ភ្នំពេញៈ ឆ្នាំ​នេះ​មាន​ព្យុះច្រើ​ន តែស​ម្រាប់​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ការជន់លិច​ធ្ងន់ធ្ងរ​ដោយសារទឹកជំនន់​នោះ​ទេ ព្រោះ​កម្ពស់​ទឹក​ទន្លេ​មេគង្គ នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ នេះ​ជាការ​ថ្លែង​​របស់​លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​វេទិកា​អន្តរ​សាស​នា ប្រឆាំង​ការជួញ​ដូរមនុស្ស​លើក​ទី៦ ដែ​ល​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ២៩ ខែ​កញ្ញា ឆ្នាំ​ ២០២២ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម និង​ពិព័​រណ៍​ជ្រោយ​ចង្វារ លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ប្រែប្រួល​អាកាស​ធាតុ បាន​ក្លាយ​ជាបញ្ហា​ធំនៅលើ​ពិភព​លោក។ សម្រាប់​ប្រទេស​កម្ពុជា​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពស់​ទឹក​ទន្លេ​មេគង្គ ក្នុង​រដូវ​វស្សា​បានហក់​ឡើង​តិច​តួច​បំផុត។

លោកបាន​បញ្ជាក់​ថា៖ «ទឹក​ទន្លេ​មេគង្គ វាមិនហក់​ឡើង​ខ្លាំង​ទេ។ នៅរាជធានី​ភ្នំពេញ​ទឹក​ទើប​តែឡើ​ង​ត្រឹម​ជាង ​៨ ម៉ែ​ត្រ​ប៉ុណ្ណោះ ខណៈ​ដែល​យើង​ត្រូវ​ការ​ឱ្យទឹក​ឡើង​ដល់ ​៩,៣០ ម៉ែត្រ»។

ក្នុង​ស្ថានភាព​នេះ លោក​នាយករដ្ឋ​មន្ត្រីបាន​លើក​ឡើង​ពីទុក្ខ​កង្វល់​របស់​ប្រជាកសិករ​នៅតាម​ដង​ទន្លេ ដែល​ជា​ទូទៅនិយម​ធ្វើ​ការដាំដុះដំ​ណាំច​ម្ការ​រួម​ផ្សំ ដែល​ពឹង​ផ្អែក​ស្ទើរ​តែទាំង​ស្រុង​ទៅលើ​ដីល្បាប់​ដ៏មានជីជា​តិ ដែល​បាន​ហូរ​ធ្លាក់​ពីតំបន់​ភ្នំនិង​ខ្ពង់​រាប មក​ចាក់​បំពេញ​ដីចម្ការ​របស់​ពួក​គេនៅពេល​មាន​ទឹកជំ​នន់​កើតឡើ​ង។

លោក​ថ្លែង​ថា៖ «អ្នក​ទន្លេ ភ័យ​ខ្លាច​បំផុត គឺរឿង​ទឹក​ទន្លេមិ​នឡើង។ ព្រោះបើ​ទឹកទន្លេ​មិន​ឡើង សត្វ​ល្អិត​ចង្រៃ​វាមិន​ងាប់ ហើយ​ដីល្បាប់​ក៏អត់​ហូរ​ចូល អ៊ីចឹង​ទេ ការ​ដាំដុះ​របស់កសិករ​នៅ​តាម​ដងទន្លេនឹង​ជួប​ការ​លំបាក​»។

បើតាម​ការកត់​​ចំណាំ​របស់​ចាស់ៗ តាំង​ពីបុរាណ​កាលម​ក​ នៅក្រោ​យរដូវ​បុណ្យភ្ជុំ ទឹក​ទន្លេ​ចាប់​​ផ្ដើម​ស្រក ប៉ុន្តែ​វា​មិន​ប្រាកដ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​មាន​ឆ្នាំ​ខ្លះ​ទឹក​ទន្លេក៏​ចាប់ផ្ដើមជ​ន់ឡើង​ក្រោយ​រដូវ​បុណ្យ​ភ្ជុំ​ផង​ដែរ។

