សៀមរាបៈ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និង​កំពុង​ខិតខំ​រំដោះ​ទឹក​តាម​ទ្វារ​ទឹក ចេញ​ពី​តំបន់​ប្រាសាទ​មួយចំនួន ដើម្បី​បង្ការ​កុំឱ្យ​ជន់​លិច​ប្រាសាទ ខណៈ​រមណីយដ្ឋាន​អង្គរ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​កម្រិត​ខ្ពស់​មាន​ខ្យល់​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង បណ្តាល​ឱ្យមាន​ដើម​ឈើ​មួយ​ចំនួន​បាន​ដួលរលំ​ជា​បន្តបន្ទាប់។

​ឥទ្ធិពល​នៃ​ព្យុះ ណូ​រុ ពី​ប្រទេស​ហ្វីលីពីន បណ្ដាលឱ្យ​កម្ពុជា​រង​សម្ពាធ​ទាប និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ កញ្ញា មក។

​ការណ៍​នេះ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជាច្រើន​ដង និង​បណ្ដាលឱ្យ​ជន់​លិច​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប។​

​នៅ​រមណីយដ្ឋាន​អង្គរ ទឹកភ្លៀង​ច្រើនសន្ធឹក ត្រូវបាន​ប្រមូល​ទុក និង​ខ្លះ​ត្រូវបាន​រំដោះ​ចេញ ដោយសារ​បរិមាណ​ទឹក​ច្រើន​ហួស​កម្រិត។

​តាម​របាយការណ៍​សង្ខេប​ពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្រុម​ការងារ​បាន​រំដោះ​ទឹក នៅ​ប្រាសាទ​មួយ​ចំនួន​ដូចជា ប្រាសាទ​អង្គរវត្ត ព្រះខ័ន តាព្រហ្ម និង​បាយ័ន្ត​ជាដើម​។​ល​។ ដោយ​បញ្ចៀស​ទឹក​តាម​ប្រព័ន្ធ​ប្រឡាយ​បុរាណ​ទៅ​តាម​ស្ទឹង​នានា ដូចជា​ស្ទឹង​សៀមរាប ស្ទឹង​រលួស ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក ដើម្បី​កុំឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​តំបន់​ប្រាសាទ និង​ក្រុង​សៀមរាប។

​ក្រៅពី​ការងារ​ខាងលើនេះ ក្រុមការងារ​ក៏បាន​ប្រមូល​ទឹក​ដើម្បី​បំពេញ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បុរាណ ដើម្បី​ធានា​ដល់​តុល្យភាព​នៃ​ការ​ប្រើប្រាស់​ទឹក​ក្នុង​តំបន់​អង្គរ មាន​ដូចជា បារាយណ៍​ខាងលិច បារាយណ៍​ខាងជើង ក​សិន្ធុ​អង្គរធំ កសិន្ធុ​អង្គរវត្ត ស្រះស្រង់ រួម​នឹង​កសិន្ធ​ព្រះខ័ន​ជាដើម។ល។​

​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ បាន​បណ្តាលឱ្យ​ដី​នៅ​ក្នុង​តំបន់​អង្គរ មាន​ភាព​ទន់ជ្រាយ និង​ថែមទាំង​មាន​ខ្យល់​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង​ផង​នោះ បាន​បណ្តាល​ឱ្យមាន​ដើមឈើ​មួយ​ចំនួន​បាន​ដួលរលំ​ជា​បន្តបន្ទាប់ ព្រមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​ឆ្លងកាត់ និង​ចូលទៅ​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ។​

​ស្ថិតក្នុង​ស្ថានភាព​ប្រឈម អាជ្ញាធរ​ជាតិ​អប្សរា​សូម​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ដំណើរ​ចូលទៅ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ ជាពិសេស ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ដើមឈើ​ធំៗ កុំ​ជ្រក ឬ​ចត​យានយន្ត​ក្រោម​ដើមឈើ ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ៕