ព្រះសីហនុៈ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ប្រតិបត្តិការ​ចំនួន ០៣ ក្រុម ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ និង​អគារ​ស្នាក់នៅ​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ។​

​ការសម្រេច​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ​គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ចូលរួម​ពី​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​សាលា​ដំបូង​ខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត អភិបាលក្រុង​ស្រុក និង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កាលពី​ថ្ងៃទី ២៨ កញ្ញា។

​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះផ្សាយ​នៅ​ថ្ងៃទី ២៩ កញ្ញា​បានឱ្យ​ដឹងថា ក្រុម​ការងារ​ដែល​ត្រូវបាន​បង្កើត​ឡើង​ទាំង ៣ ក្រុម​នោះ មាន​តួនាទី ត្រូវ​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ និង​អគារ​ស្នាក់នៅ​រួម នៅ​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ។​

​ចុះ​ត្រួតពិនិត្យ​អំពី​ភាពស្របច្បាប់ នៃ​ជនបរទេស និង​ភាពស្របច្បាប់ នៃ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ស្រប​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្តីពី​ការងារ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

​ចុះ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​អាជីវកម្ម បណ្ណ​ប៉ាតង់ និង​ឯកសារ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត​និង​បង្ក្រាប​ករណី​ការ​ជួញដូរ​មនុស្ស ការចាប់​បង្ខាំង​មនុស្ស ការធ្វើ​ទារុណកម្ម​ការបង្ខំ​ឱ្យធ្វើ​ការ ការ​ជំរិត​ទារប្រាក់​ជាដើម​។ល។​

​បន្ថែម​ពីនេះ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ករណី ការផលិត ការជួញដូរ ការ​ចែក​ចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន បង្ក្រាប​ករណី ការ​ជួញដូរ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។​

​រាល់​ការចុះអនុវត្ត​ការងារ​ត្រូវមាន​ការ​សម្របសម្រួល​នីតិវិធី ពី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ត្រូវធ្វើ​កំណត់ហេតុ​រាល់​ការចុះ​ត្រួតពិនិត្យ​ទីតាំង​នីមួយៗ និង​បូកសរុប​លទ្ធផល​ការងារ រាយការណ៍​ជូន​អភិបាល​ខេត្ត។​

​លើសពីនេះ​ក្រុមការងារ ត្រូវ​រៀបចំ​កសាង​សំណុំ​ឯកសារ​ស្របតាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​តុលាការ​ហើយ​ក្រុម​ការងារ​នីមួយៗ​មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី​ក្រោម​ឱវាទ​ទៅតាម​ទំហំ​ការងារ​ជាក់ស្តែង​និង​ត្រូវអនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​ពី​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត៕​