បច្ចុប្បន្ន​ ទឹក​ទន្លេ​មេគង្គ បាន​ចាប់​ផ្ដើម​ជន់​ឡើង​ជាបន្ត​បន្ទាប់ និង​ធ្វើឱ្យ​មាន​ការជន់​លិច​ស្រែចម្ការ​និង​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​វាល​ទំនាប​ជាប់ផ្លូវ​ទឹក បន្ទាប់​ពីមាន​ព្យុះកើត​ឡើង​ជាបន្តប​ន្ទាប់ ហើយ​ឥទ្ធិ​ពល​របស់​វាបាន​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និងរាយ​ប៉ាយ​គ្រ​ប​ដណ្ដប់​លើផ្ទៃ​ប្រទេស​។

ទន្ទឹម​នឹង​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ នៅថ្ងៃទី​ ២៩ ខែកញ្ញា ឆ្នាំ​២០២២ បានចេញ​សេចក្តី​ជូន​ដំណឹង​បន្ទាន់​មួយ​ស្ដី​ពី ស្ថានភាព​កម្ពស់ទឹក​ទន្លេមេ​គង្គ ដោយ​បាន​អំពាវ​នាវ ដល់​ពលរដ្ឋ​ដែល​រស់​នៅ​តាមទី​ទំនាប​ជាប់​ដង​ទន្លេមេ​គង្គ និងជាប់​តាមផ្លូវ​ទឹក​នានា បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹក​ជំនន់។

ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​នោះ​ ទឹក​ទន្លេ​មេគង្គ​នឹង​ហក់ឡើង​ក្នុងរយៈ​ពេល​ពី ៣-៥ ថ្ងៃខាង​មុខ ជាពិសេស​ នៅ ភាគ​ខាង​លើនៃ​ប្រទេស​កម្ពុជា រួម​មាន ខេត្ត​ស្ទឹង​ត្រែង ទឹក​នឹង​អាច​ឡើង​ដល់​កម្ពស់ ១០,០០ ម៉ែត្រ កៀក​នឹង​កម្ពស់​ប្រកាស​ឱ្យប្រុង​ប្រយ័ត្ន​ ១០,៧​០ ម៉ែ​ត្រ ខណៈ​នៅខេត្ត​ក្រចេះ ទឹក​នឹង​អាចឡើង​ដល់​កម្ពស់ ២១,០០ ម៉ែត្រ កៀក​នឹង​កម្ពស់​ប្រកាស​ឱ្យប្រុង​ប្រយ័ត្ន​ ២២,០០​ ម៉ែត្រ។ នៅខេត្ត​កំពង់​ចាម ទឹក​នឹង​អាច​ឡើង​ដល់​កម្ពស់ ១៤,៣០​​ ម៉ែត្រ កៀក​នឹង​កម្ពស់​ប្រកាស​ឱ្យប្រុង​ប្រយ័ត្ន ១៥,២០ ម៉ែត្រ ខណៈ​នៅស្ថានីយ​ជល​សាស្ត្រ​ភ្នំពេញចតុ​មុខ ទឹក​អាច​ឡើង​ដល់​កម្ពស់ ៩,៤០ ម៉ែត្រ កៀក​នឹង​កម្ពស់​ឱ្យ​ប្រុង​ប្រយ័ត្ន​ ១០,៥០​ ម៉ែត្រ​។

ក្រសួង​បាន​គូស​បញ្ជាក់​ថា៖ «ថ្វីបើ​ទឹក​ទន្លេ ដែល​ហក់ឡើង​នាពេល​នេះ នៅមិន​ទាន់ដល់​កម្រិត​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន តែទឹក​អាច​នឹង​ហូរ​ចូល​លិច​តំបន់​ទំនាប​មួយ​ចំនួន អមតាម​ដងទន្លេ និង​បន្តហូរ​ចូល​តាម​បណ្តា​ព្រែក​បន្ថែម​ទៀត។ ជាពិសេ​ស នៅតំបន់​ភាគឦ​សាន ទឹក​ទន្លេ​សេកុង​កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹក​ជំនន់​»។

