ្ពស់​ជាង​ឆ្នាំ​ ២០២០ គឺកើន​ពីចំនួន​ ២០​ លាន​ករណី ទៅ​ប្រមាណ​ ២៩ លាន​ករណី​៕