បាត់ដំបងៈ ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ នៃ​ឃុំ​ចំនួន​ពីរ គឺ​ឃុំបួរ និង​ឃុំ​ពេជ្រចិន្ដា ត្រូវ​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ កាលពី​ថ្ងៃទី ២៩ ខែ​កញ្ញា ខណៈ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ភូមិករ និង​ផ្ទះសម្បែង​របស់​ពួកគាត់​។ នេះ​បើតាម​អភិបាល​ស្រុក​ភ្នំព្រឹក។

​លោក សុង សុភ័ក្ត្រ អភិបាលស្រុក​ភ្នំព្រឹក បានដឹង​ឡើង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ ពោលគឺ​ចាប់តាំង​ពី​ថ្ងៃទី ២៧ មក​ដល់​ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២២ នេះ គឺ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង ៣ ថ្ងៃ​ជាប់​គ្នា ទើប​បង្ក​ជា​ជំនន់​ទឹកភ្លៀង​តែម្តង។

​លោក បាន​បន្តទៀតថា រហូតមកដល់​រសៀល​ថ្ងៃទី ២៩ ខែកញ្ញា​នេះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ គឺ​នៅ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ឃុំបួរ​នៃ​ស្រុក​ភ្នំព្រឹក ដែល​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បណ្តាល​ឱ្យមាន​ទឹកជំនន់​រហ័ស​បង្ក​ឱ្យមាន​ការ​លិច​លង់ដល់​លំនៅឋាន និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ផងដែរ។​

​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​ស្ថិត​ក្នុង​ស្រុក​បវេល និង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ២៩ ខែកញ្ញា​នេះ បន្ទាប់​ពី​បាន​ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការ​សាងសង់​ទំនប់​ដូនទ្រី នៃ​ស្រុក​រុក្ខគិរី។

​លោក​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ដល់​កងកម្លាំង និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​សស្រាក់​សស្រាំ​ជួយ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​បាន​ទាន់​ពេលវេលា។

​លោក​ក៏បាន​ជំរុញ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់ ជាពិសេស​ក្នុង​ស្រុក​ខាងលើ​ត្រូវ​បន្ត​តាមដាន​ស្ថានភាព​ទូទៅ​នៃ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន​ខ្លួន​ធ្វើយ៉ាងណា​យកចិត្ត​ទុកដាក់​ការជួយ​បងប្អូន​ដែល​រង​ផល​ប៉ះពាល់ និង​ត្រូវ​ជម្លៀស​ពួកគាត់​ឱ្យទៅ​កាន់​ទីទួល​សុវត្ថិភាព​ឱ្យបាន​លឿន​បាន​ឆាប់​កាន់តែ​ល្អ ចៀសវាង​ការបង្ក​កើតឡើង​ដោយ​គ្រោះថ្នាក់​ផ្សេងៗ និង​ត្រូវ​រាយការណ៍​ពីសភាព​ប្រែប្រួល​ក្នុង​ករណី​កើតឡើង​ជាយថាហេតុ​នៃ​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន៕​