
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ រូបថត ភ្នំពេញប៉ុស្តិ៍
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំដែលមានរៀបចំការបោះឆ្នោតជាសកល ដែល គជប មានសិទ្ធិសម្រេចកាលបរិច្ឆេទផ្សេងពីនេះ។
ជាក់ស្តែង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នេះ គឺសម្រាប់រៀបចំបញ្ជីបោះឆ្នោតបម្រើឱ្យការបោះឆ្នោតជាសកល ដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ ដូចនេះ គជប បានកំណត់កាលបរិច្ឆេទចាប់ផ្តើមពីថ្ងៃទី ២០ តុលា ឆ្នាំ ២០២២ និងបញ្ចប់នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គឺមានរយៈពេល ៥០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។
ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន ហេតុនេះហើយទើប គជប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប បានផ្តល់កិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ជុំវិញបញ្ហានេះដែលមានខ្លឹមសារដូចតទៅ៖
តើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានសារៈសំខាន់យ៉ាងណា?
យោងទៅតាមច្បាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺត្រូវធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត។ បញ្ជីបោះឆ្នោត ឆ្នាំ ២០២២ នឹងត្រូវប្រើប្រាស់សម្រាប់បោះឆ្នោត ឆ្នាំ ២០២៣ ដែលជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ដូច្នេះ វា សារៈសំខាន់ និងភាពចាំបាច់ដែលត្រូវតែធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនេះ ព្រោះជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែមានការប្រែប្រួលលើប្រជាសាស្ត្រ និងការប្រែប្រួលចំពោះបញ្ហាមួយចំនួនទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលផងដែរ។ ឧទាហរណ៍ថា ឆ្នាំមុន មនុស្សទើបតែអាយុ ១៧ ឆ្នាំ ហើយមកដល់ឆ្នាំនេះ ពួកគាត់មានអាយុ ១៨ ឆ្នាំដែលហេតុផលនេះ គជប ត្រូវតែចុះឈ្មោះពួកគាត់ចូលទៅក្នុងបញ្ជីបោះឆ្នោត។
មួយវិញទៀត អ្នកដែលទទួលមរណភាព ក៏ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ជាពិសេសនោះ ប្រជាពលរដ្ឋមួយចំនួន ក៏បានផ្លាស់ប្តូរលំនៅពីតំបន់ ១ ទៅតំបន់ ១ ទៀត ពីឃុំសង្កាត់ ១ ទៅឃុំសង្កាត់ ១ ទៀត និងពីខេត្ត ១ ទៅខេត្ត ១ ទៀត ដែលនេះ ក៏ត្រូវចុះបញ្ជីថ្មី ហើយលុបចេញពីបញ្ជីចាស់។ ចំពោះអ្នកដែលមានឈ្មោះរួចហើយ ក៏ប៉ុន្តែត្រូវបានច្បាប់ផ្តន្ទាទោស និងមិនអនុញ្ញាតចូលរួមសកម្មភាពនយោបាយ គជប មានតួនាទីអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់។ ដូច្នេះ បានជា គជប ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ហើយនេះ ក៏ជាការទទួលខុសត្រូវ និងចាត់ចែងរបស់ គជប ផងដែរ។
មកដល់ពេលនេះតើ គជប បានត្រៀមខ្លួនរួចហើយឬនៅសម្រាប់ដំណើរការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតនេះ?
យើងកំពុងតែរៀបចំនូវគ្រប់ដំណាក់ទាំង ៤ រួមមាន ដំណាក់កាលរៀបចំបញ្ជីបោះឆ្នោត ដំណាក់កាលចុះ ឈ្មោះ គណបក្សនយោបាយ និងឃោសនាបោះឆ្នោត ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងដំណាក់កាលប្រកាសលទ្ធផលបោះឆ្នោត។ដំណាក់កាលទាំង ៤ នេះគឺ គជប ត្រូវតែធានា និងរៀបចំឱ្យបានល្អបំផុត។ ដោយឡែក ដំណាក់កាលទី១ គជប កំពុងរៀបចំបញ្ជីបោះឆ្នោត ឆ្ពោះទៅរកការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយបានរៀបចំក្រុមចុះឈ្មោះ និងពិនិត្យបញ្ជីបោះឆ្នោតនៅតាមឃុំសង្កាត់។
ក្រុមចុះឈ្មោះនៅតាមឃុំសង្កាត់គឺ គជប ជ្រើសរើសប្រមាណជាង ៣ ០០០ នាក់ បន្ទាប់ពីការជ្រើសរើសរួចហើយ គជប នឹងធ្វើការបណ្តុះបណ្តាល ឱ្យមន្ត្រីទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឱ្យ គជប ទទួលបានមកវិញនូវបញ្ជីបោះឆ្នោត ១ ដែលមានសុក្រឹត និងល្អបំផុត សម្រាប់បម្រើឱ្យការបោះឆ្នោតឆ្នាំ ២០២៣។
តើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេលប៉ុន្មានដែរ?
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ៥០ ថ្ងៃនៅក្នុងឆ្នាំ ២០២២ នេះ គឺចាប់ពីថ្ងៃទី ២០ ខែតុលា រហូតទៅដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ដោយឡែក លក្ខខណ្ឌ សម្រាប់ពលរដ្ឋដែលស្នើសុំចុះឈ្មោះបោះឆ្នោតគឺត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជាឯកសារសំខាន់តែមួយគត់ ដែលប្រជាពលរដ្ឋ ត្រូវតែយកទៅស្នើសុំ និងបង្ហាញទៅក្រុមចុះឈ្មោះបោះឆ្នោត និងស្នើសុំចុះឈ្មោះបោះឆ្នោត។
ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋខ្មែរដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមិនមានសុពលភាពទេ ប្រជាពលរដ្ឋ អាចទៅស្នើសុំនៅសាលាឃុំសង្កាត់ជាមុនសិន ដើម្បីបញ្ជាក់លើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ ២០២២ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោត។
តើ គជប គ្រោងចុះឈ្មោះប្រជាពលរដ្ឋចំនួនប៉ុន្មាននាក់ នៅឆ្នាំ ២០២២ នេះ?
គជប កំពុងសហការជាមួយនឹងសមត្ថកិច្ចនៅគ្រប់ឃុំ សង្កាត់ដើម្បីប្រមូលព័ត៌មាន ពិសេសតួលេខថ្មី សម្រាប់អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងតួលេខចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ គជប ចុះឈ្មោះថ្មី ចន្លោះពី ២០ ម៉ឺន ទៅ ៣០ ម៉ឺននាក់។ យ៉ាងណា ដោយសារការបោះឆ្នោតឆ្នាំ ២០២២ នេះ គឺជាការបោះឆ្នោតថ្នាក់ជាតិ នឹងធ្វើឱ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត។
បើមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ តើពលរដ្ឋអាចទៅបោះឆ្នោតឆ្នាំ ២០២៣ បានដែរឬទេ?
ប្រជាពលរដ្ឋដែលមិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ នេះទេ គឺមិនអាចទៅចូលរួមបោះឆ្នោត ឆ្នាំ ២០២៣ បានទេ។ លុះត្រាតែមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ នេះ ទើបអាចទៅចូលរួមបោះឆ្នោតឆ្នាំ ២០២៣ បាន ពីព្រោះការបោះឆ្នោតនេះ ត្រូវអនុលោមទៅតាមច្បាប់ជាធរមាន ។ ច្បាប់ចែងថា ដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើង និងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត៕