ដោយ​ឡែក​នៅឯ​ខេត្តបាត់​ដំបង ជំនន់​ទឹក​ភ្លៀង​កំពុងជន់​លិច និងប៉ះ​ពាល់​ផល​ដំណាំ និងជីវ​ភាពរស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ ​នៅក្នុង​​ស្រុក​ចំនួន ​៣ រួមមាន​ស្រុកភ្នំ​ព្រឹក ស្រុក​សំពៅ​លូន និងស្រុក​កំរៀង។ ទន្ទឹម​នឹង​នេះ ផ្លូវលំ​ជនបទ​ជាច្រើន​កន្លែង ត្រូវ​បាន​ទឹកជន់​លិច​និង​កាត់​ផ្ដាច់ការ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់ ជា​បណ្ដោះ​អាសន្ន ខណៈ​សាលារៀន ​ជាច្រើន​កន្លែង​ត្រូវបាន​ទឹក​ជន់លិច​ ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ការសិក្សា​របស់​សិស្ស​រាប់ពាន់​នាក់​។ នេះ​បើយោង​តាម​របាយ​ការណ៍​បឋម​របស់​រដ្ឋបាល​ខេត្តបាត់​ដំបង ដែល ​ភ្នំពេញ​ ប៉ុស្តិ៍ ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែ​កញ្ញា ឆ្នាំ​ ២០២២។

លោក សុខ លូ អភិបាល​ខេត្ត​បាត់​ដំបង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖« នៅ​ពេល​នេះ អាជ្ញាធរ​យើង កំពុង​ចុះ​សួរ​សុខ​ទុក្ខ និង​ផ្ដល់​អំណោយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​រង​គ្រោះ​នៅក្នុង​មូល​ដ្ឋាន​ដែល​កំពុង​ជួប​ប្រឈម​គ្រោះជំនន់​ទឹក​ភ្លៀង​ និង​ជួយ​អន្តរាគមន៍​ដឹក​អ្នក​ភូមិ​មួយ​ចំនួន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​»។

បើតាម​លោក សុខ លូ ជំនន់​ទឹក​ភ្លៀង​ ដែល​កំពុង​ជន់លិច​លំនៅ​ឋាន​ពលរដ្ឋ​នៅក្នុ​ងស្រុក​ទាំង៣​ជាប់ព្រំដែន​ថៃ ខាង​លើនេះ​ គឺបណ្ដាល​មក​ពី ឥទ្ធិពល​នៃ​ព្យុះ ណូរុ ដែល​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ផ្នែក​ខាង​លើ។

ទោះ​យ៉ាង​ណា លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ គឺ «មិនធ្ងន់​ធ្ងរ» នោះទេ​។ ដោយ​ភ្ជាប់​ហានិ​ភ័យ​នៃ​និន្នាការ​ប្រែប្រួល​អាកាស​ធាតុ​ជាសកល​ លោក​នាយករដ្ឋ​មន្ត្រី បាន​លើក​ឡើង​ថា ប្រទេស​ប៉ាគី​ស្ថាន បាន​ជួប​ប្រឈម​គ្រោះមហន្តរាយ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ជាង​គេ​​​នៅក្នុង​ឆ្នាំនេះ ហើយកាល​ពី​ពេល​ថ្មីៗ​នេះ ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជាច្រើន​ដល់​រដ្ឋាភិបាល​នៃប្រទេស​ប៉ាគីស្ថាន ដើម្បី​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​ប្រជាជន​ប៉ាគី​ស្ថាន ដែល​កំពុង​ជួប​ប្រឈម​ខ្វះស្បៀង​អាហារ៕