បន្ទាយ​មាន​ជ័​យៈ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី ១ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​យកចិត្ត​ទុកដាក់ តាមដាន​ឱ្យបាន​ជាប់​ជាប្រចាំ​អំពី​ស្ថានភាព​ទឹកជំនន់ ដើម្បី​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ខណៈ​ក្រុង ស្រុក​ចំនួន ៥ ក្នុង​ចំណោម ៩ នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់។​

​លោក​បាន​ថ្លែង​បែបនេះ​ក្នុងឱកាស ដែល​លោក​បាន​ដឹកនាំ​ក្រុម​ការងារ​មន្ត្រី​បច្ចេកទេស (​គជ​គម​) ថ្នាក់ជាតិ អមដំណើរ​ដោយ​លោក អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។​

​លោក​គន់ គីម បាន​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​នៅ​ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ គឺ​ស្ថានភាព​ទឹកបាន​ចាប់ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ ដោយសារ​ស្ថានភាព​ទឹក​មកពី​ផ្នែក​ខាងលើ គឺ​ខេត្ត​ឧត្តរ​មានជ័យ មាន​ភាព​ធូរស្រាល​ច្រើន ហើយ​ទឹកបាន​ចាប់ផ្តើម​មក​ជន់​លិច​ខេត្ត​បន្ទាយមានជ័យ ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​នៅក្នុង​ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ​នេះ។​

​នាឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ចុះសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​បាន​នាំយក​អំណោយ​សង្គ្រោះ​បន្ទាន់ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​ប៊ុន រ៉ានី ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ចាស់ជរា ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង ចំនួន ២៧៩ គ្រួសារ​ផងដែរ។​

​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បន្ទាយមានជ័យ បានឱ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​ល្ងាច ថ្ងៃទី ២៨ ខែ​កញ្ញា ស្ថានភាព​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើឱ្យ​ប៉ះពាល់​ចំនួន ៥ ក្រុង​/​ស្រុក ក្នុង​ចំណោម ៩ នៃ​ខេត្ត​ជាប់​ព្រំដែន​ថៃ ១ នេះ។​

​ក្នុងនោះ មាន ២៦ ឃុំ សង្កាត់ និង ១២៧ ភូមិ មានគ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នេះ សរុប​ចំនួន ៧ ៥៣៦ គ្រួសារ (​មនុស្ស​រាយ ៣៤ ១៧៨ នាក់​/​ស្រី ១៧ ៤៥២ នាក់​) , ជម្លៀស ៣១៨ គ្រួសារ (​មនុស្ស​រាយ ១ ១០០ នាក់ /​ស្រី ៥៦៤ នាក់​/​កុមារ ៨០ នាក់​) លង់ទឹក​ស្លាប់ ៧ នាក់ (​ស្រី ៣ នាក់​), ប៉ះពាល់​ស្រូវ ២៧ ៤២៣ ហិកតា​, ដំឡូង​មី ១ ០៣៥ ហិកតា​, ដំណាំ​រួមផ្សំ ១០៣ ហិកតា​, សត្វ​ពាហនៈ ២ ៥៩៥ ក្បាល​, សាលារៀន ៤១ ខ្នង វត្ត ១៦, មណ្ឌល​សុខភាព ៣ និង​ផ្លូវ ២៩៦ កន្លែង មាន​ប្រវែង ១៧៧ ៥០៦ ម៉ែត្រ៕