ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឱ្យដឹង​ថា​ក្នុង​ខែ​សីហា​ឆ្នាំ ២០២២ នេះ ក្រុម​ការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​មតិយោបល់​ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចំនួន ១៥៧ គណនី ហើយ ក្រុម​ការងារ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី និង​ដោះស្រាយ​ចំនួន ១០ គណនី។

​លោក ស ខេង បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ២៩ ខែកញ្ញា​ថា បូករួម​ទាំង​ករណី​សេស​សល់​កាល​ពី​ខែ​មុនៗ និង​ក្នុង​ខែ​សីហា គឺ​នៅមាន​ករណី​ចំនួន ៣១៣ ទៀត កំពុង​ស្ថិត​ក្នុងការ​ដោះស្រាយ​តាម​នីតិវិធី​ក្រុម​ការងារ និង​អង្គភាព​ជំនាញ​ចំណុះ​ក្រសួង​មហាផ្ទៃ​។ ដោយឡែក ក៏​នៅ​មាន​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះទៀត​ដែល​បងប្អូន​ជនរួមជាតិ​បាន​ផ្ញើមក ហើយ​ត្រូវបាន​ក្រុម​ការងារ​រកឃើញ​ថា​ករណី​ទាំងនោះ​ខុស​ពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​។ ក្រុម​ការងារ​ក៏បាន​ជូន​យោបល់​បង្វែរ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច។

​លោក​បន្តថា វឌ្ឍនភាព​ការងារ​នេះ អាច​សម្រេចបាន​ក៏ដោយ​សារ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​គ្នា​ដ៏ល្អ​រវាង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្រុម​ការងារ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​កោត​សរសើរ​មន្ត្រី​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា សំណូមពរ និង​សំណួរ​នានា​របស់​ប្រជាពលរដ្ឋ តាម​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ បក្ខពួក និង ផលប្រយោជន៍»។

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ទាំងអស់ គប្បី​បន្ត​ខិតខំ​ពន្លឿន​ការ​ដោះស្រាយ​ករណី​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​ប្រាកដ​ថា​ការ​ដោះស្រាយ​ទាំងអស់​នោះ​ត្រូវតែ​ដោះស្រាយ​ឱ្យបាន​ល្អ គ្រប់​ជ្រុងជ្រោយ ចំ​បញ្ហា និង​ចប់ចុង​ចប់ដើម ដោយ​មិន​គ្រាន់តែ​ធ្វើជា​លិខិត​ស្នាម​បញ្ជា​តាម​បែបបទ​រដ្ឋបាល។

​លោក​ក៏បាន​ថ្លែងអំណរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មក​កាន់​រូបលោក តាមរយៈ​ទំព័រ​ហ្វេសប៊ុក ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធ​តុលាការ ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​បងប្អូន និង​រួមគ្នា​អភិវឌ្ឍន៍​សង្គមជាតិ៕​