ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​បង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ដូច​ភ្លៀងរលឹម និង​កុំ​ចាំបាច់​ដល់​មាន​ការ​បញ្ជា​ពី​ថ្នាក់លើ ខណៈ​រដ្ឋបាល​រាជធានី​-​ភ្នំពេញ បាន​បង្កើត​ក្រុម​ការងារ​ត្រួតពិនិត្យ​កន្លែង​បញ្ចាំ​ខុសច្បាប់ ដើម្បី​ធានា​ដល់​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។

ថ្លែង​ក្នុង​ «​វេទិកា​ជាតិ​អន្តរសាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី ​៦» នៅ​ថ្ងៃទី​ ២៩ កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ នៅពេល​ប្រទេស​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ សង្កេត​ឃើញ​ថា ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន និង​អំពើ​ខុសច្បាប់​ដទៃទៀត មាន​ការកើនឡើង​គួរឱ្យ​ចាប់​អារម្មណ៍ ជាពិសេស​ល្បែងស៊ីសង​មាន​ការ​កើតឡើង​ច្រើនណាស់​។

លោក​ថា​៖ «​បន្ទាប់ពី​ខ្ញុំ​ចេញ​សារ​សំឡេង ក្នុង​ ១ ​ថ្ងៃ ខេត្ត​កណ្តាល​ ១ រកឃើញ​ជាង ៧០០ ​កន្លែង នៅ​ភ្នំពេញ​ជាង ​១ ​ពាន់​កន្លែង​។ ចុះបើ​ល្បែង​ស៊ីសង​ម្លឹងៗ វា​ទាក់ទង​នឹង​បញ្ហា​ភូមិ​ឃុំ មាន​សុវត្ថិភាព ដែល​យើង​បាន​ដាក់​អនុវត្ត​ច្រើន​ឆ្នាំ​ហើយ​។ កន្លែង​ល្បែង​ស៊ីសង វា​មិន​ដែល​កើត​នៅលើ​មេឃ​ទេ កើត​នៅលើ​ដី​។ ដី​នៅតាម​ភូមិ ឃុំ ស្រុក ខេត្ត​របស់​លោក​ឯង បញ្ហា​ស្ថិត​នៅត្រង់​យើង​ធ្វើ ឬ​មិន​ធ្វើ​»​។

លោក​ថ្លែងថា​៖ «​កុំ​ចាំបាច់​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្រែក ឬ​កុំ​ចាំបាច់​ដល់​នាយករដ្ឋមន្ត្រី​ស្រែក ចាំ​ធ្វើ នាំគ្នា​ធ្វើឱ្យ​ដូច​ភ្លៀងរលឹម​។ កន្លែង​ខ្លះ​ជា​កន្លែង​ផឹក​កាហ្វេ​សោះ ក៏ប៉ុន្តែ​ក្លាយ​ទៅជា​កន្លែង​ភ្នាល់​អនឡាញ ប្រណាំង​សេះ ទាត់​បាល់ ពេញ​ទឹក​ពេញ​ដី​ទាំងអស់​»​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​ទាំងអស់​គ្នា​ត្រូវធ្វើ​មិនមែន​តែ​បញ្ហា​ជួញដូរ​តែ​ ១​ មុខ​ទេ ដូចជា​បញ្ហា​ល្បែង​ស៊ីសង អំពើ​ទុច្ចរិត​នានា ត្រួតពិនិត្យ​ទីតាំង​ខុសច្បាប់ ជាពិសេស​ល្បែងស៊ីសង និង​ល្បែង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ខុសច្បាប់​។

អ្វីដែល​លោក​ ហ៊ុន សែន កត់សម្គាល់ ល្បែង​ខុសច្បាប់​ទាំង​នោះ គឺ​ការលេង​កន្ទុយលេខ ដូច្នេះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការលេង​កន្ទុយ​លេខ ហើយ​ជំរុញ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​មេខ្លោង​កន្ទុយ​លេខ​ឱ្យបាន​។ លោក​ថា អ្នកទិញ​កន្ទុយ​លេខ មិនមែន​ជា​គោលដៅ​ត្រូវ​បង្ក្រាប​ទេ ត្រូវ​អប់រំ​គេ ឱ្យ​ឈប់​លេង ប៉ុន្តែ​អ្នកដើរ​លក់​កន្ទុយលេខ អ្នកនោះ​ហើយ​ជា​គោលដៅ​ដែល​ត្រូវ​យក​មក​អនុវត្ត​ផ្លូវច្បាប់ បើសិន​ជា​គេ​មិន​រាងចាល​។

