ភ្នំពេញៈ កម្ពុជា​កំពុង​ពិចារណា​សម្រួល​លក្ខខណ្ឌ​បន្ថែម​ទៀត​ទាក់ទង​នឹង​ជំងឺ​កូវីដ ​១៩ ​ខណៈ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ពី​មេរោគ​កូវីដ ​១៩ ​ក្នុង​ប្រទេស​មាន​ភាព​ធូរស្រាល​ និង​ល្អប្រសើរ​ច្រើន ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​ផងដែរ​។

គម្រោង​នៃ​ការដក​បម្រាម​ទាំងនេះ ត្រូវ​បាន​លើកឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​ ២៩ ខែកញ្ញា ក្នុង​ឱកាស​ដែល​លោក​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពេល​ប្រារព្ធ​វេទិកា​អន្តរសាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​លើក​ទី ​៦ ក្រោម​ប្រធានបទ ​«​សូមកុំ​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​» ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ (OCIC)​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា​៖ «​ពិតមែន​ហើយ ខ្ញុំ​កំពុង​តែ​ដាក់ឱ្យ​ក្រសួង​សុខាភិបាល​ធ្វើការ​ប្រជុំ​បច្ចេកទេស​ដោយ​ចង់​ឱ្យ​មាន​ការដកចេញ​នូវ​​បម្រាម​បន្ថែមទៀត ដែល​ឥឡូវ​​នេះ​យើង​តម្រូវការ​នូវ​កាត​វ៉ាក់សាំង ហើយនឹង​តម្រូវការ​វិញ្ញាបនបត្រ​ពិនិត្យ​សុខភាព តែ​ខ្ញុំ​គិត គួរតែ​លើកលែង​ទៅ​»​។

ការណែនាំ​ឱ្យ​មាន​ការដក​បម្រាម​​នូវ​កាត​ចាក់​វ៉ាក់សាំង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​មិន​មាន​អ្នកណា​ស្នើ​ ឬ​ទាមទារ​ឱ្យ​លោក​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ឡើយ​។

លោក ហ៊ុន សែន បាន​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ដាក់​កាត​វ៉ាក់សាំង​នៅក្នុង​ហោប៉ៅ​ពេល​ខ្ញុំ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ តែ​មិន​មាន​ការសួររក​កាត​ចាក់​វ៉ាក់សាំង​ទេ ហើយក៏​មិនមែន​ដោយសារ​តែ​យើង​ជា​ភ្ញៀវ​សំខាន់​ទេ (VIP) ដែល​ខុសពី​លើក​មុន​ដែល​ត្រូវការ​ធ្វើតេស្ត​រក​កូវីដ​ ១៩​ មុន​នឹង​ចូលប្រជុំ​នានា​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​កាត​ចាក់​វ៉ាក់សាំង​អាច​ប្រើប្រាស់​រយៈពេល​មួយ ប៉ុន្តែ​បើ​ពេលនេះ​វា​មិនមាន​ការចាំបាច់ គឺ​មិនបាច់​ប្រើ​ទេ​។ ​នៅពេល​អ្នកដំណើរ​មក​ដល់​ឱ្យ​គាត់​ទៅៗ ហើយ​ប្រសិនបើ​គាត់​មិន​ស្រួលខ្លួន គាត់​អាច​ធ្វើតេស្ត​ដោយ​ខ្លួនឯង​ ឬ​ពួកគាត់​​មករក​យើង យើង​ធ្វើ​តេស្ត​ឱ្យ​គាត់​ទៅ ហើយ​បើ​ឈឺ​ក៏​ព្យាបាល​​ជូន​ពួកគាត់​ទៅ​»​។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​​បាន​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ តាមរយៈ​វិធានការ​សុខាភិបាល​ ៣ ​ការពារ​ និង​ ៣ ​កុំ និង​ការទទួល​យក​វ៉ាក់សាំង​កូវីដ​ ១៩​។

ជាមួយ​គ្នានេះ​លោក​ក៏បាន​អរគុណ​ចំពោះ​មិត្តភក្តិ​អន្តរជាតិ​ ដែល​បាន​ផ្តល់ និង​លក់​វ៉ាក់សាំង​មក​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ចាក់​ជូន​ពលរដ្ឋ​កម្ពុជា​ផងដែរ ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល ៣ ​កុំ និង​ ៣ ​ការពារ​ជាប្រចាំ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួល​បាន​ដូស​ទី​ ៣ ​ត្រូវ​​មក​ទទួល​យក​ការចាក់​ដូស​ទី​ ៣ ​ដែល​នេះ​គឺជា​ការ​ខ្វល់ខ្វាយ​មួយ​​ ខណៈ​ពេល​ដែល​ពលរដ្ឋ​មួយចំនួន​បាន​ទទួល​ដល់​ដូស​ទី​ ៥​ រួចហើយ ដែល​អ្នកខ្លះ​មិន​ទាន់​មក​ទទួល​យក​ដូស​ទី​ ៣​ ផង​»​។

មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​មិន​មកចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ [​ដូស​ទី​ ៣] ត្រូវ​​បាន​លោក ហ៊ុន សែន លើកឡើង​ថា នេះ​ប្រហែល​ជា​ពួកគាត់​​យល់ឃើញថា ពួកគាត់​ចាក់​បាន​ ២ ​ដូស​ហើយ ហើយ​មិនមាន​ករណី​ឆ្លង​ច្រើន និង​ស្លាប់​ទៀត ទើប​បាន​ជា​ពួកគាត់​មិន​ចាក់​​ដូស​ទី​ ៣ តែ​នេះ​គឺជា​បញ្ហា​។ ​បើ​​ទោះបីជា​មកទល់​ពេលនេះ មាន​អ្នកជំងឺ​តែ​ ១០ ​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯ​អ្នក​ឆ្លង​ដទៃទៀត​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​។ ​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ហ៊ុន សែន​។

លោក​បាន​បន្តថា៖ «​ប្រសិនបើ​មាន​ការ​ប្រែប្រួល​ដែលមាន​ប្រភេទ​កូវីដ​ថ្មី​កើតឡើង​ថែមទៀត នោះ​ធ្វើ​ឱ្យ​យើង​ជួប​ការលំបាក​។ ​អ៊ីចឹង​ទេ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​។ ​សូមកុំ​ប្រហែស​ឱ្យសោះ​ដោយសារ​កូវីដ​មិនទាន់​ទៅណា​ឆ្ងាយ​នោះទេ​។ យើង​អាច​ភ្លេច​កូវីដ តែ​កូវីដ​មិន​ភ្លេច​យើង​នោះទេ​»​។

សូម​រំឭក​ផងដែរ​ថា កាលពី​ខែ​មីនា ឆ្នាំ​ ២០២២ ក្រសួង​សុខាភិបាល​ធ្លាប់​បានចេញ​សេចក្តី​ប្រកាស​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន​ចំពោះ​អ្នកដំណើរ​មកពី​បរទេស​ដោយ​បាន​លុបចោល​លក្ខខណ្ឌ​តម្រូវ​ឱ្យ​បង្ហាញ​លទ្ធផល​តេស្ត PCR អវិជ្ជមាន ក្នុង​រយៈពេល​ ៧២ ​ម៉ោង មុនពេល​មកដល់​កម្ពុជា​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹង​នាពេលនោះ​ថា ក្រសួង​សម្រេច​លុបចោល​ការតម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​ នៅពេល​មកដល់​កម្ពុជា​ និង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ការផ្តល់​ទិដ្ឋាការ​ពេល​មក​ដល់​ (Visa on Arrival) ​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់ ទាំង​តាម​ផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖ «​ទោះបី​មាន​ការលុបចោល​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​ ១ និង​ទី ​២​ ខាងលើនេះ​ក៏ដោយ ក្រសួង​សុខាភិបាល​សូម​លើក​ទឹកចិត្ត​ដល់​អ្នកដំណើរ​ទាំងអស់​គប្បី​ធ្វើ​តេស្ត​រហ័ស​ខ្លួនឯង​»​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពីថ្ងៃ​ទី​ ១៥ ខែកញ្ញា​ថា មកទល់​​ពេលនេះ​មេរោគ​កូវីដ​ ១៩ ​បាន​​បំប្លែង​ខ្លួន​រហូត​ដល់​ចន្លោះ​ពី​ ៤០ ​ទៅ​ ៥០​ ប្រភេទ​ផ្សេងទៀត​។

លោកស្រី​ថា៖ «​មេរោគ​កូវីដ​ ១៩​ នេះ​ឆ្លាត​ណាស់​ដោយ​បាន​បំប្លែង​ខ្លួន​របស់​វារ​ហូត​ប្រមាណ​ជា​ ៤០ ​ទៅ ​៥០ ​ប្រភេទ​។ ​ខ្ញុំ​សុំ​ប្រើ​​ពាក្យ​ថា​មេរោគ​នេះ​បាន​បង្កើត​កូនបង្កើត​ចៅ​បាន​ច្រើន​ហើយ ដូចនេះ​យើង​ក៏ត្រូវ​តែ​បន្ត​នូវ​ការប្រុងប្រយ័ត្ន​...»​។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ​២៨ ខែ​កញ្ញា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ ​លាន​នាក់ មាន​ ៩៤,៩៦% អត្រា​អ្នក​ចាក់​ដូស​ទី ​៣ មាន​ជាង​ ១០ ​លាន​នាក់ ដូស​ទី​ ៤ មាន​ចំនួន​ជាង ​៥ ​លាន​នាក់ និង​​ដូស​ទី ​៥ មាន​ចំនួន​ជាង​ ៨៥ ​ម៉ឺន​នាក់​៕