
លោក ហ៊ុន សែន ថ្លែងនៅក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី ២៩ កញ្ញា។ រូបថត Sar Kheng page
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭកដាស់តឿនដល់គណៈប្រតិភូកម្ពុជា ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សូមធ្វើឱ្យបានត្រឹមត្រូវ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ព្រោះកន្លងមកមានគណៈប្រតិភូកម្ពុជាមួយចំនួនបានឆ្លៀតនាំមនុស្សទៅជាមួយខ្លួន តែមនុស្សទាំងនោះមិនព្រមវិលត្រឡប់មកវិញ ហើយនាំឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មដល់ប្រធានគណៈប្រតិភូមិនឱ្យចូលទឹកដីអាមេរិកផងដែរ។
ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ លោកថ្លែងថា៖ «ខ្លះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ។ ឧទាហរណ៍ចេញទៅសហរដ្ឋអាមេរិកដោយមានទិដ្ឋាការត្រឹមត្រូវ ប៉ុន្តែគណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយ ដែលមនុស្សទាំងនោះទៅដល់អាមេរិកហើយ អត់ព្រមត្រឡប់មកវិញ»។
លោក ហ៊ុន សែន បន្ថែមថា៖ «ហ្នឹង ក៏សូមរំឭកដាស់តឿនចំពោះមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ឬក៏អ្នកវិនិយោគិនទាំងឡាយ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមរិក សូមធ្វើឱ្យបានត្រឹមត្រូវ។ ខ្លះថា សុំទៅជាមួយ ទៅហើយវាមិនមកវិញ ដល់អ៊ីចឹងអាមេរិក មិនមែនដាក់ទណ្ឌកម្មត្រឹមតែអ្នកដែលទៅស្នាក់នៅខុសច្បាប់នៅអាមរិកទេ ដាក់ទាំងប្រធានគណៈប្រតិភូហ្នឹងតែម្តង ដែលថ្ងៃក្រោយលែងចូលអាមរិកបាន។ អ៊ីចឹង គ្រាន់តែផ្តាំទេដើម្បីរក្សានូវភាពថ្លៃថ្នូររបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសដទៃ»។
លោកលើកឡើងថា គណៈប្រតិភូកម្ពុជាមួយចំនួនមិនមែនត្រឹមតែនាំមនុស្សដទៃទៅជាមួយខ្លួនទៅកាន់តែសហរដ្ឋអាមរិកនោះទេ ប៉ុន្តែក៏នាំមនុស្សដទៃទៅជាមួយខ្លួនទៅកាន់បារាំងនិងអឺរ៉ុបផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមិនមានព័ត៌មានថា តើមានគណៈប្រតិភូកម្ពុជាណាដែលធ្លាប់ទៅកាន់សហរដ្ឋអាមេរិកហើយបាននាំអ្នកផ្សេងទៅជាមួយខ្លួនហើយមិនបានត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ។
ទោះយ៉ាងណាក្តី លោកឯកភាពចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហើយបើសិនជារឿងនេះ មានពិតមែនគឺវាប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅដល់កេរ្តិ៍ឈ្មោះ និងកិត្តិយលរបស់ប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្សតែម្តង។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានជាកន្លងមក យើងឃើញមានទណ្ឌកម្មដល់គណៈប្រតិភូមិនឱ្យចូលទឹកដីសហរដ្ឋអាមេរិកជាដើម។ វាជាទង្វើមួយដែលមិនគួរកើតមាន ដែលវាប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសកេរ្តិ៍ឈ្មោះនិងមុខមាត់កម្ពុជាក្រោមក្រសែភ្នែករបស់សហរដ្ឋអាមេរិក»។
លោក គិន ភា បន្តថា គណៈប្រតិភូកម្ពុជា ដែលមានភារកិច្ចទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកគួរតែរក្សានូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ ដោយចៀសវាងនូវអំពើបែបនេះដែលអាចចាត់ទុកថា ជាការជួញដូរមនុស្សហើយវាធ្វើឱ្យកម្ពុជាត្រូវបានគេដាក់ចំណាត់ថ្នាក់មិនល្អពាក់ព័ន្ធជាមួយនឹងបញ្ហាការជួញដូរមនុស្សនេះ។
កាលពីខែឧសភា លោក ហ៊ុន សែន បានសម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិកដែលបន្តដាក់ទណ្ឌកម្មទិដ្ឋាការមកលើមន្ត្រីក្រសួងការបរទេសកម្ពុជា ចំពោះការចោទប្រកាន់ថា បដិសេធ ឬពន្យារពេលដោយគ្មានហេតុផលសមស្របចំពោះការអនុវត្តកិច្ចព្រមព្រៀងទទួលយកពលរដ្ឋខ្លួន ដែលអាមេរិក បញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ បើទោះបីជាកម្ពុជាបានអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងនេះក៏ដោយ។
សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ បានផ្អាកចេញទិដ្ឋាការប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ ដែលជាវិធានការឆ្លើយតបពាក់ព័ន្ធនឹងការដែលកម្ពុជា មិនព្រមទទួលយកពលរដ្ឋរបស់ខ្លួនពីអាមេរិកត្រឡប់មកវិញ៕