
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» កាលពីថ្ងៃម្សិលមិញ។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសល្អឯកនោះទេ ប៉ុន្ដែសូមកុំឱ្យអ្នកដទៃឆ្លៀតឱកាសយកបញ្ហាការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មមកថា កម្ពុជាជាប្រទេសដ៏អាក្រក់បំផុតនៅលើលោក ខណៈចាប់ពីខែសីហា ដល់បច្ចុប្បន្ន កម្ពុជាបានសង្គ្រោះជនរងគ្រោះបាន ៣៦១ នាក់ ក្នុងនោះជនរងគ្រោះដោយអំពើជួញដូរ ៩ ករណីមានមនុស្ស ៥៤ នាក់ មាន ៦ សញ្ជាតិ។
លោក ហ៊ុន សែន ថ្លែងពេលអញ្ជើញជាអធិបតីប្រារព្ធវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ (OCIC) ថា ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនេះមិនមែនធ្វើតែ ១ ថ្ងៃ នៅថ្ងៃទី ២០ ខែសីហានោះទេ ប៉ុន្ដែគឺធ្វើនៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។
លោកថា ទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរឱ្យព្រួយបារម្ភ ហើយបាន និងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេគឺមាននៅទូទាំងសកលលោក។
លោកថ្លែងថា៖ «ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសយើងក៏គេអាចចាត់ទុកថា ជាប្រទេសដ៏អាក្រក់បំផុតនៅលើលោក។ ប៉ុន្ដែនិយាយយ៉ាងដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនចាត់ទុកកម្ពុជាជាប្រទេសល្អឯកនោះទេ តែសូមកុំឱ្យអ្នកដទៃទៀតឆ្លៀតប្រើឱកាសថា កម្ពុជាជាប្រទេសដ៏អាក្រក់បំផុតនៅលើលោក»។ លោកនាយករដ្ឋមន្រ្ដីបានវាយតម្លៃស្ថានភាពរួមនៅលើពិភពលោកទាក់ទងជាមួយនឹងបញ្ហាការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋកម្មដែលបានកើតឡើងគឺកើតចេញពីការធ្វើចំណាកស្រុក។
លោកថ្លែងថា៖ «មិនមានតែប្រទេសកម្ពុជាមួយទេ ដែលបាន និងកំពុងកើតឡើងនូវបញ្ហាទាំងនេះ។ យើងក្រឡេកមើលទៅសហរដ្ឋអាមេរិក និងតំបន់អាមេរិករហូតដល់អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ចង់ធ្វើរបងនៅរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក សំដៅដោះស្រាយអី គឺសំដៅដោះស្រាយកុំឱ្យមានមនុស្សរត់ពីបណ្ដាប្រទេសនៅបណ្ដាអាមេរិកខាងជើង និងប្រទេសដទៃទៀតនៅតំបន់នោះទៅកាន់សហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងជនប្រព្រឹត្តបទល្មើស ដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ពិសេសត្រូវត្រៀមបង្ការទប់ស្កាត់នូវរឿងអកុសលទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់។
លោកថ្លែងថា៖ «យើងក៏ត្រូវប្រើប្រាស់នូវកិច្ចសហប្រតិបត្តិការនូវគ្រប់តួអង្គទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងទាក់ទងជាមួយនឹងសកម្មភាពទាំងឡាយដែលខ្លួនបានឃើញ ហើយខ្លួនហ៊ានរាយការណ៍ឱ្យសមត្ថកិច្ច ដើម្បីទប់ស្កាត់កុំឱ្យកើតឡើងនូវរឿងអកុសល ដែលកើតឡើងចំពោះកូនចៅ សាច់ញាតិ របស់យើង ហើយធ្វើឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្ម»។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងក្នុងវេទិកានេះដែរថា វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដែលត្រូវបានធ្វើឡើង ៦ លើកកន្លងមកមានការចូលរួម ពីនិកាយនៃសាសនាធំៗចំនួន ៣ គឺព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប្រកបដោយឆន្ទៈ និងបានព្រមព្រៀងគ្នាស្វែងរកវិធីសាស្រ្ដដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយឱ្យប្រព្រឹត្តអំពើល្អ ចេះស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់មនុស្សជាតិ និងចេះជួយការពារគ្នាទៅវិញទៅមក មិនសាងបាបនឹងធ្វើឱ្យអ្នកដទៃឱ្យរងទុក្ខដោយសារខ្លួន។
ឆ្នាំនេះវេទិកាអន្តរសាសនាកម្ពុជាបានលើកយកប្រធានបទរួមមួយគឺ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលជាការអំពាវនាវផង និងប្រឆាំងផង ចំពោះរាល់សកម្មភាពទុច្ចរិត ដែលប្រព្រឹត្តក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើប្រជាជនកម្ពុជា ក៏ដូចជាទៅលើជនបរទេស ដែលអំពើដ៏សាហាវនេះបានបំផ្លាញទាំងធនធានមនុស្ស ទាំងកិត្តិយស ទាំងភាពសុខដុមរមនារបស់សង្គមជាតិ។
លោក ស ខេង បានឱ្យដឹងថា កន្លងមកមានប្រជាជនកម្ពុជាជាច្រើន ដែលបានធ្វើទេសន្តប្រវេសន៍ ស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយប្រថុយប្រថាន ក្នុងនោះមួយចំនួនត្រូវបានរងទុក្ខវេទនា ក្នុងទម្រង់ជាការងារបង្ខំ និងលំបាកយ៉ាប់យ៉ឺន មិនបានទទួលប្រាក់កម្រៃ ប្រាក់ឈ្នួលតាមកិច្ចសន្យា ហើយត្រូវបានគេជួញដូរ កេងប្រវ័ញ្ច និងប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។
