
អនុក្រឹត្យស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ។
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៨ ខែកញ្ញា បានចេញអនុក្រឹត្យស្តីពីតារាងប្រាក់ចំណូលជាប់ពន្ធថ្មី ដែលបង្ហាញថាអ្នកមានប្រាក់បៀវត្សចាប់ពី ១ លាន ៥ សែនរៀលចុះ ក្នុង ១ ខែ និងអ្នកមានប្រាក់ចំណូល ១៨ លានរៀលក្នុងមួយឆ្នាំនឹងត្រូវរួចពន្ធ។
យោងតាមតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៨ ខែកញ្ញា បានកំណត់ថា និយោជិតដែលមានប្រាក់បៀវត្សប្រចាំខែចាប់ពី ១ លាន ៥ សែន ១ រៀល ដល់ ២ លានរៀល ត្រូវជាប់ពន្ធ ៥% ហើយអ្នកដែលមានប្រាក់ខែចាប់ពី ២ លាន ១ រៀល ដល់ ៨ លាន ៥ សែនរៀលត្រូវជាប់ពន្ធ ១០%។
សម្រាប់អ្នកដែលមានប្រាក់ខែចាប់ពី ៨ លាន ៥ សែន ១ រៀល ដល់ ១២ លាន ៥ សែន ត្រូវជាប់ពន្ធ ១៥% និងអ្នកដែលមានប្រាក់ខែលើសពី ១២ លាន ៥ សែននឹងត្រូវជាប់ពន្ធ ២០%៕