ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ អគ្គ​ស្នងការរង​នគរបាល​ជាតិ តំណាង​លោក នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃទី ២៩ កញ្ញា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ នៃ​រាជបណ្ឌិត្យ​សភា​នគរបាល​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​លោក ឧត្តម​សេនីយ៍​ឯក THATCHAI PITANEELABOOT ប្រធាន​រាជបណ្ឌិត្យ​សភា​នគរបាល​ភូមិន្ទ​ថៃ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ លោកឧត្តម​សេនីយ៍​ឯក ជា ពៅ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ធ្វើ​ការពិភាក្សា​ការងារ​ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ចំណង​មិត្តភាព​រវាង​កម្ពុជា-​ថៃ ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា។

​ក្នុងជំនួប​នេះ ភាគី​ទាំង ២ បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា នៃ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​រវាង​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ នាពេល​កន្លងមក ដែល​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស និង​ថែ​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ​អន្តរជាតិ ក្នុង​នាម​រដ្ឋ​ជិតខាង។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក THATCHAI PITANEELABOOT បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកនាយ​ឧត្តម​សេនីយ៍ នេត សាវឿន ដែល​បាន​ចាត់ លោក ឧត្តម​សេនីយ៍​ឯក ជា ពៅ ជា​តំណាង​ដើម្បី​ទទួល​ស្វាមគមន៍ និង​ពិភាក្សា​ការងារ​និង​ផ្លាស់ប្តូរ​បទពិសោធ​ការងារ៕