លោកបន្តថា៖«គួរឱ្យសង្វេគជាងនេះទៅទៀតនោះមានពលរដ្ឋខ្លះបាត់ដំណឹង មិនបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ ខ្លះធ្លាក់ខ្លួនពិការ បាត់បង់កាយសម្បទា ឬបញ្ញាស្មារតី និងកំពុងស្ថិតក្នុងស្ថានភាពជាជនទេសន្តប្រវេសន៍ ដែលគ្មានឯកសារច្បាប់ត្រឹមត្រូវ ធ្វើឱ្យជនល្មើសងាយស្រួលធ្វើសកម្មភាពប្រើប្រាស់ដោយកេងប្រវ័ញ្ច និងរំលោភបំពាន ហើយមានខ្លះបានទទួលរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតថែមទៀតផង»។
លោកបញ្ជាក់ថា ក្នុងស្ថានភាពដ៏អាក្រក់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា មានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បានដាក់ចេញនូវផែនការលេខ ១៤៣/២២ ចុះកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ជាផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធ្វើឱ្យសម្រេចបានតាមគោលការណ៍សំខាន់ៗរបស់ខ្លួន។
លោកបានបន្តថា ដើម្បីធ្វើឱ្យផែនការប្រតិបត្តិការនេះ ទទួលបានជោគជ័យ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីបន្តការអនុវត្តប្រកបដោយប្រសិទ្ធភាព។
បើតាមលោក ស ខេង ជាលទ្ធផលគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ចំនួនបណ្ដឹងដែលបានទទួលតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ មានប្រមាណ ៣៦៨ ករណីក្នុងនោះ ជនល្មើសបានធ្វើសកម្មភាព នៅក្នុងខេត្តព្រះសីហនុ ច្រើនជាងគេ គឺរហូតដល់ ២៤៩ ករណី។
ក្រុមប្រតិបត្តិការបានធ្វើសកម្មភាពរុករកជនល្មើស នៅតាមបណ្ដាទីតាំងសង្ស័យ តាមសេចក្ដីរាយការណ៍ ដោយបានសង្គ្រោះជនរងគ្រោះចំនួន ៣៦១ នាក់ ក្នុងនោះជនរងគ្រោះដោយអំពើជួញដូរ ៩ ករណីមានមនុស្ស ៥៤ នាក់ មាន ៦ សញ្ជាតិ។ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៤១ នាក់ មាន ៣ សញ្ជាតិ បញ្ចូនទៅតុលាការ។ រឹបអូសភ័ស្តុតាង និងបិទទីតាំងដើម្បីធ្វើការស៊ើបអង្កេត ប្រមូលភ័ស្ថុតាងបន្ថែមទៀត។
លោកថា៖«ក្រៅពីនេះនៅមានជនរងគ្រោះរាប់រយនាក់ទៀត ដែលត្រូវបានសមត្ថកិច្ចរកឃើញបើទោះបីជាអ្នកទាំងនោះមិនមែនរងគ្រោះដោយអំពើជួញដូរក៏ដោយ ក៏ត្រូវបានសមត្ថកិច្ចយើងរំដោះចេញពីទីតាំងដ៏គ្រោះថ្នាក់នាំទៅកាន់ទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការ និងសម្របសម្រួលពីបណ្ដាស្ថានទូតនៃបណ្ដាប្រទេសសាមី ដែលមានការពាក់ព័ន្ធដើម្បី ឱ្យជនរងបានវិលត្រឡប់ទៅកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារវិញដោយសុវត្ថិភាព»។
លោក អំ សំអាត នាយករងអង្គការលីកាដូលើកឡើងថា ដើម្បីកុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម អាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសកម្ពុជាត្រូវមានការតាំងចិត្ត ឆន្ទៈ និងដកខ្លួនពីបញ្ហាពុករលួយ។ លោកថា៖ «បើសិនជារដ្ឋាភិបាលមានការប្ដេជ្ញាចិត្ត រួមនឹងឆន្ទៈពិប្រាកដ ខ្ញុំអាចគិតថា នឹងធ្វើទៅបានក្នុងការលុបបំបាត់ និងទប់ស្កាត់បទឧក្រិដ្ឋកម្មធំៗ ដូចជាការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ហើយមន្ត្រីកម្ពុជាត្រូវហ៊ានអនុវត្តច្បាប់ ដែលមានស្រាប់ទោះបីជនពាក់ព័ន្ធមានតួនាទីជាអ្វីក៏ដោយ សំខាន់ជាងនេះទៀត គឺកុំទទួលសំណូកនៃអំពើពុករលួយ កុំឱ្យកើតមាន»។
របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២២ របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ ២០១៥ មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ក្រោមការឃ្លាំមើលអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៩ មក។
ជាមួយគ្នានេះលោក ស ខេង បានឱ្យដឹងថា មុននឹងឈានដល់ការរៀបចំវេទិកាអន្តរសាសនានេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានធ្វើការស្ទាបស្ទង់មតិចំនួន ១ ១៥៣ នាក់ ក្នុងនោះមានស្រ្ដី ៣៤១ នាក់ នៅ ១៣ រាជធានី ខេត្ត ដោយទទួលបានយោបល់ និងយល់ឃើញថា មូលហេតុដែលនាំឱ្យមានអំពើជួញដូរមនុស្ស មានជាអាទិ៍ ទី១ បន្ទុកគ្រួសារ និងបំណុល ទី២ ខ្វះការយកចិត្តទុកដាក់ពីគ្រួសារ និងសង្គម ទី៣ ខ្វះការសិក្សាអប់រំ ទី៤ ខ្វះការទទួលព័ត៌មានគ្រប់គ្រាន់ ដែលផ្សព្វផ្សាយដោយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា និងទី៥ ការចាញ់ល្បែងស៊ីសង ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង៕