លោក​ថ្លែងថា​៖ «​ប្រទេស​ច្រើនណាស់​ហាម​លេង​កន្ទុយលេខ តែ​យើង​ជក់​លេង​កន្ទុយលេខ​នេះ​តែម្តង​។ បើ​ទិញ​ឆ្នោត​មិន​អស់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែលជា​គ្រោះថ្នាក់ គឺ​កន្ទុយលេខ​។ វិធី​ទប់ មាន​តែ​សំណូមពរ​ប្រជាពលរដ្ឋ កុំ​លេងឆ្នោត​តទៅទៀត ទុក​លុយ​ឱ្យ​កូន​ទៅ​រៀន ទិញ​សៀវភៅ​ឱ្យ​កូន​»​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ល្បែង​មិន​នាំមក​ជោគជ័យ​ណាមួយ​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​នោះទេ ហើយ​ផ្នែក​ខាង​សមត្ថកិច្ច​របស់​យើង​ត្រូវ​យកចិត្ត​ទុកដាក់ វាយ​ឱ្យចំ​មេខ្លោង ចំពួក​មេ​កន្ទុយលេខ​»​។

ជាង​នេះទៀត លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ម្ចាស់​ឆ្នោត​ស្របច្បាប់​ទាំងឡាយ ហាម​បង្កប់​លេង​កន្ទុយលេខ បើ​ពុំ​នោះ​ទេ ប្រឈម​នឹង​ការបិទ​ទាំងស្រុង​។

ជាមួយ​គ្នា​នេះ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី​ ២៨ កញ្ញា សម្រេច​បន្ថែម​សមាសភាព​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ចំនួន​ ២ ​រូប​ទៀត​លើ​ក្រុម​ការងារ ដែលមាន​ស្រាប់​ចំនួន​ ១២ ​រូប​សម្រាប់​រៀបចំ​ផែនការ វិធានការ និង​គោលការណ៍​ណែនាំ ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​អនុវត្ត​បង្ក្រាប​រាល់​ការលេង​ល្បែង​ខុសច្បាប់​។ លោក​ កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ជា​អនុប្រធាន និង​លោក​ សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​អនុប្រធាន​។

ដោយឡែក រដ្ឋបាល​រាជធានី-​ភ្នំពេញ ក៏បាន​បង្កើត​ក្រុម​ការងារ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន​ខ្ចីប្រាក់​ដោយ​ដាក់​របស់​ធានា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​សមាសភាព​ ២២ ​រូប​។ សមាសភាព​ទាំងនោះ អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួង ស្រេង ជា​ប្រធាន អភិបាលរង​រាជធានី-​ភ្នំពេញ លោក​ ឃ្លាំង ហួត អនុប្រធាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត អនុប្រធាន​អចិន្រៃ្តយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង អនុប្រធាន និង​មាន​សមាជិក​ជាច្រើនរូប​ទៀត​។

សម្រាប់​ក្រុមការងារ​ទាំងអស់​ត្រូវ​មាន​តួនាទី និង​ភារកិច្ច ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​សិន​ចំពោះ​ទីតាំង ដែល​មាន​លិខិត​អនុញ្ញាត ឬ​ពុំមាន​លិខិត​អនុញ្ញាត ឬ​ទីតាំង​ដែល​មិនមាន​លក្ខណៈ​សមស្រប​តាម​លក្ខខណ្ឌ​ដែល​ក្រុម​ការងារ​បានកំណត់​។

ក្រុម​ការងារ​ត្រូវ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ហិរញ្ញវត្ថុ ហើយ​ពុំទាន់​មាន​លិខិត​អនុញ្ញាត​ទីតាំង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​មកសុំ​លិខិត​អនុញ្ញាត​ទីតាំង ដើម្បី​ក្រុម​ការងារ​ចុះ​ពិនិត្យ​មុននឹង​ផ្ដល់​លិខិត​អនុញ្ញាត​ទីតាំង​ជូន​។

ត្រូវ​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ និង​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ដែល​ទទួល​ទិញ​-​លក់ ឬ​ទទួល​បញ្ចាំ​ទ្រព្យសម្បត្តិ​ទាំងឡាយ ដែល​បាន​ពី​បទល្មើស​ផ្សេងៗ ឬ​ពុំមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ត្រឹមត្រូវ​។

ក្នុង​សេចក្តី​សម្រេច​បញ្ជាក់ថា​៖ «​ក្នុង​ករណី​ទីតាំង​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រូវ​ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​អាជីវកម្ម រឹបអូស និង​ដកហូត​សម្ភារ ដែល​ពាក់ព័ន្ធ​នឹង​ការទទួល​បញ្ចាំ​ជាបន្ទាន់​។ ករណី​ធ្ងន់ធ្ងរ​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ អនុវត្ត​ភារកិច្ច​ផ្សេងទៀត​តាម​ការចាំបាច់​»៕